1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល។ អាពាហ៍ពិពាហ៍របស់លោកហូសេ2 ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកហូសេ ចាប់ផ្ដើមដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់ មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។ 3 លោកហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។ 4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្ដេចយេហ៊ូវ ព្រោះតែស្ដេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្ដេចសោយរាជ្យលើពូជពង្សអ៊ីស្រាអែល។ 5 ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រាអែលនៅវាលយេសរាល»។ 6 នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា” ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រាអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។ 7 ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចម្បាំង ឬដោយកងពលសេះឡើយ»។ 8 ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ 9 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។ ថ្ងៃដែលអ៊ីស្រាអែលបានរុងរឿងឡើងវិញ10 ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ”។ 11 ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រាអែល រួបរួមគ្នាវិញ ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ ។ “ទិវាយេសរាល” ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies