ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សាការី 10 - អាល់គីតាប អាល់គីតាប
សាការី 10

មាន​តែ​អុលឡោះ‌តាអាឡា​ប៉ុណ្ណោះ​ដែល​សង្គ្រោះ​អ៊ីស្រ‌អែល

1 ចូរ​ទូរអា​សូមអុលឡោះ‌តាអាឡា​ប្រទាន ទឹក​ភ្លៀង​មក​អ្នក​រាល់​គ្នា នៅ​ចុង​រដូវ! អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ ទ្រង់​ប្រទាន​ទឹក​ភ្លៀង​មក​យ៉ាង​បរិបូណ៌ ទ្រង់​ធ្វើ​ឲ្យ​ដំណាំ​លូត​លាស់ នៅ​តាម​ចម្ការ​របស់​អ្នក​រាល់​គ្នា។

2 រីឯ​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​អ្នក​រាល់​គ្នា​ទៅ​សាក​សួរ ផ្ដល់​តែ​ចម្លើយ​បោក​បញ្ឆោត​ប៉ុណ្ណោះ ពួក​ហោរា​ថ្លែង​អំពី​និមិត្ត‌ហេតុ​ក្លែង‌ក្លាយ សុបិន‌និមិត្ត​របស់​ពួក​គេ​សុទ្ធ​តែ​គ្មាន​ខ្លឹមសារ ពាក្យ​លើក​ទឹក​ចិត្ត​របស់​ពួក​គេ ក៏​ឥត​បាន​ការ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ត្រូវ​វេទនា វង្វេង​ខ្ចាត់‌ខ្ចាយ​ដូច​ហ្វូង​ចៀម គ្មាន​អ្នក​គង្វាល។

3 «យើង​ខឹង​នឹង​ពួក​គង្វាល​ខ្លាំង​ណាស់ យើង​នឹង​ដាក់​ទោស​ជន​បរទេស​ដែល​ដឹក​នាំ ប្រជា‌រាស្ត្រ​របស់​យើង»។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​មក​រំដោះ កូន​ចៅ​យូដា​ដែល​ជា​ហ្វូង​ចៀម​របស់​ទ្រង់។ ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ ទទួល​កិត្តិយស ដូច​សេះ​ចំបាំង​ដ៏​ចំណាន។

4 មេ​ដឹក​នាំ​ទាំង​អស់​នឹង​កើត​ចេញ ពី​កុល‌សម្ព័ន្ធ​យូដា ពួក​គេ​រឹង‌មាំ​ដូច​ថ្ម​គ្រឹះ​ដ៏​សំខាន់ រឹង‌ប៉ឹង​ដូច​ចម្រឹង និង​ពូកែ​ដូច​ធ្នូ​ចំបាំង។

5 ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច ដែល​ជាន់​ឈ្លី​បច្ចា‌មិត្ត​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ ពួក​គេ​វាយ​សំរុក​ទៅ​លើ​ខ្មាំង ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​គេ។ រីឯ​ទ័ព​សេះ​របស់​ខ្មាំង​សត្រូវ នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។

6 «យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដា យើង​នឹង​សង្គ្រោះ​កូន​ចៅ​យូសុះ យើង​នឹង​ស្ដារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ដ្បិត​យើង​នឹង​អាណិត‌អាសូរ​ពួក​គេ។ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជា‌ជន ដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ យើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។

7 អេប្រាអ៊ីម​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច ពួក​គេ​មាន​ចិត្ត​សប្បាយ ដូច​បាន​ស្រា​ផឹក។ ពេល​ឃើញ​ដូច្នេះ កូន​ចៅ​របស់​ពួក​គេ​នឹង​មាន​ចិត្ត​ត្រេក‌អរ ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ព្រោះ​តែអុលឡោះ‌តាអាឡា។

8 យើង​នឹង​ហៅ​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​មក​ជួប‌ជុំ​គ្នា ដ្បិត​យើង​បាន​រំដោះ​ពួក​គេ។ ពួក​គេ​នឹង​កើន​ចំនួន​ច្រើន​ឡើង​ដូច​ពី​ដើម។

9 យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ពេល​នៅ​ឆ្ងាយ ពួក​គេ​នឹង​នឹក​ដល់​យើង ពួក​គេ​នឹង​បង្កើត​កូន​ចៅ ហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ។

10 យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីប យើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរី យើង​នឹង​នាំ​ពួក​គេ​ទៅ​នៅ ស្រុក​កាឡាដ និង​ស្រុក​លីបង់ រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។

11 ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។

12 យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

© 2014 United Bible Societies, UK.

United Bible Societies