ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ជន‌គណនា 8 - អាល់គីតាប អាល់គីតាប
ជន‌គណនា 8

របៀប​តម្កល់​ចង្កៀង

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

2 «ចូរ​ប្រាប់​ហារូន​ដូច​ត​ទៅ: “ពេល​ណា​តម្កល់​ចង្កៀង ចូរ​រៀប​ចំ​យ៉ាង​ណា​ឲ្យ​ចង្កៀង​ទាំង​ប្រាំ‌ពីរ​នោះ ភ្លឺ​ចាំង​មក​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង”»។

3 ហារូន​ក៏​ធ្វើ​តាម គឺ​គាត់​ដាក់​ចង្កៀង​នៅ​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​បង្គាប់​មក​ម៉ូសា។

4 ជើង​ចង្កៀង​ធ្វើ​ពី​មាស មាន​ក្បាច់​រចនា គឺ​ចាប់​ពី​ជើង រហូត​ដល់​ចុង​ខាង​លើ សុទ្ធ​តែ​មាន​ក្បាច់​ទាំង​អស់។ គេ​បាន​ធ្វើ​ជើង​ចង្កៀង​នេះ តាម​គំរូ​ដែលអុលឡោះ‌តាអាឡា​បង្ហាញ​ឲ្យ​ម៉ូសា​ឃើញ។

ពិធី​តែង​តាំង​ក្រុម​លេវី

5 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

6 «ចូរ​នាំ​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ធ្វើ​ពិធី​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ។

7 អ្នក​ត្រូវ​ជម្រះ​ពួក​គេ​ដូច​ត​ទៅ គឺ​ធ្វើ​ពិធី​ប្រោះ​ទឹក​រំដោះ​បាប ត្រូវ​ឲ្យ​ពួក​គេ​កោរ​រោម​នៅ​លើ​រូប​កាយ​របស់​ខ្លួន ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់ និង​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។

8 បន្ទាប់​មក ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​មក ព្រម​ទាំង​ជំនូន​ដែល​ត្រូវ​ជូន​ជា​មួយ គឺ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង។ អ្នក​ត្រូវ​យក​គោ​បា​មួយ​ទៀត​មក សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប។

9 ចូរ​នាំ​ពួក​លេវី​ឲ្យ​ចូល​មក​ជិត​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​ប្រមូល​ផ្តុំ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល។

10 ចូរ​នាំ​ពួក​លេវី​ចូល​មក​ជិត​យើង ហើយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដាក់​ដៃ​លើ​ពួក​គេ។

11 ហារូន​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​លេវី ទុក​ជា​ជំនូន​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​យក​មក​ជូន​យើង ដើម្បី​ឲ្យ​បម្រើ​យើង។

12 ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​ទាំង​ពីរ រួច​ហើយ​អ្នក​ត្រូវ​ធ្វើ​គោ​មួយ​ជា​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត ដើម្បី​ជម្រះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។

13 បន្ទាប់​មក ចូរ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​ហារូន និង​កូន​ចៅ​របស់​គាត់ ហើយ​អ្នក​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​ជំនូន​សម្រាប់​យើង។

14 ចូរ​ញែក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។

15 បន្ទាប់​មក​ទៀត ពួក​លេវី​ត្រូវ​មក​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ អ្នក​ត្រូវ​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ និង​ធ្វើ​ពិធី​ញែក​ពួក​គេ ទុក​ជា​ជំនូន​សម្រាប់​យើង​បែប​នេះ​ឯង។

16 យើង​ញែក​ពួក​គេ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល

17 ដ្បិត​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​គេ​ត្រូវ​បាន​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទុក​សម្រាប់​យើង។

18 ហេតុ​នេះ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ។

19 យើង​បាន​យក​ពួក​លេវី​ពី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រគល់​ទៅ​ឲ្យ​ហារូន និង​កូន​ចៅ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ការ​ងារ​បម្រើ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ឲ្យ​ពួក​គេ​ធ្វើ​ពិធី​រំដោះ​បាប​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ ធ្វើ​ដូច្នេះ អ៊ីស្រ‌អែល​នឹង​មិន​ជួប​គ្រោះ​កាច​ណា​មួយ ព្រោះ​តែ​ចូល​មក​ជិត​ទី​សក្ការៈ​ឡើយ»។

20 ម៉ូសា ហារូន និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​អនុវត្ត​តាម​បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ស្តី​អំពី​ពួក​លេវី។

21 ពួក​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ និង​បោក​សម្លៀក​បំពាក់​របស់​ខ្លួន។ ហារូន​បាន​ធ្វើ​ពិធី​ញែក​ពួក​គេ​ជូនអុលឡោះ‌តាអាឡា​នៅ​ចំពោះ​ទ្រង់ ហើយ​ធ្វើ​ពិធី​លោះ​បាប​ពួក​គេ និង​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ។

22 បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខ​ងារ​របស់​ខ្លួន​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ហារូន និង​កូន​ចៅ​របស់​គាត់។ គេ​បាន​អនុវត្ត​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ស្តី​អំពី​ពួក​លេវី។

23 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

24 «ពួក​លេវី​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូល​ទៅ​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទាំង​អស់​គ្នា។

25 ចាប់​ពី​អាយុ​ហា‌សិប​ឆ្នាំ​ទៅ គេ​នឹង​ចូល​និវត្តន៍ លែង​បម្រើ​យើង​ទៀត​ហើយ។

26 គេ​នឹង​ជួយ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា មើល​ថែ​ទាំ​អ្វីៗ​ដែល​ជា​ភារកិច្ច​របស់​ខ្លួន ប៉ុន្តែ គេ​លែង​មាន​បន្ទុក​បម្រើ​យើង​ទៀត​ហើយ។ អ្នក​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ពួក​លេវី តាម​ភារកិច្ច​របស់​ពួក​គេ»។

© 2014 United Bible Societies, UK.

United Bible Societies