ចំរៀងជោគជ័យ និងវិវាហមង្គលការរបស់កូនចៀម1 បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «ចូរសរសើរតម្កើងអុលឡោះ! សូមលើកតម្កើងអុលឡោះជាម្ចាស់នៃយើង ទ្រង់សង្គ្រោះយើង ទ្រង់ប្រកបដោយសិរីរុងរឿង និងអំណាច 2 ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌។ ទ្រង់បានវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ទ្រង់បានដាក់ទោសស្ដ្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ទ្រង់»។ 3 មហាជនទាំងនោះពោលម្ដងទៀតថា៖ «ចូរសរសើរតម្កើងអុលឡោះ! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។ 4 ពួកអះលីជំអះទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំអុលឡោះដែលនៅលើបល្ល័ង្កទាំងពោលថា៖ «អាម៉ីន! ចូរសរសើរតម្កើងអុលឡោះ!»។ 5 មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបម្រើអុលឡោះ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចទ្រង់ទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងអុលឡោះជាម្ចាស់នៃយើង!»។ 6 ពេលនោះខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ចូរសរសើរតម្កើងអុលឡោះ! ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ទ្រង់បានតាំងរាជ្យរបស់ទ្រង់ហើយ 7 យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឲ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងទ្រង់ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ 8 ទ្រង់ប្រទានឲ្យនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះ គឺជាអំពើសុចរិតផ្សេងៗដែលប្រជាជនដ៏បរិសុទ្ធបានប្រព្រឹត្ដ»។ 9 ម៉ាឡាអ៊ីកាត់ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលអុលឡោះបានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!»។ បន្ទាប់មក ម៉ាឡាអ៊ីកាត់ប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាបន្ទូលរបស់អុលឡោះមែន»។ 10 ខ្ញុំក៏ក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់នោះបម្រុងនឹងថ្វាយបង្គំគាត់ ប៉ុន្ដែ គាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនអ្នកដែលជឿលើសក្ខីភាពរបស់អ៊ីសាដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ! ដ្បិតសក្ខីភាពរបស់អ៊ីសា គឺវិញ្ញាណដែលថ្លែងបន្ទូលក្នុងនាមអុលឡោះ»។ ជ័យជំនះរបស់អាល់ម៉ាហ្សៀសលើសត្វតិរច្ឆាន និងលើណាពីក្លែងក្លាយ11 បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ គាត់ដែលនៅលើសេះនោះ មាននាមថា «ស្មោះត្រង់ហើយពិតប្រាកដ» គាត់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្ដិធម៌។ 12 គាត់មានភ្នែកដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើន នៅលើក្បាលផង។ នៅលើរូបកាយគាត់មានសរសេរឈ្មោះមួយ ក្រៅពីគាត់ គ្មាននរណាស្គាល់ឈ្មោះនោះឡើយ 13 គាត់មានសម្លៀកបំពាក់ទទឹកឈាមជោក។ គាត់មានឈ្មោះថា «បន្ទូលរបស់អុលឡោះ»។ 14 កងទ័ពនៅសូរ៉កានាំគ្នាជិះសេះ ស មកតាមគាត់ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និងបរិសុទ្ធ។ 15 មានដាវមួយយ៉ាងមុតចេញពីមាត់របស់គាត់ មកប្រហារជាតិសាសន៍ទាំងឡាយគាត់នឹងកាន់ដំបងដែកដឹកនាំគេ ហើយគាត់ជាន់ទំពាំងបាយជូរនៅក្នុងធុងឲ្យចេញជាស្រានៃកំហឹងដ៏ខ្លាំងក្លារបស់អុលឡោះ ដ៏មានអំណាចលើអ្វីៗទាំងអស់។ 16 នៅលើអាវ និងលើភ្លៅរបស់គាត់ មានសរសេរឈ្មោះថា «ស្តេចលើស្តេចនានា និងអម្ចាស់លើអម្ចាស់នានា»។ 17 ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ឈរនៅក្នុងព្រះអាទិត្យ។ ម៉ាឡាអ៊ីកាត់នោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាសវេហាស៍ថា៖ «ចូរនាំគ្នាមក! ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់លៀងដ៏មហោឡារឹករបស់អុលឡោះ 18 ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ គឺ ទាំងអ្នកជា ទាំងអ្នកងារ ទាំងអ្នកតូច ទាំងអ្នកធំ»។ 19 ខ្ញុំឃើញសត្វតិរច្ឆាន និងពួកស្ដេចនានានៅលើផែនដី ព្រមទាំងកងទ័ពរបស់គេប្រមូលគ្នាមកច្បាំងនឹងគាត់ ដែលនៅលើសេះ និងកងទ័ពរបស់គាត់។ 20 សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។ 21 រីឯអ្នកឯទៀតៗក៏បានស្លាប់ដោយដាវចេញមកពីមាត់របស់គាត់ដែលនៅលើសេះ ហើយសត្វស្លាបទាំងប៉ុន្មានក៏បានស៊ីសាច់ពួកគេឆ្អែតរៀងៗខ្លួន។ |
© 2014 United Bible Societies, UK.
United Bible Societies