ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 33 - អាល់គីតាប អាល់គីតាប
យេរេមា 33

បន្ទូល​សន្យា​របស់​អុលឡោះ​អំពី​ការ​ស្ដារ​ស្រុក​ឡើង​វិញ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យេរេមា​សា​ជា​ថ្មី នៅ​ក្នុង​ទី​ឃុំ‌ឃាំង។

2 អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ អុលឡោះ‌តាអាឡា​ដែល​បាន​សូន​ផែនដី ហើយ​ដាក់​ឲ្យ​នៅ​មាំ‌មួន ឥត​រង្គើ ទ្រង់​ដែល​មាន​នាម​ថា អុលឡោះ‌តាអាឡា មាន​បន្ទូល​ដូច​ត​ទៅ៖

3 «ចូរ​អង្វរ​រក​យើង នោះ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ។ យើង​នឹង​សំដែង​ឲ្យ​អ្នក​ដឹង​អំពី​ការ​អស្ចារ្យ​ផ្សេងៗ ជា​ការ​លាក់​កំបាំង ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក»។

4 អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «ផ្ទះ​នានា​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​ផ្ដួល​រំលំ​ដោយ​ខ្មាំង​លើក​ទួល វាយ​លុក។

5 ប្រជា‌ជន​ខ្លះ​នៅ​ក្នុង​ក្រុង​នេះ​ខំ​តទល់​នឹង​ពួក​ខាល់ដេ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ផ្ទះ​របស់​គេ​មាន​ពេញ​ដោយ​សាក‌សព ដែល​យើង​ប្រហារ ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​យើង។ អំពើ​អាក្រក់​របស់​ពួក​គេ​ធ្វើ​ឲ្យ​យើង​លែង​អាណិត​មេត្តា​ដល់​ក្រុង​នេះ។

6 ប៉ុន្តែ យើង​នឹង​ព្យាបាល​មុខ​របួស​របស់​គេ​ឲ្យ​បាន​ជា​ទាំង​ស្រុង យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត និង​សន្តិ‌សុខ​មក​លើ​ពួក​គេ​យ៉ាង​បរិបូណ៌។

7 យើង​នឹង​ស្ដារ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រ‌អែល យើង​នឹង​ឲ្យ​ប្រជា‌ជន​រស់​នៅ​ដូច​ដើម​ឡើង​វិញ។

8 យើង​នឹង​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ទាស់​នឹង​យើង ហើយ​បះ‌បោរ​ប្រឆាំង​នឹង​យើង​ទៀត​ផង។

9 ក្រុង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឮ​ដំណឹង​ថា យើង​ឲ្យ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភ‌មង្គល និង​ភាព​ចំរុង​ចំរើន​គ្រប់​យ៉ាង ដែល​យើង​ផ្ដល់​ឲ្យ​ក្រុង​នេះ»។

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ៖ «អ្នក​រាល់​គ្នា​ធ្លាប់​ពោល​ថា “ទឹក​ដី​នេះ​វិនាស​អន្តរាយ​អស់​ហើយ លែង​មាន​មនុស្ស លែង​មាន​សត្វ។ ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ស្ងាត់​ជ្រងំ លែង​មាន​មនុស្ស លែង​មាន​សត្វ​រស់​នៅ​ទៀត​ហើយ”។ ប៉ុន្តែ នៅ​ពេល​ខាង​មុខ

11 គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចំរៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចំរៀង​របស់​អស់​អ្នក​ដែល​ធ្វើ​គូរបាន​អរគុណ​អុលឡោះនៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ទ្រង់​មាន​ចិត្ត​សប្បុរស ហើយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​ឲ្យ​បាន​ដូច​ដើម​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

12 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជំរក​សម្រាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។

13 ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​ពុន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា អ្នក​គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

14 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល និង​ប្រជា‌ជន​យូដា។

15 នៅ​គ្រា​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច​មួយ​នាក់​ដ៏​សុចរិត កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​ទត។ ស្ដេច​នោះ​នឹង​គ្រប់‌គ្រង​ស្រុក​ដោយ​សុចរិត និង​យុត្តិធម៌។

16 នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​សន្តិ‌សុខ។ គេ​នឹង​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “អុលឡោះ‌តាអាឡា​ជា​សេចក្ដី​សុចរិត​របស់​យើង”»។

17 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទត​នឹង​មិន​ខ្វះ​ពូជ‌ពង្ស​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។

18 ពួក​អ៊ីមុាំ និង​ពួក​លេវី ក៏​មិន​ខ្វះ​ពូជ‌ពង្ស​ឈរ​នៅ​ចំពោះ​មុខ​យើង ដើម្បី​ធ្វើ​គូរបាន​ដុត និង​ដុត​គ្រឿង​ក្រអូប​ជា​មួយ​ជំនូន​ផ្សេងៗ ហើយ​ធ្វើ​គូរបាន​ជា​រៀង​រាល់​ថ្ងៃ​ដែរ»។

19 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យេរេមា ដូច​ត​ទៅ៖

20 «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ មាន​យប់ តាម​កំណត់​ពេល​វេលា​របស់​វា ប្រសិន​បើ​អ្នក​រាល់​គ្នា​អាច​បញ្ឈប់​ចលនា​របស់​ថ្ងៃ និង​យប់​បាន

21 យើង​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ទត ជា​អ្នក​បម្រើ​របស់​យើង​ដូច្នោះ​ដែរ គឺ​លែង​មាន​ពូជ‌ពង្ស​របស់​គេ​ស្នង​រាជ្យ ហើយ​ក៏​លែង​មាន​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត​ដែរ។

22 ផ្ទុយ​ទៅ​វិញ យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​យើង ព្រម​ទាំង​ពួក​លេវី​ជា​អ៊ីមុាំ ដែល​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​យើង កើន​ចំនួន​ច្រើន​ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ»។

23 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យេរេមា ដូច​ត​ទៅ៖

24 «តើ​អ្នក​ឮ​ពាក្យ​របស់​ប្រជា‌ជន​នេះ​ឬ​ទេ? ពួក​គេ​ពោល​ថា: “អុលឡោះ‌តាអាឡា​បាន​បោះ​បង់​ចោល​អំបូរ​ទាំង​ពីរ​ដែល​ទ្រង់​បាន​ជ្រើស​រើស​នោះ​ហើយ”។ អ្នក​ណា​ពោល​ដូច្នេះ អ្នក​នោះ​មើល‌ងាយ​ប្រជា‌ជន​របស់​យើង ហើយ​លែង​រាប់​ពួក​គេ​ជា​ប្រជា‌ជាតិ​មួយ​ទៀត​ផង»។

25 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ និង​យប់ តាម​ពេល​កំណត់ ហើយ​យើង​ក៏​បាន​ដាក់​ច្បាប់​ធម្ម‌ជាតិ​សម្រាប់​ផ្ទៃ​មេឃ និង​ផែនដី​ដែរ។

26 ដូច្នេះ តើ​ឲ្យ​យើង​បោះ​បង់​ចោល​ពូជ‌ពង្ស​របស់​យ៉ាកកូប និង​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​របស់​យើង ដូច​ម្ដេច​បាន? តើ​យើង​លែង​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ ឲ្យ​គ្រប់‌គ្រង​លើ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម អ៊ីសាហាក់ និង​យ៉ាកកូប​កើត​ឬ? ទេ! យើង​នឹង​ស្ដារ​ពួក​គេ​ឡើង​វិញ ព្រម​ទាំង​សំដែង​ចិត្ត​អាណិត​អាសូរ​ពួក​គេ​ថែម​ទៀត​ផង»។

© 2014 United Bible Societies, UK.

United Bible Societies