ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 26

ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត
ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ឥត​សង្ស័យ​ឡើយ។

2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្ទង់ និង​ល្បង​មើល​ចិត្ត​ទូលបង្គំ សូម​ពិនិត្យ​មើល​ជម្រៅ​ចិត្ត​គំនិត​ទូលបង្គំ​ចុះ។

3 ទូលបង្គំ​នឹក​គិត​ពី​ព្រះ‌ហឫទ័យ​មេត្តា ករុណា​របស់​ព្រះអង្គ​ជានិច្ច ហើយ​ទូលបង្គំ​ប្រព្រឹត្ត​តាម សេចក្ដី​ពិត​របស់​ព្រះអង្គ។

4 ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ខិល‌ខូច​ឡើយ ទូលបង្គំ​ក៏​មិន​សេព‌គប់​ជា​មួយ មនុស្ស​មាន​ពុត‌ត្បុត​ដែរ។

5 ទូលបង្គំ​មិន​ចូល​ចិត្ត​នៅ​រួម​ជា​មួយ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ មនុស្ស​ពាល​ទេ។

6 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​លាង​ដៃ​ទុក​ជា​សញ្ញា​បញ្ជាក់​ថា ទូលបង្គំ​ជា​មនុស្ស​ឥត​សៅ‌ហ្មង ហើយ​ទូលបង្គំ​ដើរ​ជុំ‌វិញ​អាសនៈ​របស់​ព្រះអង្គ

7 ទាំង​បន្លឺ​សំឡេង​ច្រៀង​អរ​ព្រះ‌គុណ​ព្រះអង្គ និង​រៀប​រាប់​អំពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។

8 ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ណាស់ គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុងរឿង របស់​ព្រះអង្គ​ស្ថិត​នៅ។

9 សូម​កុំ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ជា​មួយ មនុស្ស​បាប​ឡើយ ហើយ​ក៏​កុំ​ដក​ជីវិត​ទូលបង្គំ រួម​ជា​មួយ​មនុស្ស​ដែល​បង្ហូរ​ឈាម​គេ​ដែរ។

10 អ្នក​ទាំង​នោះ​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គ្រប់​ពេល​វេលា ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ស៊ី​សំណូក​ដែរ!

11 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ទៀង​ត្រង់។ សូម​រំដោះ​ទូលបង្គំ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង!។

12 ទូលបង្គំ​ឈរ​នៅ​កន្លែង​ដ៏​សុចរិត ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ក្នុង​អង្គ​ប្រជុំ!។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies