ការបែងចែកទឹកដីខាងលិចទន្លេយ័រដាន់1 ជនជាតិអ៊ីស្រអែលបានទទួលទឹកដីស្រុកកាណាន ដែលអ៊ីមុាំអេឡាសារ និងយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានាបែងចែកឲ្យជាមត៌កដូចតទៅនេះ 2 គឺកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៀតបានទទួលទឹកដីជាមត៌កដោយចាប់ឆ្នោត ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកតាមរយៈម៉ូសា 3 ដ្បិតកាលពីមុន ម៉ូសាចែកទឹកដីឲ្យកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែគាត់ពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។ 4 គេចាត់ទុកកូនចៅយូសុះ ជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធលេវីពុំបានទទួលទឹកដីទេ គឺពួកគេទទួលតែកន្លែងសម្រាប់ស្នាក់អាស្រ័យនៅតាមក្រុងនានា ព្រមទាំងដីធ្លីសម្រាប់សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។ 5 ជនជាតិអ៊ីស្រអែលនាំគ្នាបែងចែកស្រុកនោះ ស្របតាមបន្ទូលដែលអុលឡោះតាអាឡា បង្គាប់មកម៉ូសា។ លោកកាលែបទទួលទឹកដីហេប្រូន6 កូនចៅយូដាបាននាំគ្នាមកជួបយ៉ូស្វេនៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស និយាយមកកាន់យ៉ូស្វេថា៖ «អ្នកជ្រាបស្រាប់ហើយ នូវបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា អ្នកជំនិតរបស់ទ្រង់ នៅស្រុកកាដេស-បារនា ស្តីអំពីយើងទាំងពីរ គឺអ្នក និងខ្ញុំ។ 7 កាលនោះ ខ្ញុំមានអាយុសែសិបឆ្នាំ ម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានចាត់ខ្ញុំពីកាដេស-បារនាឲ្យមកស៊ើបការណ៍នៅស្រុកនេះ។ ខ្ញុំក៏បានធ្វើសេចក្តីរាយការណ៍ជូនទៅគាត់វិញ ដោយស្មោះត្រង់។ 8 បងប្អូនដែលបានឡើងមកស៊ើបការណ៍ជាមួយខ្ញុំ នាំគ្នាធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត។ ចំណែកឯខ្ញុំវិញ ខ្ញុំបានប្រព្រឹត្តតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។ 9 នៅថ្ងៃនោះ ម៉ូសាបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយខ្ញុំថា កូនចៅរបស់ខ្ញុំ ព្រមទាំងខ្ញុំ នឹងទទួលទឹកដីដែលខ្ញុំឈានជើងជាន់នេះទុកជាមត៌ក រហូតតទៅ ព្រោះខ្ញុំបានប្រព្រឹត្តតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំយ៉ាងស្មោះអស់ពីចិត្ត។ 10 អុលឡោះតាអាឡាមានបន្ទូលនេះមកម៉ូសាកាលពីសែសិបប្រាំឆ្នាំមុន គឺនៅគ្រាដែលជនជាតិអ៊ីស្រអែលឆ្លងកាត់វាលរហោស្ថាន។ អុលឡោះតាអាឡាបានទុកជីវិតឲ្យខ្ញុំនៅរស់ ស្របតាមបន្ទូលរបស់ទ្រង់ ឥឡូវនេះ ខ្ញុំមានអាយុប៉ែតសិបប្រាំឆ្នាំហើយ។ 11 សព្វថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំងដូចថ្ងៃ ដែលម៉ូសាបានចាត់ខ្ញុំឲ្យទៅនោះដែរ។ ខ្ញុំនៅតែមានកម្លាំងដូចមុន ល្មមនឹងចេញទៅប្រយុទ្ធ ឬធ្វើការអ្វីផ្សេងទៀត។ 12 សូមប្រគល់ស្រុកភ្នំមកឲ្យខ្ញុំ ដ្បិតនៅគ្រានោះ អុលឡោះតាអាឡាបានសន្យាថា នឹងប្រទានមកខ្ញុំ។ នៅថ្ងៃដដែលនោះ ខ្ញុំបានជម្រាបលោកស្រាប់ហើយថា មានជនជាតិអាណាក់រស់នៅទីនោះ ក្រុងរបស់គេជាក្រុងធំៗ ដែលមានកំពែងយ៉ាងមាំ។ ប្រសិនបើអុលឡោះតាអាឡានៅជាមួយខ្ញុំ ខ្ញុំមុខជាវាយយកក្រុងទាំងនោះពីកណ្តាប់ដៃរបស់ពួកគេមិនខាន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់»។ 13 យ៉ូស្វេក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនគាត់ ទុកជាមត៌ក។ 14 ក្រុងហេប្រូននៅជាកម្មសិទ្ធិរបស់កូនចៅកាលែប ជាកូនលោកយេភូនេ ក្នុងអំបូរកេណាស រហូតដល់សព្វថ្ងៃនេះ ព្រោះគាត់បានប្រព្រឹត្តតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដោយស្មោះអស់ពីចិត្ត។ 15 កាលពីដើម ក្រុងហេប្រូនមានឈ្មោះថា គារយ៉ាត-អើបា។ លោកអើបាជាបុរសម្នាក់ដែលមានមាឌធំជាងគេ ក្នុងចំណោមជនជាតិអាណាក់។ ចាប់ពីពេលនោះមក ស្រុកទេសក៏បានសុខសាន្តត្រាណ គ្មានសង្គ្រាមទៀតឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies