ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លេវី‌វិន័យ 20 - អាល់គីតាប អាល់គីតាប
លេវី‌វិន័យ 20

ទោស​សម្រាប់​បទ​ឧក្រិដ្ឋ​ផ្សេងៗ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ដូច​ត​ទៅ៖

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល ឬ​ក្នុង​ចំណោម​ជន​បរ‌ទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល បើ​នរណា​ម្នាក់​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​ឲ្យ​គេ​បូជា សែន​ព្រះ‌ម៉ូឡុក អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​នោះ។

3 រីឯ​យើង យើង​នឹង​ដាក់​ទោស​បុរស​នោះ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​គេ​បាន​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​ឲ្យ​ព្រះ‌ម៉ូឡុក ជា​ហេតុ​បណ្តាល​ឲ្យ​ទី​សក្ការៈ​របស់​យើង​ទៅ​ជា​សៅ‌ហ្មង ហើយ​បង្អាប់​បង្អោន​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត​ផង។

4 ប្រសិន​បើ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ធ្វើ​មិន​ដឹង​មិន​ឮ អំពី​រឿង​បុរស​ដែល​ប្រគល់​កូន​ចៅ​ទៅ​ឲ្យ​ព្រះ‌ម៉ូឡុក គឺ​ពួក​គេ​មិន​ព្រម​សម្លាប់​បុរស​នោះ​ទេ

5 យើង​នឹង​ដាក់​ទោស​បុរស​នោះ ព្រម​ទាំង​អំបូរ​របស់​គេ​ផង។ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ហើយ​យើង​ក៏​ដក​អស់​អ្នក​ដែល​ក្បត់​យើង ទៅ​គោរព​ព្រះ‌ម៉ូឡុក ដូច​អ្នក​នោះ​ដែរ។

6 ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្បត់​យើង ដោយ​បែរ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទាយ​ជោគ​រាសី​យើង​នឹង​ដាក់​ទោស​អ្នក​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

7 អ្នក​រាល់​គ្នា​ត្រូវ​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ប្រជា‌ជន​បរិសុទ្ធ ព្រោះ​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

8 ត្រូវ​កាន់ និង​អនុវត្ត​តាម​ហ៊ូកុំ​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​បរិសុទ្ធ។

9 អ្នក​ដែល​ជេរ​ប្រមាថ​ឪពុក‌ម្តាយ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​នោះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន ព្រោះ​បាន​ជេរ​ប្រមាថ​ឪពុក‌ម្តាយ។

10 ប្រសិន​បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ស្ត្រី​ដែល​មាន​ប្ដី​ហើយ អ្នក​នោះ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ។ បុរស និង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច្នេះ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

11 ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន គឺ​បន្ថោក​កិត្តិយស​ឪពុក​បុរស និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

12 ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​កូន​ប្រសារ​ស្រី​របស់​ខ្លួន អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

13 ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​បុរស​ម្នាក់​ទៀត ដូច​គេ​រួម​ដំណេក​ជា​មួយ​ស្ត្រី អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​អំពើ​មួយ​គួរ​ស្អប់​ខ្ពើម​បំផុត គេ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

14 ប្រសិន​បើ​បុរស​ម្នាក់​យក​ស្ត្រី​ពីរ​នាក់​ទាំង​ម្តាយ ទាំង​កូនស្រី​មក​ធ្វើ​ជា​ប្រពន្ធ គឺ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប។ ត្រូវ​យក​ជន​នោះ និង​ស្រី​ទាំង​ពីរ​ទៅ​ដុត ដើម្បី​បំបាត់​អំពើ​ដ៏​ថោក​ទាប​នេះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

15 ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​សត្វ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​សត្វ​ក៏​ត្រូវ​សម្លាប់​ចោល​ដែរ។

16 ប្រសិន​បើ​ស្ត្រី​ម្នាក់​ទៅ​រួម‌រ័ក​ជា​មួយ​សត្វ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​នោះ ទាំង​សត្វ។ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

17 ប្រសិន​បើ​បុរស​ម្នាក់​យក​ប្អូន​ស្រី ឬ​បង​ស្រី​របស់​ខ្លួន​មក​ធ្វើ​ជា​ប្រពន្ធ ទោះ​បី​នាង​ជា​បង​ប្អូន​ឪពុក​តែ​មួយ ឬ​បង​ប្អូន​ពោះ​មួយ​ក្តី ប្រសិន​បើ​អ្នក​ទាំង​ពីរ​រួម‌រ័ក​ជា​មួយ​គ្នា គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់​បំផុត។ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ បុរស​ដែល​រួម‌រ័ក​ជា​មួយ​ប្អូន​ស្រី ឬ​បង​ស្រី​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។

18 ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​ស្ត្រី​ដែល​កំពុង​មាន​រដូវ ប្រសិន​បើ​អ្នក​នោះ​ឃើញ​ឈាម​នាង​ហូរ ហើយ​នាង​ក៏​បង្ហាញ​ឈាម​របស់​ខ្លួន​ហូរ​ដែរ នោះ​ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

19 មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្តាយ​អ្នក ហើយ​ក៏​មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ដែរ។ អ្នក​ដែល​រួម‌រ័ក​ជា​មួយ​សាច់​ញាតិ​ដ៏​ជិត​ដិត​របស់​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។

20 ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​ប្រពន្ធ​ឪពុក​មា​របស់​ខ្លួន អ្នក​នោះ​បន្ថោក​កិត្តិយស​ឪពុក​មា​របស់​ខ្លួន។ អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ស្លាប់​ទាំង​គ្មាន​កូន។

21 ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​បងថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​ខ្លួន គឺ​ជា​អំពើ​មួយ​ដ៏​សៅ‌ហ្មង អ្នក​នោះ​បន្ថោក​កិត្តិ‌យស​បង​ប្អូន​របស់​ខ្លួន ហើយ​គេ​នឹង​គ្មាន​កូន​ឡើយ។

22 ចូរ​កាន់​តាម​ហ៊ូកុំ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង​ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ទៀត​ផង។ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ទឹក​ដី​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ។

23 ចូរ​កុំ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ប្រជាជាតិ​នា​នា ដែល​យើង​នឹង​ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​ស្អប់​ខ្ពើម ព្រោះ​តែ​អំពើ​ទាំង​នេះ។

24 យើង​បាន​ប្រាប់ អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​កាន់​កាប់​ស្រុក​របស់​ពួក​គេ យើង​ប្រគល់​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​កម្ម‌សិទ្ធិ គឺ​ជា​ស្រុក​ដ៏​សម្បូរ​សប្បាយ។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ។

25 អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សម្គាល់​មើល​សត្វ​ហាឡាល់ និង​សត្វ​មិន​ហាឡាល់​បក្សា​បក្សី​ហាឡាល់ និង​បក្សា​បក្សី​មិន​ហាឡាល់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​មនុស្ស​អាស្រូវ ព្រោះ​តែ​សត្វ​ជើង​បួន សត្វ​ស្លាប និង​សត្វ​លូន​វារ​ដែល​យើង​ចាត់​ទុក​ជា​សត្វ​មិន​ហាឡាល់​សម្រាប់​អ្នក​រាល់​គ្នា។

26 អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៍​វិសុទ្ធ។ យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ជាតិ​សាសន៍​នានា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។

27 ប្រសិន​បើ​បុរស ឬ​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច ឬ​ទស្សន៍​ទាយ​ជោគ​រាសី​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ចូរ​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​គេ ហើយ​ពួក​គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន»។

© 2014 United Bible Societies, UK.

United Bible Societies