ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហាបាគុក 3 - អាល់គីតាប អាល់គីតាប
ហាបាគុក 3

ពាក្យ​ទូរអា​របស់​ណាពី​ហាបា‌គុក

1 ពាក្យ​ទូរអា​របស់​ហាបា‌គូក​ជា​ណាពី​នៃ​អុលឡោះ​ ច្រៀង​ជា​ទំនុក​សោក​សង្រេង:

2 ឱអុលឡោះ‌តាអាឡា​អើយ ខ្ញុំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ទ្រង់ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​កោត​ស្ញប់‌ស្ញែង ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ។ សូម​សំដែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ស្នា​ដៃ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ទ្រង់​ខឹង សូម​នឹក​ដល់​ចិត្ត​អាណិត​មេត្តា របស់​ទ្រង់​ផង។

3 អុលឡោះ​មក​ពី​ស្រុក​ថេម៉ាន ម្ចាស់​ដ៏‌វិសុទ្ធ​មក​ពី​ភ្នំ​ប៉ារ៉ាន។ - សម្រាក ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់​ចែង​ចាំង ពាស​ពេញ​ផ្ទៃ​មេឃ ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ទ្រង់។

4 ទ្រង់​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់ មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ដៃ ដែល​បង្កប់​ទុក​នូវ​អំណាច​របស់​ទ្រង់។

5 ទ្រង់​ចាត់​ជំងឺ​អាសន្ន‌រោគ ឲ្យ​ទៅ​ពី​មុខ​ទ្រង់។ ទ្រង់​ទៅ​ទី​ណា ជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។

6 ពេល​ទ្រង់​ឈប់ ផែនដី​កក្រើក។ ពេល​ទ្រង់​មើល ប្រជា‌ជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ប្រេះ​ចេញ​ពី​គ្នា ភ្នំ​តូចៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​តាំង​ពី​ដើម​រៀង​មក ជា​ផ្លូវ​ដែល​ទ្រង់​ធ្លាប់​ឆ្លង​កាត់ ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។

7 ខ្ញុំ​ឃើញ​ជំរំ​របស់​ជន‌ជាតិ​គូសាន រលាយ​សូន្យ ជំរក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។

8 តើអុលឡោះ‌តាអាឡា​ខឹង​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ? តើ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង‌ក្លា ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ? ទ្រង់​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ និង​រទេះ​ចំបាំង ទៅ​វាយ​យក​ជ័យ‌ជំនះ។

9 ទ្រង់​យឹត​ធ្នូ​របស់​ទ្រង់ បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់ ជា​ព្រួញ​របស់​ទ្រង់។ - សម្រាក ទ្រង់​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នា និង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។

10 ភ្នំ​ឃើញ​ទ្រង់ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង ធ្វើ​ឲ្យ​មាន​រលក​ធំៗ។

11 ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច នៃ​លំពែង​របស់​ទ្រង់ ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។

12 ទ្រង់​ដើរ​កាត់​ផែនដី ទាំង​ខឹង ទ្រង់​ជាន់​កំទេច​ប្រជា‌ជាតិ​នានា​ទាំង​ខឹង។

13 ទ្រង់​ចេញ​មក ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ និង​សង្គ្រោះ​ស្ដេច​ដែល​ទ្រង់​បាន​តែង‌តាំង។ ទ្រង់​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់ ទ្រង់​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ ទាំង​អស់​គ្នា។ - សម្រាក

14 ទ្រង់​ប្រើ​ព្រួញ​របស់​ពួក​គេ ទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះ មក​កំទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុគ៌ត។

15 ទ្រង់​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ទ្រង់ នៅ​ក្នុង​ទឹក​សមុទ្រ ដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។

16 ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កំរើក ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន លើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។

17 ដើម​ឧទុម្ពរ​លែង​ផ្កា ទំពាំង‌បាយ​ជូរ​លែង​មាន​ផ្លែ ដើម​អូលីវ​លែង​ផ្តល់​ប្រេង ស្រែ​ចម្ការ​លែង​ផ្តល់​ភោគ‌ផល​ជា​អាហារ លែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅ ហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។

18 រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ ហើយ​មាន​អំណរ​ដ៏​លើស‌លប់ ដោយ​អុលឡោះ​សង្គ្រោះ​ខ្ញុំ។

19 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​ជា​កម្លាំង​របស់​ខ្ញុំ ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។ ទំនុក​របស់​គ្រូ​ចំរៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ។

© 2014 United Bible Societies, UK.

United Bible Societies