1 ព្រះហឫទ័យរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។ 2 មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។ 3 ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។ 4 ទឹកមុខក្រអឺតក្រទម និងចិត្តព្រហើន បង្ហាញឲ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។ 5 អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងហ្មត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់។ 6 អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។ 7 ចិត្តឃោរឃៅរបស់មនុស្សអាក្រក់ នាំឲ្យខ្លួនគេវិនាស ដ្បិតគេមិនព្រមធ្វើអំពើយុត្តិធម៌ទេ។ 8 ជនឧក្រិដ្ឋដើរតាមផ្លូវវៀចវេរ រីឯមនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់។ 9 ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។ 10 មនុស្សពាលគិតតែពីធ្វើបាបគេ សូម្បីតែមិត្តសម្លាញ់របស់ខ្លួនក៏វាមិនត្រាប្រណីដែរ។ 11 បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធ្វើឲ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញានោះគេនឹងទទួលចំណេះ។ 12 ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធ្វើឲ្យគេអន្តរាយ។ 13 អ្នកណាធ្វើជាថ្លង់ មិនឮសម្រែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។ 14 ជំនូនដែលជូនដោយសម្ងាត់ តែងតែរំងាប់កំហឹង រីឯអំណោយដែលជូនដោយលាក់ការណ៍ ក៏ធ្វើឲ្យស្ងប់កំរោលដែរ។ 15 ការប្រព្រឹត្តដោយយុត្តិធម៌រមែងផ្ដល់ឲ្យមនុស្សសុចរិតមានអំណរ តែធ្វើឲ្យមនុស្សទុច្ចរិតភ័យតក់ស្លុត។ 16 អ្នកណាលះបង់សុភនិច្ឆ័យ អ្នកនោះនឹងទៅនៅជាមួយមនុស្សស្លាប់។ 17 អ្នកដែលភ្លើតភ្លើននឹងការសប្បាយតែងតែធ្លាក់ខ្លួនក្រ រីឯអ្នកដែលចូលចិត្តស៊ីផឹកមិនអាចទៅជាអ្នកមានឡើយ។ 18 មនុស្សអាក្រក់តែងតែរងទុក្ខជំនួសមនុស្សសុចរិត ហើយមនុស្សក្បត់រងទុក្ខជំនួសមនុស្សទៀងត្រង់។ 19 ស៊ូរស់នៅក្នុងវាលរហោស្ថាន ជាជាងរស់នៅជាមួយប្រពន្ធពូកែឈ្លោះ ហើយឆាប់ខឹង។ 20 ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញរមែងបង្ហិនទាំងអស់។ 21 អ្នកដែលស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសប្បុរសតែងតែមានអាយុវែង ជួបប្រទះនឹងសេចក្ដីសុចរិត ហើយទទួលកិត្តិយស។ 22 មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកម្ទេចកំពែង ដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។ 23 អ្នកដែលប្រយ័ត្នពាក្យសម្ដី តែងតែចៀសផុតពីទោសពៃរ៍។ 24 មនុស្សអួតបំប៉ោង និងព្រហើន តែងតែចំអកឲ្យអ្នកដទៃ អ្វីៗដែលគេធ្វើសុទ្ធតែបង្ហាញនូវការអួតបំប៉ោងរបស់ខ្លួន។ 25 បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។ 26 មនុស្សខ្លះគិតតែពីលោភចង់បាន រីឯមនុស្សសុចរិតវិញ តែងតែធ្វើទានដោយឥតសំចៃ។ 27 ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។ 28 សាក្សីក្លែងក្លាយរមែងវិនាស រីឯអ្នកដែលដឹងរឿងច្បាស់ ទើបអាចនិយាយបាន។ 29 មនុស្សអាក្រក់រមែងមានមុខក្រាស់ រីឯមនុស្សទៀងត្រង់ រឹតតែប្រព្រឹត្តត្រឹមត្រូវថែមទៀត។ 30 គ្មានប្រាជ្ញា ការពិចារណា ឬយោបល់ណាអាចប្រៀបផ្ទឹមស្មើនឹងព្រះអម្ចាស់បានឡើយ។ 31 គេរៀបទ័ពសេះសម្រាប់ថ្ងៃប្រយុទ្ធ តែជ័យជម្នះស្ថិតនៅលើព្រះអម្ចាស់។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies