ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ភីលីព 1 - អាល់គីតាប អាល់គីតាប
ភីលីព 1

សេចក្ដី​ផ្ដើម

1 យើង​ខ្ញុំ ប៉ូល និង​ធីម៉ូ‌ថេ​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា សូម​ជម្រាប​មក​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ ដែល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ​សូម​ជ្រាប។

2 សូម​អុលឡោះ ជា​បិតា​របស់​យើង និង​អ៊ីសា​អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ប្រណី‌សន្តោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។

ពាក្យ​អរ​គុណ និង​ពាក្យ​សូម‌អង្វរ

3 ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​បង​ប្អូន ខ្ញុំ​តែងតែ​អរ​គុណ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ជា‌និច្ច

4 គឺ​គ្រប់​ពេល ខ្ញុំ​ទូរអា‌អង្វរ​អុលឡោះ​សម្រាប់​បង​ប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូរអា‌អង្វរ​ដោយ​ចិត្ដ​រីក‌រាយ​ជា​ដរាប

5 ព្រោះ​បង​ប្អូន​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូង រហូត​មក​ទល់​សព្វ​ថ្ងៃ។

6 ខ្ញុំ​ជឿ​ជាក់​ថា អុលឡោះ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បង​ប្អូន ទ្រង់​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ចុះ​មក។

7 ខ្ញុំ​មាន​ចិត្ដ​គំនិត​បែប​នេះ​ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ចិត្ដ​ខ្ញុំ​នៅ​ជាប់​ជំពាក់​នឹង​បង​ប្អូន​ជានិច្ច ហើយ​ទោះ‌បី​ខ្ញុំ​នៅ​ជាប់​ឃុំ‌ឃាំង​ក្ដី ឬ​ពេល​ខ្ញុំ​និយាយ និង​ពង្រឹង​ដំណឹង‌ល្អ​ក្ដី បង​ប្អូន​ទាំង​អស់​គ្នា ក៏​បាន​រួម​ចំណែក​ជា​មួយ​ខ្ញុំ​ក្នុង​កិច្ចការ​ដែល​អុលឡោះ​ប្រណី‌សន្ដោស ឲ្យ​ខ្ញុំ​បំពេញ​នេះ​ដែរ។

8 អុលឡោះ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ដ​អាណិត​មេត្ដា​មក​ពី​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។

9 ខ្ញុំ​សូម‌អង្វរ​អុលឡោះ​ដូច​ត​ទៅ​នេះ គឺ​សូម​ឲ្យ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លប់ កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បង​ប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់

10 ដើម្បី​ឲ្យ​បង​ប្អូន​ចេះ​ពិចារ‌ណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​អាល់ម៉ា‌ហ្សៀស​មក បង​ប្អូន​នឹង​បាន​បរិសុទ្ធ​ឥត​មាន​កំហុស​អ្វី​ឡើយ

11 ហើយ​បង​ប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស សម្រាប់​លើក​តម្កើង​សិរី‌រុង‌រឿង និង​កោត​សរសើរ​អុលឡោះ។

លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង

12 បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​ខ្ញុំ​នោះ បែរ​ជា​ជួយ​ដំណឹង‌ល្អ​វិញ​ទេ

13 គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ​មនុស្ស‌ម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស។

14 ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ដូច្នេះ បង​ប្អូន​ភាគ​ច្រើន​ទុក​ចិត្ដ​លើ​អ៊ីសា‌ជាអម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ដ​ក្លាហាន​ប្រកាស​បន្ទូល​នៃ​អុលឡោះ​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។

15 មាន​បង​ប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​អាល់ម៉ា‌ហ្សៀស ដោយ​ចិត្ដ​ច្រណែន​ឈ្នានីស​ចង់​ប្រណាំង​ប្រជែង តែ​បង​ប្អូន​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​ឆន្ទៈ​ល្អ

16 បង​ប្អូន​ទាំង​នេះ​ប្រកាស​ដោយ​ចិត្ដ​ស្រឡាញ់ ព្រោះ​ដឹង​ថា​អ៊ីសា‌ជាអម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ការ‌ពារ​ដំណឹង‌ល្អ។

17 រីឯ​អ្នក​ដែល​ផ្សាយ​ដំណឹង​អំពី​អាល់ម៉ា‌ហ្សៀស ដោយ​គំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​បរិសុទ្ធ​ទេ គឺ​គេ​ស្មាន​ថា នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រឹង‌រឹត​តែ​វេទនា​ក្នុង​ទី​ឃុំ‌ឃាំង​ថែម​ទៀត។

18 មិន​ថ្វី​ទេ! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មាន​គំនិត​វៀច‌វេរ​ក្ដី ស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​អាល់ម៉ា‌ហ្សៀស​ដែរ ខ្ញុំ​សប្បាយ​ចិត្ដ​នឹង​ការ​នេះ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ដ​ត​ទៅ​មុខ​ទៀត

19 ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បង​ប្អូន​អង្វរ​អុលឡោះ​ឲ្យ​ខ្ញុំ ហើយ​ដោយ​រស​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជួយ​ខ្ញុំ​ដែរ។

20 ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ដ និង​សង្ឃឹម​លើ​ទ្រង់ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ដ​រឹង‌ប៉ឹង​ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​អាល់ម៉ា‌ហ្សៀស​ក្នុង​រូប​កាយ​ខ្ញុំ។

21 ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។

22 ប៉ុន្ដែ បើ​ខ្ញុំ​រស់​ក្នុង​លោក​នេះ​ត​ទៅ​ទៀត ធ្វើ​ឲ្យ​កិច្ចការ​របស់​ខ្ញុំ​បាន​ផល ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយ!។

23 ចិត្ដ​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង​ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ ទៅ​នៅ​ជា​មួយ​អាល់ម៉ា‌ហ្សៀស​នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់

24 ម្យ៉ាង​ទៀត បើ​ខ្ញុំ​នៅ​រស់​ក្នុង​លោក​នេះ​ត​ទៅ​មុខ នោះ​មាន​ប្រយោជន៍​ជាង​សម្រាប់​បង​ប្អូន។

25 ខ្ញុំ​ជឿ​ជាក់ និង​ដឹង​ថា​ខ្ញុំ​នឹង​នៅ​រស់ ហើយ​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បង​ប្អូន​បាន​ចំរើន​ឡើង ទាំង​មាន​អំណរ​មក​ពី​ជំនឿ

26 និង​ដើម្បី​ឲ្យ​បង​ប្អូន​រឹង‌រឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត​ដោយ​បាន​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បង​ប្អូន​វិញ។

ការ​តស៊ូ​ស្វិត‌ស្វាញ​ក្នុង​ជំនឿ

27 សូម​បង​ប្អូន​កាន់​កិរិយា​មារយាទ ឲ្យ​បាន​សមរម្យ​នឹង​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​ផង ទោះ​បី​ខ្ញុំ​មក​ឃើញ​បង​ប្អូន​ក្ដី ឬ​នៅ​ឆ្ងាយ​បាន​ឮ​ដំណឹង​ពី​បង​ប្អូន​ក្ដី សូម​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា បង​ប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ដ​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ដ​ថ្លើម​គ្នា​តយុទ្ធ​ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អទៀត​ផង

28 គឺ​បង​ប្អូន​មិន​ញញើត​នឹង​ពួក​អ្នក​ប្រឆាំង ត្រង់​ប្រការ​ណា​មួយ​ឡើយ ជា​ភស្ដុតាង​ស​ឲ្យ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្ដរាយ រីឯ​បង​ប្អូន​វិញ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ។ ការ​នេះ​កើត​មក​ពី​អុលឡោះ

29 ដ្បិត​អុលឡោះ​ប្រណី‌សន្ដោស​បង​ប្អូន​ឲ្យ​បម្រើ​អាល់ម៉ា‌ហ្សៀស ដោយ​មិន​គ្រាន់​តែ​ជឿ​លើ​គាត់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រង​ទុក្ខ​លំបាក​ដើម្បី​គាត់​ទៀត​ផង។

30 បង​ប្អូន​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ដូច​បង​ប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បង​ប្អូន​ឮ​ថា ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies