ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេម៉ុស 9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
អេម៉ុស 9

និមិត្ត‌ហេតុ​អស្ចារ្យ​ចុង​ក្រោយ

1 ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ឈរ​លើ អាសនៈ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​វាយ​ក្បាល​សសរ​ឲ្យ​កក្រើក រហូត​ដល់​ជើង​សសរ! ចូរ​កិន​កម្ទេច​មេ​ដឹក​នាំ​របស់ ពួក​គេ​ទាំង​អស់​គ្នា! យើង​នឹង​ប្រហារ​បរិវារ​របស់​ពួក​គេ ឲ្យ​វិនាស​ដោយ​មុខ​ដាវ គ្មាន​នរណា​ម្នាក់​អាច​រត់​គេច​ខ្លួន គ្មាន​នរណា​ម្នាក់​រួច​ជីវិត​បាន​ឡើយ។

2 ទោះ​បី​ពួក​គេ​ចុះ​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់​ក្ដី ក៏​យើង​ទៅ​អូស​យក​មក​វិញ ទោះ​បី​ពួក​គេ​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ក្ដី ក៏​យើង​ទាញ​ទម្លាក់​ចុះ​មក​វិញ​ដែរ។

3 ទោះ​បី​ពួក​គេ​ទៅ​ពួន​នៅ​កំពូល​ភ្នំ​កើមែល​ក្ដី ក៏​យើង​ទៅ​រក​ពួក​គេ ហើយ​ចាប់​យក​មក​វិញ ទោះ​បី​ពួក​គេ​លាក់​ខ្លួន​នៅ​បាត​សមុទ្រ ដើម្បី​កុំ​ឲ្យ​យើង​ឃើញ​ក្ដី ក៏​យើង​ប្រើ​នាគ​ឲ្យ​ទៅ​ខាំ​ពួក​គេ​ដែរ។

4 ទោះ​បី​ពួក​គេ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ក្ដី ក៏​យើង​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​ប្រហារ​ពួក​គេ យើង​នឹង​តាម​មើល​ពួក​គេ​ជានិច្ច ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​វេទនា គឺ​មិន​មែន​ផ្ដល់​សេចក្ដី​សុខ​ទេ»។

5 ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ពាល់​ផែនដី នោះ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ ប្រជា‌ជន​ទាំង​អស់​នៅ​ផែនដី​នាំ​គ្នា​កាន់​ទុក្ខ។ ផែនដី​កក្រើក​ឡើង ស្ងប់​ទៅ​វិញ ដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើង រួច​ស្រក​ទៅ​វិញ​ដែរ។

6 ព្រះអង្គ​សង់​ព្រះ‌ដំណាក់​នៅ​លើ​មេឃ ព្រះអង្គ​ដាក់​លំហ​អាកាស​នៅ​លើ​ផែនដី ព្រះអង្គ​ហៅ​ទឹក​សមុទ្រ ឲ្យ​មក​ស្រោច​ស្រព​ផែនដី ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។

7 «កូន​ចៅ​អ៊ីស្រា‌អែល​អើយ យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង ជន‌ជាតិ​អេត្យូ‌ពី​ទេ។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យើង​ក៏​បាន​នាំ​ជន‌ជាតិ​ភីលីស្ទីន ចេញ​ពី​ស្រុក​កាប់‌ថោរ ព្រម​ទាំង​នាំ​ជន‌ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

8 យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​តាម​មើល​នគរ​ដែល​មាន​ទោស យើង​នឹង​កម្ទេច​នគរ​នេះ ឲ្យ​វិនាស​បាត់​ពី​ផែនដី។ ប៉ុន្តែ យើង​នឹង​មិន​កម្ទេច​កូន​ចៅ​លោក​យ៉ាកុប ឲ្យ​វិនាស​សូន្យ​ទាំង​ស្រុង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9 យើង​បញ្ជា​ឲ្យ​គេ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែល ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។ សូម្បី​តែ​ក្រួស​តូច​មួយ ក៏​មិន​ឲ្យ​ជ្រុះ​ដល់​ដី​ដែរ។

10 មនុស្ស​បាប​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា អ្នក​ទាំង​នោះ​ពោល​ថា: “ព្រះអង្គ​មិន​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ចូល​មក​ជិត ឬ​កើត​មាន​ដល់​ពួក​យើង​ឡើយ”។

ព្រះ‌បន្ទូល​សន្យា​ស្ដារ​ស្រុក​អ៊ីស្រា‌អែល​ឡើង​វិញ

11 «នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ខ្ទម​របស់​ដាវីឌ ដែល​ជិត​រលំ​ទៅ​ហើយ​នោះ​ឡើង​វិញ យើង​នឹង​ជួស‌ជុល​កន្លែង​ធ្លុះ‌ធ្លាយ យើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់​បែក ហើយ​សង់​ខ្ទម​នោះ​ឲ្យ​បាន​ល្អ​ដូច​ដើម​វិញ

12 ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាប់​យក ស្រុក​អេដុម​ដែល​នៅ​សេស‌សល់ ព្រម​ទាំង​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង​អស់ ដែល​ជា​កម្មសិទ្ធិ​របស់​យើង​កាល​ពី​ដើម» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​នឹង​សម្រេច​ការ​ទាំង​នោះ។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ កាល​ណា​គេ​ច្រូត​ស្រូវ​រួច​រាល់​ហើយ អ្នក​ភ្ជួរ​ក៏​មក​ភ្ជួរ​ភ្លាម។ ក្រោយ​ពេល​សាប​ព្រោះ​ស្រូវ​រួច​ហើយ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ក៏​នឹង​មក​បេះ​ផ្លែ​យក​មក​ជាន់​ភ្លាមៗ​ដែរ។ ទឹក​ទំពាំង‌បាយជូរ​នឹង​ហូរ​ចុះ​ពី​ភ្នំ​តូច​ភ្នំ​ធំ យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។

14 ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាត ដើម្បី​ស្នាក់​នៅ។ ពួក​គេ​នឹង​ដាំ​ទំពាំង‌បាយជូរ ហើយ​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង‌បាយជូរ​នោះ។ ពួក​គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ ផល​ផ្លែ​ពី​ចម្ការ​នោះ​ដែរ។

15 យើង​នឹង​ឲ្យ​ពួក​គេ​រស់​នៅ​យ៉ាង​ស្ថិត‌ស្ថេរ លើ​ទឹក​ដី​របស់​ខ្លួន គ្មាន​នរណា​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ នេះ​ទៀត​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies