ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 65 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 65

អុលឡោះ​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ទ្រង់
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ណាពី​ទត។ ចំរៀង​តម្កើង​អុលឡោះ​។

1 ឱ​អុលឡោះ​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ទ្រង់​ នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ជូន​ជំនូន តាម​ពាក្យ​ដែល​យើង​ខ្ញុំ បាន​សន្យា​ចំពោះ​ទ្រង់។

2 ទ្រង់​តែងតែ​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ របស់​មនុស្ស​លោក​ជា‌និច្ច ពួក​គេ​ នឹង​មក​រក​ទ្រង់​ទាំង​អស់​គ្នា។

3 កំហុស​របស់​ខ្ញុំ​ធ្ងន់‌ធ្ងរ​ណាស់ មាន​តែ​ទ្រង់​ទេ ដែល​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​បាន។

4 មាន​សុភ‌មង្គល​ហើយ​អស់​អ្នក ដែល​ទ្រង់​ជ្រើស​រើស ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទី‌សក្ការៈ របស់​ទ្រង់។ យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ពរ នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ គឺ​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។

5 ឱ​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ​យើង​ខ្ញុំ​អើយ ទ្រង់​ប្រកប​ដោយ​សេចក្ដី​សុចរិត ទ្រង់​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ ដោយ​សំដែង​អំណាច​គួរ​ឲ្យ​ស្ញែង​ខ្លាច ប្រជា‌ជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ទ្រង់!

6 ទ្រង់​បាន​ពង្រឹង​ភ្នំ​ទាំង‌ឡាយ​ឲ្យ​រឹង‌មាំ ដោយ‌សារ​អំណាច​របស់​ទ្រង់ ទ្រង់​ប្រកប​ទៅ​ដោយ​អំណាច។

7 ទ្រង់​បាន​ធ្វើ​ឲ្យ​សន្ធឹក​រលក​សមុទ្រ ដ៏​គគ្រឹក‌គគ្រេង​បាន​ស្ងប់‌ឈឹង ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​សំឡេង ដ៏​អឺង‌កង​របស់​ប្រជា‌ជន ទាំង‌ឡាយ​បាន​ស្ងប់​ស្ងៀម​ដែរ។

8 អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​នឹង​នាំ​គ្នា​ស្ញែង​ខ្លាច ដោយ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ​របស់​ទ្រង់ ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។

9 ទ្រង់​ថែ​ទាំ​ផែនដី ដោយ​ប្រទាន​ឲ្យ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌ ទ្រង់​ប្រទាន​ឲ្យ​ផែនដី​មាន​ភោគ‌ផល ដ៏​សម្បូណ៌​ហូរ‌ហៀរ ជ្រលង​ដង​អូ​របស់​ទ្រង់ មាន​ពោរ‌ពេញ​ទៅ​ដោយ​ទឹក ទ្រង់​ប្រទាន​ស្រូវ​ឲ្យ​មនុស្ស​លោក ដោយ​រៀបចំ​ដូច​ត​ទៅ​នេះ

10 គឺ​ទ្រង់​ស្រោច​ស្រព​ស្រែ​ចម្ការ ទ្រង់​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង ដក់​នៅ​តាម​វាល​ស្រែ ហើយ​ទ្រង់​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ ទាំង‌ឡាយ​ដុះ​ឡើង។

11 នៅ​រដូវ​ចម្រូត ទ្រង់​ប្រទាន​ស្រូវ ដែល​ជា​អំណោយ​ទាន​ដ៏​សប្បុរស​បំផុត។ ទី​ណា​ដែល​ទ្រង់​ទៅ ទី​នោះ​មាន​ភោគ‌ផល​ដ៏​ហូរ‌ហៀរ។

12 រីឯ​នៅ​វាល​រហោ‌ស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌ ហើយ​នៅ​តាម​ភ្នំ​នានា ក៏​មាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ​ដែរ។

13 វាល​ស្មៅ​ពោរ‌ពេញ​ទៅ​ដោយ​ហ្វូង​ចៀម ជ្រលង​ភ្នំ​ពោរ‌ពេញ​ទៅ​ដោយ​ស្រូវ អ្វីៗ​សព្វ​សារពើ​បន្លឺ​សំឡេង​ច្រៀង​ឡើង ដោយ​អំណរ​ដ៏​លើស‌លប់!។

© 2014 United Bible Societies, UK.

United Bible Societies