1 មនុស្សគិតគូរគម្រោងការរបស់ខ្លួន តែការសម្រេចស្ថិតនៅលើអុលឡោះតាអាឡា។ 2 មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែ អុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។ 3 ចូរជូនកិច្ចការដែលអ្នកធ្វើទៅអុលឡោះតាអាឡា នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។ 4 អ្វីៗដែលអុលឡោះតាអាឡាធ្វើសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ក៏ទ្រង់បានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្ម នៅថ្ងៃទ្រង់វិនិច្ឆ័យទោសដែរ។ 5 អុលឡោះតាអាឡាមិនពេញចិត្តនឹងមនុស្សវាយឫកខ្ពស់ទេ ទ្រង់ពិតជាដាក់ទោសគេមិនខាន។ 6 អុលឡោះលើកលែងទោសឲ្យអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់។ អ្នកគោរពកោតខ្លាចអុលឡោះតាអាឡារមែងចៀសផុតពីអំពើបាប។ 7 កាលណាអុលឡោះតាអាឡាពេញចិត្តនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ទ្រង់ផ្សះផ្សាឲ្យជានាគ្នាវិញដែរ។ 8 រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។ 9 មនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរ តែអុលឡោះតាអាឡាជាអ្នកណែនាំផ្លូវ។ 10 ស្ដេចតែងតែមានប្រសាសន៍ក្នុងនាមអុលឡោះគាត់ជំនុំជម្រះក្ដីដោយឥតលំអៀង។ 11 ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ចិត្តរបស់អុលឡោះតាអាឡា ហើយទ្រង់ក៏ពេញចិត្តនឹងការលក់ដូរទៀងត្រង់ដែរ។ 12 ស្ដេចមិនត្រូវប្រព្រឹត្តអំពើអាក្រក់ទេ ដ្បិតរាជសម្បត្តិអាចរឹងមាំបាន ដោយសារសេចក្ដីសុចរិត។ 13 ស្ដេចពេញចិត្តនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។ 14 កំហឹងរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។ 15 មុខរីករាយរបស់ស្ដេចរមែងផ្ដល់ជីវិត ហើយចិត្តសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។ 16 ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស ស្វែងរកការចេះដឹងប្រសើរជាងរកប្រាក់។ 17 ផ្លូវរបស់មនុស្សទៀងត្រង់ស្ថិតនៅឆ្ងាយពីអំពើអាក្រក់ អ្នកណាចេះប្រយ័ត្នខ្លួន អ្នកនោះចេះរក្សាជីវិត។ 18 អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។ 19 ដាក់ខ្លួនរស់នៅជាមួយជនក្រីក្រ ប្រសើរជាងចែកជយភ័ណ្ឌជាមួយមនុស្សអួតអាង។ 20 អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ អ្នកនោះរមែងចំរុងចំរើន រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡារមែងមានសុភមង្គល។ 21 មនុស្សដែលចេះគិតពិចារណាជាមនុស្សឈ្លាសវៃ រីឯអ្នកដែលចេះនិយាយទន់ភ្លន់ រមែងធ្វើឲ្យគេទុកចិត្ត។ 22 សុភនិច្ឆ័យប្រៀបដូចជាប្រភពនៃជីវិតសម្រាប់អ្នកចេះគិតគូរ រីឯជនល្ងង់ខ្លៅត្រូវទទួលទោស ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។ 23 មនុស្សដែលចេះពិចារណារមែងរិះគិតមុននឹងនិយាយ ហើយអ្វីៗដែលអ្នកនោះនិយាយ រមែងធ្វើឲ្យគេទុកចិត្ត។ 24 សំដីទន់ភ្លន់ប្រៀបបាននឹងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត ហើយផ្ដល់សុខភាពល្អ។ 25 មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។ 26 ការអត់ឃ្លានបង្ខំឲ្យមនុស្សធ្វើការ ដ្បិតក្រពះគេទាមទារ។ 27 មនុស្សចោលម្សៀតគិតតែពីប្រព្រឹត្តអំពើអាក្រក់ អណ្ដាតរបស់គេប្រៀបដូចជាភ្លើងឆេះបំផ្លាញ។ 28 មនុស្សទុយ៌សរមែងបង្កជំលោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។ 29 មនុស្សឃោរឃៅតែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន ដើម្បីនាំគេឲ្យដើរក្នុងផ្លូវអាក្រក់។ 30 អ្នកណាបិទភ្នែក ហើយខាំបបូរមាត់ អ្នកនោះក៏ដូចជាបានប្រព្រឹត្តអំពើអាក្រក់ ដែលខ្លួនគ្រោងទុករួចហើយ។ 31 សក់ស្កូវជាមកុដដ៏រុងរឿង មានតែមនុស្សសុចរិតទេ ដែលទទួលមកុដនេះ។ 32 មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស រីឯមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។ 33 មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺអុលឡោះតាអាឡាទេ ដែលសម្រេចអ្វីៗទាំងអស់។ |
© 2014 United Bible Societies, UK.
United Bible Societies