ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 28 - អាល់គីតាប អាល់គីតាប
យ៉ូប 28

អាថ៌‌កំបាំង​នៃ​ប្រាជ្ញា

1 មាន​អណ្ដូង​រ៉ែ​សម្រាប់​ជីក​យក​ប្រាក់ ហើយ​ក៏​មាន​កន្លែង​បន្សុទ្ធ​មាស​ដែរ។

2 គេ​យក​ដែក​ចេញ​ពី​ដី ហើយ​យក​លង្ហិន​ចេញ​ពី​ថ្ម។

3 មនុស្ស​ចុះ​រហូត​ទៅ​ដល់​ទី​ងងឹត ជីក​រក​ថ្ម ដែល​កប់​នៅ​បាត​ដី​ក្នុង​ទី​ងងឹត​អន្ធការ។

4 គេ​ជីក​អណ្ដូង​រ៉ែ​ឆ្ងាយ​ពី​កន្លែង​មនុស្ស​រស់​នៅ មនុស្ស​ដើរ​ខាង​លើ​ក៏​មិន​ដឹង គេ​សំរូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្ដូង​រ៉ែ ហើយ​យោល​ចុះ​យោល​ឡើង​នៅ​ទី​នោះ ឆ្ងាយ​ពី​ស្រុក​ភូមិ។

5 ដី​តែងតែ​ផ្ដល់​អាហារ​ដល់​មនុស្ស តែ​នៅ​ខាង​ក្រោម ដូច​ជា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់។

6 គេ​រក​ឃើញ​ត្បូង​នៅ​ជា​មួយ​ថ្ម​ក្នុង​ដី ហើយ​រក​បាន​មាស​ក្នុង​ធូលី​ដី។

7 សត្វ​ត្មាត​មិន​ស្គាល់​ច្រក​ចូល​ទៅ ក្នុង​អណ្ដូង​រ៉ែ​នោះ​ទេ ហើយ​សត្វ​រអាត​ក៏​មើល​មិន​ឃើញ​ដែរ។

8 សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេ សត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។

9 មនុស្ស​ជីក​យក​ថ្ម​ដ៏​រឹង ហើយ​រំលើង​ភ្នំ​រហូត​ដល់​ឫស​របស់​វា។

10 គេ​ចោះ​រូង​នៅ​ក្នុង​ថ្ម‌ដា ហើយ​ឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។

11 គេ​ទប់​ប្រភព​ទឹក​ឲ្យ​រីង​ស្ងួត ហើយ​នាំ​យក​អ្វីៗ​ដែល​លាក់​កំបាំង មក​ដាក់​ក្រោម​ពន្លឺ។

12 រីឯ​ប្រាជ្ញា​វិញ តើ​គេ​អាច​រក​បាន​នៅ​ឯ​ណា? តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?

13 មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេ ហើយ​ប្រាជ្ញា​ក៏​មិន​ស្ថិត​នៅ​លើ​ផែនដី​ដែរ។

14 ទី​ជម្រៅ​ពោល​ថា “ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ” មហា​សមុទ្រ​ពោល​ថា “ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ”

15 គេ​មិន​អាច​យក​មាស​សុទ្ធ​ទៅ​ដូរ​យក​ប្រាជ្ញា ហើយ​យក​ប្រាក់​ទៅ​ទិញ​ប្រាជ្ញា​បាន​ទេ។

16 គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយ កែវ‌មរកត ពេជ្រ ឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។

17 គ្មាន​មាស ឬ​ពេជ្រ​ណា​ផ្ទឹម​ស្មើ​នឹង​ប្រាជ្ញា​ទេ ហើយ​គេ​ក៏​មិន​អាច​យក​ប្រាជ្ញា​ទៅ​ដូរ​ជា​មួយ ភាជន៍​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។

18 ផ្កា​ថ្ម និង​គជ់ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បាន ហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មាន កែវ‌មុក្ដា​ទៅ​ទៀត។

19 ត្បូង​ជម្ពូ‌រ័ត្ន​ពី​ស្រុក​អេត្យូ‌ពី​ក៏​មិន​អាច​ប្រដូច ទៅ​នឹង​ប្រាជ្ញា ហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹង ជា​មួយ​មាស​បាន​ទេ។

20 ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ឯ​ណា តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?

21 មនុស្ស​លោក​មិន​អាច​មើល​ឃើញ​ប្រាជ្ញា​ទេ រីឯ​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ក៏​មិន​អាច​មើល​ឃើញ​ដែរ។

22 រណ្ដៅ​នៃ​សេចក្ដី​វិនាស និង​មច្ចុរាជ​ពោល​ថា “យើង​បាន​ឮ​គេ​និយាយ​ពី​ប្រាជ្ញា”។

23 មាន​តែ​អុលឡោះ​ទេ​ដែល​ស្គាល់​ផ្លូវ ហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា

24 ដ្បិត​ទ្រង់​មើល​ធ្លុះ​រហូត​ដល់​ទៅ ទី​ដាច់​ស្រយាល​នៃ​ផែនដី និង​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។

25 ពេល​ណា​ទ្រង់​កំណត់​កម្លាំង​របស់​ខ្យល់ និង​ទំហំ​របស់​សមុទ្រ

26 ពេល​ណា​ទ្រង់​កំណត់​ច្បាប់​មួយ សម្រាប់​ទឹក​ភ្លៀង ព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរ និង​ផ្គរ​រួច​ស្រេច​ហើយ

27 ទ្រង់​ក៏​ឃើញ​ប្រាជ្ញា ទ្រង់​លើក​តម្លៃ​ប្រាជ្ញា​នោះ ទ្រង់​តាំង​ប្រាជ្ញា​ឡើង ហើយ​ពិនិត្យ‌ពិច័យ​មើល​យ៉ាង​ល្អិត‌ល្អន់។

28 បន្ទាប់​មក ទ្រង់​មាន​បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។

© 2014 United Bible Societies, UK.

United Bible Societies