ព្រះជាម្ចាស់នឹងលើកក្រុងយេរូសាឡឹមឡើងវិញ1 ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើង សម្តែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។ 2 យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម របស់អ្នកវិញ! ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ ចូរស្រាយចំណងចេញពីកអ្នកទៅ! 3 ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ 4 ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ពីដំបូង ប្រជារាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ 5 ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេយកប្រជាជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។ 6 ហេតុនេះ នៅថ្ងៃនោះ ប្រជារាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។ ដំណឹងល្អអំពីសេចក្ដីសុខសាន្ត7 អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!”។ 8 នេះជាសំឡេងរបស់អ្នកយាមក្រុង! ពួកគេបន្លឺសំឡេងឡើង និងស្រែកហ៊ោរួមជាមួយគ្នា ដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មក ក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។ 9 គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោរួមជាមួយគ្នា ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជាជនរបស់ព្រះអង្គ ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ! 10 ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។ 11 អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ របស់ព្រះអម្ចាស់ ចូរនាំគ្នាចាកចេញពីទីនេះទៅ កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ! ចូរចាកចេញពីក្រុងបាប៊ីឡូននេះ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ! 12 អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នា ដើម្បីការពារអ្នក។ ទុក្ខលំបាកនៃអ្នកបម្រើរបស់ព្រះអម្ចាស់13 ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន មានឋានៈខ្ពង់ខ្ពស់ និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។ 14 កាលពីមុន ពេលមហាជនឃើញលោក គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខលោកលែងស្គាល់ លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។ 15 តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក ហើយនាំគ្នាស្ងើចសរសើរ ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់ ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍ ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់ ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ ដែលគេមិនធ្លាប់ឮពីមុនមក។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies