លោកប៉ូល និងសាវ័កឯទៀតៗនៅក្រុងយេរូសាឡឹម1 ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀត ជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ 2 ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីអុលឡោះបំភ្លឺចិត្ដឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះអំពីដំណឹងល្អដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។ 3 រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីខតាន់ដែរ 4 ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយ ជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអាល់ម៉ាហ្សៀសអ៊ីសា ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករ វិញ។ 5 យើងពុំបានសុខចិត្ដធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹងល្អសម្រាប់បងប្អូន។ 6 រីឯបងប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតអុលឡោះមិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំឲ្យធ្វើអ្វីផ្សេងទៀតឡើយ។ 7 ផ្ទុយទៅវិញ គេបានឃើញថា អុលឡោះប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចទ្រង់បានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដា ឲ្យលោកពេត្រុសដែរ 8 ដ្បិតអុលឡោះ ដែលប្រោសប្រទានឲ្យលោកពេត្រុសអាចបំពេញមុខងារជាសាវ័ក សម្រាប់សាសន៍យូដាយ៉ាងណា ទ្រង់ក៏ប្រោសប្រទានឲ្យខ្ញុំអាចបំពេញមុខងារជាសាវ័ក សម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។ 9 កាលលោកយ៉ាកកូប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំអះបានទទួលស្គាល់ថា អុលឡោះប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកអ្នកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។ 10 ពួកអ្នកគ្រាន់តែសុំឲ្យយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។ ការខ្វែងគំនិតគ្នារវាងលោកប៉ូល និងលោកពេត្រុស11 ក៏ប៉ុន្ដែ នៅពេលដែលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។ 12 លោកយ៉ាកកូបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះគាត់ខ្លាចបងប្អូនសាសន៍យូដា។ 13 បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចគាត់ គឺសូម្បីតែលោកបារណាបាសផ្ទាល់ ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។ 14 ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថាៈ “បើអ្នកដែលជាសាសន៍យូដាលែងប្រព្រឹត្ដតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្ដតាមរបៀបសាសន៍ដទៃដូច្នេះ តើអ្នកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសនយូដាម្ដេចកើត?”។ 15 រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ 16 យើងដឹងថា អុលឡោះពុំរាប់មនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ គឺបានសុចរិតដោយសារជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសវិញ។ ដូច្នេះយើងក៏បានជឿលើអាល់ម៉ាហ្សៀសអ៊ីសាដែរ ដើម្បីអុលឡោះប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿលើអាល់ម៉ាហ្សៀស គឺមិនមែនដោយបានប្រព្រឹត្ដតាមហ៊ូកុំនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមហ៊ូកុំឡើយ។ 17 ប៉ុន្ដែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈអាល់ម៉ាហ្សៀស ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា អាល់ម៉ាហ្សៀសនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ! 18 ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកំទេចចោលហើយនោះបានសេចក្ដីថា ខ្ញុំប្រព្រឹត្ដល្មើសហ៊ូកុំ។ 19 ដោយសារហ៊ូកុំ ខ្ញុំបានរួចពីអំណាចរបស់ហ៊ូកុំដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់អុលឡោះ។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយអាល់ម៉ាហ្សៀស 20 ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺអាល់ម៉ាហ្សៀសទេតើ ដែលមានជីវិតរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើបុត្រារបស់អុលឡោះ ដែលបានស្រឡាញ់ខ្ញុំ និងបានលះបង់ជីវិតសម្រាប់ខ្ញុំ។ 21 ខ្ញុំមិនលុបបំបាត់ក្តីមេត្តារបស់អុលឡោះឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារហ៊ូកុំនោះ បានសេចក្ដីថាអាល់ម៉ាហ្សៀសស្លាប់ឥតបានការអ្វីទេ! |
© 2014 United Bible Societies, UK.
United Bible Societies