ដំបងរបស់ណាពីហារូន1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2 «ចូរបង្គាប់ជនជាតិអ៊ីស្រអែលឲ្យប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេយកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ 3 ចូរចារឈ្មោះហារូនលើដំបងរបស់កុលសម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុលសម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។ 4 ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិសញ្ញាក្នុងជំរំជួបអុលឡោះតាអាឡា ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។ 5 ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រអែលលែងឲ្យរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។ 6 ម៉ូសានាំពាក្យនេះទៅប្រាប់ជនជាតិអ៊ីស្រអែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនគាត់ គឺមានដំបងដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់ហារូន ស្ថិតនៅកណ្តាលដំបងរបស់ពួកគេ។ 7 ម៉ូសាបានដាក់ដំបងទាំងនោះនៅចំពោះអុលឡោះតាអាឡា ក្នុងជំរំនៃសន្ធិសញ្ញា។ 8 នៅថ្ងៃបន្ទាប់ ពេលម៉ូសាចូលទៅក្នុងជំរំនៃសន្ធិសញ្ញា លោកឃើញដំបងរបស់ហារូន ដែលជាតំណាងកុលសម្ព័ន្ធលេវីមានពន្លកចេញផ្កា ហើយមានទាំងផ្លែទៀតផង។ 9 ម៉ូសាយកដំបងទាំងនោះចេញពីមុខអុលឡោះតាអាឡា ទៅបង្ហាញជនជាតិអ៊ីស្រអែល ហើយពួកគេយកដំបងរបស់ខ្លួនវិញ។ 10 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរយកដំបងរបស់ហារូនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិសញ្ញា រក្សាទុកជាទីសំគាល់ព្រមានពួកបះបោរ ដើម្បីបញ្ឈប់ពួកគេឲ្យលែងរអ៊ូរទាំ ហើយកុំឲ្យពួកគេត្រូវស្លាប់»។ 11 ម៉ូសាធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ 12 ជនជាតិអ៊ីស្រអែលពោលទៅកាន់ម៉ូសាថា៖ «យើងខ្ញុំមុខជាផុតដង្ហើមវិនាសសូន្យទាំងអស់គ្នាមិនខាន! 13 ដ្បិតអ្នកដែលចូលជិតជំរំសក្ការៈរបស់អុលឡោះតាអាឡា នឹងត្រូវស្លាប់។ តើយើងខ្ញុំនឹងត្រូវស្លាប់ទាំងអស់គ្នាឬ?»។ |
© 2014 United Bible Societies, UK.
United Bible Societies