ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេម៉ុស 5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
អេម៉ុស 5

ទំនួញ​ស្រណោះ​អ៊ីស្រា‌អែល

1 កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ! ចូរ​ស្ដាប់​ទំនួញ​ដែល​ខ្ញុំ​ស្មូត្រ​អំពី​អ្នក​រាល់​គ្នា!

2 អ៊ីស្រា‌អែល​ដែល​ជា​ស្ត្រី​ព្រហ្មចារី ត្រូវ​រលំ​ហើយ នាង​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទៀត​ទេ។ នាង​ដេក​ដួល​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គ្មាន​នរណា​លើក​នាង​ឡើយ

3 ដ្បិត​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​របស់​អ៊ីស្រា‌អែល​ដែល​ចាត់​ទាហាន មួយ​ពាន់​នាក់​ឲ្យ​ទៅ​ច្បាំង ឃើញ​ពួក​គេ​ត្រឡប់​មក​វិញ​តែ​មួយ​រយ​នាក់។ ក្រុង​ដែល​ចាត់​ទាហាន​មួយ​រយ​នាក់ ឲ្យ​ទៅ​ច្បាំង ឃើញ​ពួក​គេ​ត្រឡប់​មក​វិញ តែ​ដប់​នាក់​ប៉ុណ្ណោះ!»។

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ចូរ​ស្វែង​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។

5 កុំ​ទៅ​បេត‌អែល កុំ​ទៅ​គីលកាល កុំ​ទៅ​បៀរ‌សេបា​ឡើយ ដ្បិត​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ ជា​ឈ្លើយ​ទាំង​អស់​គ្នា រីឯ​បេត‌អែល​ដែល​ជា​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នឹង​ក្លាយ​ទៅ​ដំណាក់​ទុច្ចរិត»។

6 កូន​ចៅ​លោក​យ៉ូសែប​អើយ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត! ចូរ​ប្រយ័ត្ន ក្រែង​ព្រះអង្គ​ឆាប‌ឆេះ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​នៅ​បេត‌អែល អាច​នឹង​ពន្លត់​បាន​ឡើយ។

7 អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌ ប្រែ​ទៅ​ជា​ពិស‌ពុល ព្រម​ទាំង​ជាន់​ឈ្លី​សេចក្ដី​សុចរិត​ទៀត​ផង។

8 ព្រះអង្គ​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័ល ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​អន្ធការ ប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹត ព្រះអង្គ​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដី ព្រះ‌នាម​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់។

9 ព្រះអង្គ​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​យ៉ាង​ទាន់‌ហន់ ចំពោះ​អ្នក​ខ្លាំង​ពូកែ ហើយ​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​វិនាស។

10 ពួក​គេ​ស្អប់​ចៅ‌ក្រម​ដែល​កាត់​ក្ដី​ដោយ​យុត្តិធម៌ ពួក​គេ​មិន​ចូល​ចិត្ត​សាក្សី​ទៀង​ត្រង់​ទេ។

11 អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌ត ហើយ​រឹប​អូស​យក​ស្រូវ​របស់​គេ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​នឹង មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​មាន​តម្លៃ ដែល​អ្នក​រាល់​គ្នា​បាន​សង់​នោះ​ទេ។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​ផឹក ស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់ ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​បាន​ដាំ​នោះ​ដែរ។

12 «យើង​ដឹង​ថា អ្នក​រាល់​គ្នា​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ជា​ច្រើន ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ក៏​ធ្ងន់‌ធ្ងរ​ដែរ អ្នក​រាល់​គ្នា​សង្កត់‌សង្កិន​មនុស្ស​សុចរិត អ្នក​រាល់​គ្នា​ទទួល​សំណូក ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ទេ។

13 បច្ចុប្បន្ន‌កាល​នេះ​ជា​គ្រា​មួយ​ដ៏​លំបាក ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាជ្ញា សុខ​ចិត្ត​នៅ​ស្ងៀម»។

14 ចូរ​ខិត‌ខំ​ស្វែង​រក​អំពើ​ល្អ កុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត ហើយ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ស្រាប់។

15 ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជា អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ូសែប ដែល​នៅ​សេស‌សល់។

16 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស‌ម្នា​នឹង​សោក​សង្រេង នៅ​តាម​ទី​សាធារណៈ​ទាំង​អស់ គេ​នឹង​គក់​ទ្រូង​យំ​នៅ​តាម​ដង​ផ្លូវ​នានា គេ​ហៅ​អ្នក​ភ្ជួរ​រាស់​មក​កាន់​ទុក្ខ ហើយ​ហៅ​អ្នក​ដែល​ចេះ​យំ​រៀប​រាប់ ឲ្យ​មក​យំ​សម្រាប់​ពិធី​បញ្ចុះ​សព។

17 ក្នុង​គ្រា​ដែល​យើង​ដើរ​កាត់​ចំណោម​អ្នក​រាល់​គ្នា មនុស្ស‌ម្នា​នឹង​សោក​សង្រេង នៅ​តាម​ចម្ការ​ទំពាំង‌បាយជូរ​ទាំង​អស់» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ថ្ងៃ​របស់​ព្រះ‌អម្ចាស់

18 អ្នក​ណា​ប្រាថ្នា​ចង់​ឃើញ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​អ្វី​នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ គឺ​មិន​មែន​ថ្ងៃ​ដែល​មាន​ពន្លឺ​ទេ។

19 ថ្ងៃ​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​រត់ គេច​ផុត​ពី​សិង្ហ ហើយ​ទៅ​ជួប​ខ្លា‌ឃ្មុំ ពេល​រត់​ទៅ​ដល់​ផ្ទះ​វិញ គាត់​ច្រត់​ដៃ​លើ​ជញ្ជាំង ហើយ​ត្រូវ​ពស់​ចឹក។

20 ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ងងឹត មិន​មែន​ជា​ថ្ងៃ​មាន​ពន្លឺ​ទេ ជា​ថ្ងៃ​អន្ធការ គ្មាន​ពន្លឺ​រស្មី​អ្វី​សោះ។

21 «យើង​មិន​ចូល​ចិត្ត​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​មិន​អាច​ទ្រាំ​នឹង​ពិធី​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ប្រារព្ធ​ដែរ។

22 ពេល​អ្នក​រាល់​គ្នា​យក​តង្វាយ​ដុត និង​តង្វាយ​ម្សៅ មក​ឲ្យ​យើង យើង​មិន​ពេញ​ចិត្ត​ទេ យើង​ក៏​មិន​រវី‌រវល់​នឹង​កូន​គោ​ដ៏​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើ យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។

23 ចូរ​ឈប់​ច្រៀង​ទំនុកតម្កើង ដ៏​ស្រកៀរ​ត្រចៀក​នេះ​ទៅ! យើង​ក៏​មិន​ចង់​ស្ដាប់​សំឡេង​ពិណ របស់​អ្នក​រាល់​គ្នា​ដែរ។

24 ផ្ទុយ​ទៅ​វិញ ចូរ​គោរព​ច្បាប់​ទុក​ដូច​ជា ប្រភព​នៃ​ជីវិត​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​យុត្តិធម៌​ហូរ​ចេញ​មក ដូច​ទឹក​ស្ទឹង​ដែល​មិន​ចេះ​រីង​ស្ងួត។

25 កូន​ចៅ​អ៊ីស្រា‌អែល​អើយ ក្នុង​រយៈ​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន តើ​អ្នក​រាល់​គ្នា​មាន​យក​យញ្ញ‌បូជា និង​តង្វាយ​ផ្សេងៗ​មក​ឲ្យ​យើង​ឬ​ទេ?

26 ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ ស៊ីគុត​ជា​ទេវ‌រាជ​របស់​អ្នក និង​គីយូន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​រូប​ផ្កាយ​របស់​ព្រះ​នោះ ដែល​អ្នក​រាល់​គ្នា​បាន​សូន​ដោយ​ដៃ​ខ្លួន​ឯង

27 យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​ទៅ​ឆ្ងាយ​ជាង ក្រុង​ដាម៉ាស​ទៅ​ទៀត»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​មាន​នាម​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies