លោកយ៉ូណាសនៅក្នុងពោះត្រី1 ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឲ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់ ។ 2 នៅក្នុងពោះត្រី លោកអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក។ 3 លោកពោលថា៖ «ពេលទូលបង្គំមានអាសន្ន ទូលបង្គំអង្វររកព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំវិញ។ នៅក្នុងស្ថានមច្ចុរាជ ទូលបង្គំស្រែកហៅព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។ 4 ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ ដ៏សែនជ្រៅ ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។ ព្រះអង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក មកលើទូលបង្គំដែរ។ 5 ទូលបង្គំគិតថា ព្រះអង្គបានដេញទូលបង្គំចេញ ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរក ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គតទៅទៀត។ 6 ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំ សេចក្ដីអន្តរាយមករួបរឹតទូលបង្គំ មានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។ 7 ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ ទូលបង្គំជាប់ឃុំក្នុងស្ថានមច្ចុរាជរហូត តែព្រះអង្គបានលើកទូលបង្គំឡើងពីរណ្ដៅ ហើយប្រទានឲ្យទូលបង្គំមានជីវិត។ 8 ពេលទូលបង្គំស្រយុតចិត្តយ៉ាងខ្លាំងនោះ ទូលបង្គំនឹកដល់ព្រះអម្ចាស់ ហើយពាក្យអង្វររបស់ទូលបង្គំ ក៏បានឮទៅដល់ព្រះអង្គ ឮដល់ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។ 9 សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយ លែងគោរពបម្រើព្រះទាំងនោះទៅ! 10 រីឯទូលបង្គំវិញ ទូលបង្គំនឹងយកយញ្ញបូជា មកថ្វាយព្រះអង្គ ទាំងច្រៀងអរព្រះគុណព្រះអង្គផង។ ទូលបង្គំនឹងថ្វាយតង្វាយ ស្របតាមពាក្យដែលទូលបង្គំបានបន់ ដ្បិតមានតែព្រះអម្ចាស់ទេ ដែលសង្គ្រោះទូលបង្គំ»។ 11 ពេលនោះ ព្រះអម្ចាស់បញ្ជាឲ្យត្រីខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies