ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 6 - អាល់គីតាប អាល់គីតាប
យេរេមា 6

ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម

1 «កូន​ចៅ​ពុន‌យ៉ាមីន​អើយ ចូរ​រត់​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ! ចូរ​ផ្លុំ​ត្រែ​នៅ​តូអា ចូរ​លើក​ទង់​សញ្ញា​នៅ​បេតហា‌កេរែម ដ្បិត​មហន្ត‌រាយ និង​ទុក្ខ​វេទនា កំពុង​តែ​មក​ពី​ទិស​ខាង​ជើង។

2 ក្រុង​ស៊ីយ៉ូន​ដ៏​ស្អាត និង​ល្អ​ប្រណីត មុខ​ជា​ត្រូវ​វិនាស​ហើយ!

3 ខ្មាំង​សត្រូវ​កំពុង​តែ​ដើរ​មក​រក​ក្រុង​ស៊ីយ៉ូន ដូច​ពួក​គង្វាល​មក​ជា​មួយ​ហ្វូង​សត្វ​របស់​ខ្លួន គេ​នឹង​បោះ​ជំរំ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​នេះ ម្នាក់ៗ​នឹង​រឹប​អូស​យក​តាម​ចំណែក​រៀងៗ​ខ្លួន។

4 ពួក​គេ​ស្រែក​ថា: “ចូរ​វាយ​សំរុក​ក្រុង​នេះ ចូរ​ក្រោក​ឡើង យើង​វាយ​លុក​ទាំង​ថ្ងៃ​ត្រង់! ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ ព្រោះ​ថ្ងៃ​កាន់​តែ​ទាប​ទៅៗ ហើយ​យប់​ក៏​កាន់​តែ​ងងឹត​ទៅៗ​ដែរ!

5 ក្រោក​ឡើង! យើង​វាយ​លុក​ទាំង​យប់​ក៏​បាន យើង​បំផ្លាញ​វិមាន​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​នេះ”»។

6 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: «ចូរ​នាំ​គ្នា​កាប់​ដើម​ឈើ ហើយ​សង់​ប៉ម​ឲ្យ​ខ្ពស់ ដើម្បី​វាយ​លុក​ក្រុង​យេរូ‌សាឡឹម! ត្រូវ​តែ​ដាក់​ទោស​ក្រុង​នេះ ព្រោះ​នៅ​ក្នុង​ទីក្រុង​មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់។

7 អំពើ​អាក្រក់​ហូរ​ចេញ​ពី​ក្រុង​នេះ ដូច​ទឹក​ហូរ​ចេញ​ពី​ប្រភព​ទឹក។ ក្នុង​ទីក្រុង​មាន​ឮ​និយាយ​តែ​អំពើ​ឃោរ‌ឃៅ និង​ការ​បំផ្លិច‌បំផ្លាញ។ ការ​ឈឺ​ចុក​ចាប់ និង​ស្នាម​របួស ស្ថិត​នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​យើង​ជា‌និច្ច។

8 យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។

9 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: «ខ្មាំង​សត្រូវ​នឹង​ប្រឡេះ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​សេស‌សល់ ដូច​គេ​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ទាល់​តែ​អស់ គឺ​គេ​នឹង​មក​សា​ជា​ថ្មី ដូច​អ្នក​បេះ​ផ្លែ​ទំពាំង‌បាយជូរ​វិល​មក ប្រឡេះ​ផ្លែ​ដែល​នៅ​សល់»។

10 តើ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​នរណា តើ​នរណា​ជួយ​ពន្យល់​ពួក​គេ​ឲ្យ​ស្ដាប់​ខ្ញុំ ដ្បិត​ពួក​គេ​ធ្វើ​ជា​ថ្លង់ ហើយ​មិន​អាច​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បាន​ទេ។ ពេល​ខ្ញុំ​នាំ​បន្ទូល​របស់អុលឡោះ‌តាអាឡា​មក​ប្រាប់ ពួក​គេ​បែរ​ជា​នាំ​គ្នា​សើច​ចំអក គឺ​ពួក​គេ​មិន​ចូល​ចិត្ត​ឮ​ឡើយ។

11 ឃើញ​ដូច្នេះ ខ្ញុំ​ខឹង​ជំនួសអុលឡោះ‌តាអាឡា ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។ «ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវ ព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផង ដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរា នឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។

12 ពេល​ណា​យើង​ដាក់​ទោស​អ្នក​ស្រុក​នេះ ផ្ទះ​របស់​គេ​នឹង​ត្រូវ​អ្នក​ផ្សេង​មក​រស់​នៅ ហើយ​ចម្ការ និង​ប្រពន្ធ​របស់​គេ ក៏​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ផ្សេង​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

13 ពួក​គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ទាំង​ណាពី ទាំង​អ៊ីមុាំ សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។

14 ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​មហន្ត‌រាយ នៃ​ប្រជា‌រាស្ត្រ​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!» តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!

15 ពួក​គេ​គួរ​តែ​អៀន​ខ្មាស​ចំពោះ​អំពើ​ព្រៃ‌ផ្សៃ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​ចេះ​ខ្មាស។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

16 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: «ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើម ដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ ចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា: “យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។

17 យើង​បាន​ដាក់​អ្នក​យាម‌ល្បាត សម្រាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នា ចូរ​ត្រង‌ត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ! តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវី‌រវល់​ស្ដាប់​ទេ!”

18 ហេតុ​នេះ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់! ចូរ​ដឹង​ថា នឹង​មាន​ហេតុ‌ការណ៍​មួយ កើត​ឡើង​ចំពោះ​ប្រជា‌រាស្ត្រ​នេះ។

19 ផែនដី​អើយ ចូរ​ស្ដាប់! យើង​នឹង​ធ្វើ​ឲ្យ ប្រជា‌រាស្ត្រ​នេះ​រង​ទុក្ខ​វេទនា ដែល​ជា​លទ្ធ‌ផល​នៃ​គំនិត​អាក្រក់​របស់​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់ ស្ដាប់​ពាក្យ​របស់​យើង​ទេ ពួក​គេ​ក៏​មើល‌ងាយ​ហ៊ូកុំ​របស់​យើង​ដែរ។

20 តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពី ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ មក​ជូន​យើង​ឬ? យើង​មិន​ព្រម​ទទួល​គូរបាន​ដុត​របស់ អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​គូរបាន​ណា​មួយ របស់​អ្នក​រាល់​គ្នា​ដែរ»។

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: «ហេតុ​នេះ យើង​នឹង​ដាក់​ថ្ម ធ្វើ​ជា​ឧបសគ្គ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​នេះ ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ហើយ​វិនាស​ទាំង​ឪពុក ទាំង​កូន ទាំង​ញាតិ‌សន្ដាន ទាំង​អ្នក​ដែល​នៅ​ជិត​ខាង»។

ខ្មាំង​សត្រូវ​ពី​ទិស​ខាង​ជើង​មក​វាយ​លុក

22 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: «មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើង ប្រជា‌ជាតិ​មួយ​ដែល​ជា​មហា​អំណាច ចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី

23 ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!»

24 «យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះ យើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់‌ស្លុត និង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សំរាល​កូន។

25 កុំ​ចេញ​ទៅ​ស្រែ​ចម្ការ កុំ​ចេញ​ទៅ​តាម​ផ្លូវ ដ្បិត​ខ្មាំង​សត្រូវ​កាន់​ដាវ​ចាំ​នៅ​ទី​នោះ! ការ​ព្រឺ‌ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង»។

26 ប្រជា‌ជន​របស់​យើង​អើយ ចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះ រួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ កូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ! ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅ ដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា ពុំ​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ!

27 «យេរេមា​អើយ យើង​បាន​តែង‌តាំង​អ្នក ឲ្យ​ល្បង‌ល​មើល​ប្រជា‌ជន​របស់​យើង ដូច​ជាង​សាក​ល្បង‌លោហ‌ធាតុ គឺ​យើង​ឲ្យ​អ្នក​សង្កេត និង​ល្បង‌ល​មើល មាគ៌ា​របស់​ពួក​គេ»។

28 «ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់ មាន​ចិត្ត​រឹង‌រូស ដូច​លង្ហិន និង​ដែក‌ថែប ដែល​ពុំ​អាច​ពត់​បាន​ឡើយ គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា!

29 ធម្មតា ភ្លើង​ដែល​គេ​សប់​យ៉ាង​ក្ដៅ អាច​បន្សុទ្ធ​លោហ‌ធាតុ​បាន រីឯ​ប្រជា‌ជន​នេះ​វិញ គ្មាន​នរណា​អាច​បន្សុទ្ធ​បាន​ទេ ព្រោះ​អំពើ​អាក្រក់​ស្ថិត​ជាប់​នឹង​ពួក​គេ​ជា‌និច្ច។

30 គេ​ហៅ​អ្នក​ទាំង​នោះ​ថា “ប្រាក់​គ្មាន​តម្លៃ” ដ្បិតអុលឡោះ‌តាអាឡា​មិន​ទទួល​ពួក​គេ​ទេ!»។

© 2014 United Bible Societies, UK.

United Bible Societies