យើងខ្ញុំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបម្រើ ព្រះអម្ចាស់ ។ 1 ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា មិនបាច់គោរពកោតខ្លាចព្រះជាម្ចាស់ទេ ។ 2 គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុស គួរឲ្យស្អប់នោះឡើយ។ 3 គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់ គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ 4 សូម្បីតែនៅពេលដេក ក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរ គេមានះដើរនៅក្នុងផ្លូវមិនល្អ គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។ 5 ឱព្រះអម្ចាស់អើយ! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។ 6 ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ ឱព្រះអម្ចាស់អើយ ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ 7 ឱព្រះជាម្ចាស់អើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គ មានតម្លៃដ៏លើសលុបបំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់ព្រះបារមី របស់ព្រះអង្គ ដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា ។ 8 ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ ឲ្យមនុស្សលោកនៅក្នុង ព្រះដំណាក់របស់ព្រះអង្គ ហើយព្រះអង្គប្រទានឲ្យគេមាន អំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។ 9 ដ្បិតព្រះអង្គជាប្រភពនៃជីវិត ហើយយើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។ 10 សូមសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត ហើយសម្តែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។ 11 សូមកុំឲ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ ហើយក៏កុំឲ្យមនុស្សពាល មកបណ្តេញទូលបង្គំបានដែរ! 12 មនុស្សប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួល ហើយងើបឡើងវិញពុំរួចឡើយ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies