ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេម៉ុស 3 - អាល់គីតាប អាល់គីតាប
អេម៉ុស 3

ពេល​អុលឡោះ​មាន​បន្ទូល ណាពី​ត្រូវ​តែ​ថ្លែង​ប្រាប់​ប្រជា‌ជន

1 ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែលអុលឡោះ‌តាអាឡា មាន​បន្ទូល​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ «យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ជា​ពូជ​អំបូរ ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប។

2 ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែនដី យើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា ប៉ុណ្ណោះ​ទេ ហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។

3 បើ​មនុស្ស​ពីរ​នាក់​មិន​បាន​ព្រម​ព្រៀង​គ្នា ជា​មុន​សិន​ទេ តើ​គេ​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដូច​ម្ដេច​កើត?

4 បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន?

5 បើ​គ្មាន​នុយ​ទាក់‌ទាញ​ទេ តើ​សត្វ​ស្លាប​ហើរ​មក​ជាប់​អន្ទាក់​នៅ​ដី​បាន​ឬ? បើ​គ្មាន​សត្វ​ជាប់​ទេ តើ​ឲ្យ​អន្ទាក់​វាត់​ឡើង​ដូច​ម្ដេច​បាន?

6 បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ តើ​ប្រជា‌ជន​មិន​ជ្រួល‌ច្របល់​ឬ? បើអុលឡោះ‌តាអាឡា​មិន​ដាក់​ទោស​ទេ តើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់ ក្រុង​ណា​មួយ​បាន​ឬ?

7 យ៉ាង​ណា‌មិញ ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ការ​អ្វី​មួយ ទ្រង់​តែង​សំដែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា‌និច្ច។

8 ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល តើ​នរណា​មិន​ថ្លែង​បន្ទូល​នេះ?

ការ​ដាក់​ទោស​ក្រុង​សាម៉ារី

9 ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាស‌ដូឌ និង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា: ចូរ​ទៅ​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារី ដើម្បី​សង្កេត​មើល​អនា‌ធិបតេយ្យ និង​អយុត្តិ‌ធម៌ នៅ​ទី​នោះ។

10 ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេ ពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូស ទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

11 ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់ មាន​បន្ទូល​ថា៖ «ខ្មាំង​សត្រូវ​មក​ដល់​ហើយ! គេ​ឡោម‌ព័ទ្ធ​ស្រុក​គេ​នឹង​រំលំ​កំពែង​ដ៏​រឹង‌មាំ ហើយ​កំទេច​ប្រាសាទ​របស់​អ្នក​ទៀត​ផង»។

12 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី ដែល​ដេក​នៅ​លើ​គ្រែ និង​លើ​កំរាល​ព្រំ ដ៏​មាន​តម្លៃ​ពី​ស្រុក​ស៊ីរី ប្រៀប​បាន​នឹង​ចៀម​ដែល​គង្វាល​ដណ្ដើម យក​ពី​សត្វ​សិង្ហ​វិញ ឃើញ​នៅ​សល់​តែ​ជើង​ពីរ និង​ត្រចៀក​មួយ​ដុំ​តែ​ប៉ុណ្ណោះ។

13 ចូរ​នាំ​គ្នា​ស្ដាប់ ហើយ​យក​ពាក្យ​ព្រមាន​នេះ ទៅ​ប្រាប់​កូន​ចៅ​យ៉ាកកូប​ផង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

14 នៅ​ថ្ងៃ​ដែល​យើង​នឹង​ដាក់​ទោស​អ៊ីស្រ‌អែល ព្រោះ​តែ​បទ​ល្មើស យើង​ក៏​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អាសនៈ​នៅ​បេត‌អែល​ដែរ។ ស្នែង​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​អាសនៈ​នោះ នឹង​ត្រូវ​បាក់​បែក​ធ្លាក់​ដល់​ដី។

15 យើង​នឹង​ធ្វើ​ឲ្យ​ផ្ទះ​រដូវ​រងា និង​ផ្ទះ​រដូវ​ក្ដៅ​រលំ​លើ​គ្នា វិមាន​ដែល​ធ្វើ​ពី​ភ្លុក​ក៏​ត្រូវ​បាក់​បែក រីឯ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​រលំ​អស់​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

© 2014 United Bible Societies, UK.

United Bible Societies