អ៊ីស្រអែលប្រៀបបាននឹងស្រីពេស្យាដែលមិនដូរគំនិត1 អុលឡោះមានបន្ទូលថា៖ «ពេលបុរសម្នាក់លែងលះភរិយា ហើយភរិយាចាកចេញទៅមានប្ដីមួយទៀត បុរសនោះអាចវិលទៅរកនាងវិញបានឬ? ទេ បើធ្វើដូច្នេះ ស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។ អ៊ីស្រអែលអើយ ចំណែកឯអ្នកវិញ អ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើន តើអ្នកចង់ឲ្យយើងទទួលអ្នកវិញឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 2 ចូរក្រឡេកមើលទៅកំពូលភ្នំមើល៍ តើមានកន្លែងណាមួយដែលអ្នកពុំបាន ផិតក្បត់យើង? អ្នកអង្គុយតាមផ្លូវ ទន្ទឹងរង់ចាំគូកំណាន់ចិត្ត របស់អ្នក ដូចអារ៉ាប់អង្គុយនៅវាលរហោស្ថាន អ្នកបានធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ព្រោះតែអំពើផិតក្បត់ និងអំពើប្រាសចាក សីលធម៌ដែលអ្នកប្រព្រឹត្ត។ 3 ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត អ្នកមិនព្រមទទួលសារភាពកំហុសទេ។ 4 ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា “ឱបិតាអើយ ទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីខ្ញុំនៅក្មេងម៉្លេះ! 5 តើទ្រង់នៅតែខឹងនឹងខ្ញុំ ដល់កាលណា? ទ្រង់ចងគំនុំរហូតឬ?”។ អ្នកពោលដូច្នេះ តែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។ ចូរកែប្រែចិត្តគំនិតឡើង!6 នៅរជ្ជកាលស្តេចយ៉ូសៀស អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រអែលចិត្តសាវានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។ 7 យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ ក៏បានឃើញដែរ។ 8 យើងបានលែងលះអ៊ីស្រអែលដែលមានចិត្តសាវា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះឲ្យដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូនដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។ 9 ដោយសារអ៊ីស្រអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។ 10 ទោះបីយ៉ាងនេះក្ដី យូដា ជាប្អូនដែលផិតក្បត់ មិនបានវិលមករកយើងដោយចិត្តស្មោះឡើយ គឺគេគ្រាន់តែនិយាយប៉ុណ្ណោះ»- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 11 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អ៊ីស្រអែលសាវាគ្រាន់បើជាងយូដាដែលផិតក្បត់។ 12 ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖ អ៊ីស្រអែលសាវាអើយ ចូរវិលមកវិញ យើងនឹងមិនប្រកាន់ទោសនាងទៀតទេ ដ្បិតយើងមានចិត្តមេត្តាករុណា យើងមិនចងកំហឹងរហូតតទៅឡើយ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 13 ចូរទទួលស្គាល់កំហុសរបស់ខ្លួន តែប៉ុណ្ណោះបានហើយ គឺនាងបានបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់នាង នាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែង គឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចី ហើយនាងពុំបានស្ដាប់យើងទេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 14 អុលឡោះតាអាឡាមានបន្ទូលថា៖ «កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា។ យើងនឹងយកម្នាក់ពីក្រុងមួយ ហើយយកពីរនាក់ទៀតពីកុលសម្ព័ន្ធមួយ ដើម្បីនាំអ្នករាល់គ្នាមកក្រុងស៊ីយ៉ូនវិញ។ 15 យើងនឹងតែងតាំងមេដឹកនាំដែលគាប់បំណងយើង ឲ្យមកថែទាំអ្នករាល់គ្នាដោយយកចិត្តទុកដាក់ និងប្រកបដោយប្រាជ្ញា។ 16 នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុកហើយ នឹងលែងមានគេនិយាយអំពីហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាទៀត ហើយក៏គ្មាននរណានឹកនា រវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញទេ។ 17 នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា “បល្ល័ង្ករបស់អុលឡោះតាអាឡា” ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីជួបអុលឡោះតាអាឡា។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ។ 18 នៅគ្រានោះ ជនជាតិយូដានឹងរួបរួមជាមួយជនជាតិអ៊ីស្រអែល ហើយពួកគេនឹងធ្វើដំណើរជាមួយគ្នា ពីស្រុកខាងជើងមកដល់ទឹកដី ដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់គេទុកជាមត៌ក។ 19 យើងគិតថា យើងសប្បាយចិត្ត នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។ យើងគិតថា អ្នកនឹងហៅយើងថា “បិតា” ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។ 20 ប៉ុន្តែ ជនជាតិអ៊ីស្រអែលអើយ អ្នករាល់គ្នាបានក្បត់ចិត្តយើង ដូចស្ត្រីក្បត់ចិត្តប្ដីដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 21 មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំ គឺជាសំរែកយំសោក និងសំរែកអង្វរករ របស់ជនជាតិអ៊ីស្រអែល ដ្បិតពួកគេបានវង្វេងចេញពីមាគ៌ា គេបានបំភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់គេ។ 22 កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ យើងប្រោសឲ្យអ្នករាល់គ្នា លែងមានចិត្តសាវាទៀត។ “យើងខ្ញុំមករកទ្រង់ហើយ ដ្បិតទ្រង់ជាអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ។ 23 យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយ នៅលើកំពូលភ្នំ យើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវលើភ្នំខ្ពស់ៗ។ មានតែអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំប៉ុណ្ណោះ ដែលអាចសង្គ្រោះអ៊ីស្រអែលបាន។ 24 តាំងពីយើងខ្ញុំនៅក្មេង ព្រះគំរក់បានធ្វើឲ្យអ្វីៗ ដែលដូនតារបស់យើងខ្ញុំបានសន្សំ វិនាសហិនហោចអស់ គឺទាំងហ្វូងចៀម និងហ្វូងគោ ទាំងកូនប្រុស និងកូនស្រី។ 25 សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួច ការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។ តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាបទាស់នឹងអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ យើងខ្ញុំពុំបានស្ដាប់បន្ទូល របស់អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ”»។ |
© 2014 United Bible Societies, UK.
United Bible Societies