1 អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។ 2 មនុស្សខ្លៅមិនចូលចិត្តការយល់ដឹងទេ គឺគិតតែចង់បញ្ចេញគំនិតខ្លួនវិញ។ 3 ការអាក្រក់មាននៅទីណា ការប្រមាថក៏មាននៅទីនោះ ហើយទីណាមានការមាក់ងាយ ទីនោះក៏មានការអាម៉ាស់មុខដែរ។ 4 សំដីរបស់មនុស្សមានជម្រៅដូចបាតសមុទ្រ ប្រភពនៃប្រាជ្ញាប្រៀបដូចជាទឹកជ្រោះ ដែលហូរចេញមកយ៉ាងខ្លាំង។ 5 អត់អោនឲ្យមនុស្សពាល ហើយមិនរកយុត្តិធម៌ឲ្យមនុស្សសុចរិត ជាការមិនល្អទេ។ 6 សំដីរបស់មនុស្សខ្លៅបណ្ដាលឲ្យមានការឈ្លោះប្រកែកគ្នា ពេលណាអ្នកនោះនិយាយរមែងធ្វើឲ្យមានការវាយតប់គ្នា។ 7 មាត់របស់មនុស្សខ្លៅរមែងធ្វើឲ្យខ្លួនវិនាស ហើយពាក្យសំដីរបស់អ្នកនោះ ជាអន្ទាក់សម្រាប់ដាក់ខ្លួនឯង។ 8 ពាក្យសំដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ក្នុងចិត្ត។ 9 អ្នកធ្វេសប្រហែសក្នុងការងារ និងអ្នកបំផ្លាញការងារ ជាបងប្អូននឹងគ្នា។ 10 នាមរបស់អុលឡោះតាអាឡាជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។ 11 រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយ ដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេឲ្យបានសុខ។ 12 ចិត្តអំនួតរមែងនាំឲ្យអន្តរាយ។ មុននឹងទទួលកិត្តិយសតោងដាក់ខ្លួនជាមុនសិន។ 13 អ្នកណាប្រញាប់ឆ្លើយមុននឹងស្ដាប់ អ្នកនោះជាមនុស្សល្ងង់ ហើយត្រូវបាក់មុខ។ 14 ចិត្តចង់រស់ជួយគាំទ្រមនុស្សក្នុងគ្រាមានជំងឺ តែបើបាត់ទឹកចិត្តវិញ គ្មានអ្វីជួយបានឡើយ។ 15 មនុស្សឈ្លាសវៃរមែងរកបានចំណេះ រីឯមនុស្សមានប្រាជ្ញាតែងតែស្ដាប់ ដើម្បីស្វែងរកចំណេះ។ 16 ជំនូនអាចបើកផ្លូវឲ្យមនុស្សចូលទៅជិតអ្នកធំបាន។ 17 ដើមចោទតែងតែយល់ថា ក្ដីរបស់ខ្លួនត្រឹមត្រូវ លុះចុងចោទមកដល់ គេឲ្យដើមចោទនោះបង្ហាញភស្ដុតាង។ 18 ការស្បថស្បែអាចបញ្ឈប់ជំលោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។ 19 ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយកទីក្រុងមួយ ដែលមានកំពែងរឹងមាំទៅទៀត។ រីឯជំលោះប្រៀបបាននឹងរនុកទ្វារដែកមួយ។ 20 មនុស្សអាចរកអាហារបាន ដោយសារពាក្យសំដី ហើយអ្វីៗដែលគេនិយាយធ្វើឲ្យគេអាចចិញ្ចឹមជីវិតបាន។ 21 ស្លាប់ ឬរស់ ព្រោះតែសំដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសំដីរបស់ខ្លួន។ 22 អ្នកណារកបានប្រពន្ធ ក៏ដូចជារកឃើញសុភមង្គល ដែលជាអំណោយទានមកពីអុលឡោះតាអាឡាដែរ។ 23 ជនក្រីក្រតែងតែពោលពាក្យអង្វរករ រីឯអ្នកមានឆ្លើយតបទាំងគំរោះគំរើយ។ 24 អ្នកណាមានមិត្តភក្ដិច្រើន អ្នកនោះអាចកើតទុក្ខច្រើន តែមានមិត្តភក្ដិម្នាក់ស្មោះត្រង់លើសបងប្អូនបង្កើតទៅទៀត។ |
© 2014 United Bible Societies, UK.
United Bible Societies