ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេម៉ុស 1 - អាល់គីតាប អាល់គីតាប
អេម៉ុស 1

1 នេះ​ជា​ពាក្យ​របស់​ណាពី​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​គាត់​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រ‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ស្តេច​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រ‌អែល។

2 គាត់​មាន​ប្រសាសន៍​ថា: អុលឡោះ‌តាអាឡា​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ទ្រង់​បន្លឺ​សំឡេង​ពី​ក្រុង​យេរូ‌សាឡឹម វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួត ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត‌ហែង​អស់​ដែរ។

បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ស្រុក​ស៊ីរី

3 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ដាម៉ាស់​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​កិន​កំទេច​អ្នក​ស្រុក​កាឡាដ នឹង​រនាស់​ដែក។

4 ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​វាំង របស់​ស្ដេច​ហាសែល ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ​របស់ ស្ដេច​បេនហា‌ដាដ​ទៀត​ផង។

5 យើង​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស់ យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ឲ្យ​អស់​ពី ជ្រលង​ភ្នំ«ទុច្ចរិត» ព្រម​ទាំង​ទម្លាក់​អ្នក​កាន់​កាប់​អំណាច ឲ្យ​បាត់​អស់​ពី​ក្រុង«សប្បាយ» ហើយ​អ្នក​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ»។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ស្រុក​ភីលី‌ស្ទីន

6 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ចាប់​ប្រជា‌ជន​ទាំង​ភូមិៗ យក​ទៅ​លក់​ឲ្យ​ជន‌ជាតិ​អេដុម។

7 ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ កំពែង​ក្រុង​កាសា ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​នោះ​ផង។

8 យើង​នឹង​ដក​ប្រជា‌ជន​ទាំង​អស់ ចេញ​ពី​ក្រុង​អាស‌ដូឌ ព្រម​ទាំង​ដក​អ្នក​កាន់​កាប់​អំណាច ចេញ​ពី​ក្រុង​អាស្កា‌ឡូន។ យើង​នឹង​ប្រហារ​ក្រុង​អេក្រុន ហើយ​អ្នក​ស្រុក​ភីលី‌ស្ទីន​ដែល​នៅ​សេស‌សល់ នឹង​ត្រូវ​វិនាស» នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ក្រុង​ទីរ៉ុស

9 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ទីរ៉ុស​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​ប្រគល់​ប្រជា‌ជន​ទាំង​ភូមិៗ ឲ្យ​ពួក​អេដុម​កៀរ​យក​ទៅ ដោយ​ឥត​គោរព​សន្ធិ‌សញ្ញា ដែល​ខ្លួន​បាន​ចុះ​ជា​មួយ​អ៊ីស្រ‌អែល​ឡើយ។

10 ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​ឆេះ​កំទេច ប្រាសាទ​របស់​ក្រុង​នោះ​ផង។

បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ស្រុក​អេដុម

11 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ដោយ​អ្នក​ស្រុក​អេដុម​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ដេញ​ប្រហារ​បង​ប្អូន​របស់​ខ្លួន ដោយ​មុខ​ដាវ ឥត​ត្រា​ប្រណី។ ពួក​គេ​គិត​តែ​ពី​បំផ្លាញ តាម​កំហឹង​របស់​ខ្លួន ហើយ​ចង​គំនុំ​ឥត​ឈប់‌ឈរ​ឡើយ។

12 ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ក្រុង​ថេម៉ាន ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​បូសរ៉ា​ផង»។

បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ស្រុក​អាំម៉ូន

13 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ នៅ​ស្រុក​កាឡាដ ដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។

14 ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើង ដុត​កំពែង​ក្រុង​រ៉ាបាត ព្រម​ទាំង​ដុត​កំទេច​ប្រាសាទ​របស់​ក្រុង​នោះ នៅ​ថ្ងៃ​មាន​ចំបាំង មាន​សំរែក​សឹក​សង្គ្រាម និង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។

15 ស្ដេច និង​មេ​ដឹក​នាំ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក» នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

© 2014 United Bible Societies, UK.

United Bible Societies