ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 140 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 140

ពាក្យ​អធិស្ឋាន​របស់​អ្នក​ដែល​ត្រូវ​គេ​មួល​បង្កាច់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​ឲ្យ​ផុត ពី​មនុស្ស​ឃោរ‌ឃៅ។

2 អ្នក​ទាំង​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ស្វែង​រក​ជម្លោះ​ជា​រៀង​រាល់​ថ្ងៃ!

3 អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ដាវ​ដ៏​មុត មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពិស ដូច​ពស់​វែក។ - សម្រាក

4 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់! សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ​ដែល​ឃុប‌ឃិត​គ្នា ចង់​ផ្តួល​រំលំ​ទូលបង្គំ!

5 មនុស្ស​អួត‌អាង​នាំ​គ្នា​ដាក់​ចម្រូង និង​បង្កប់​ខ្សែ​ចាំ​ទាក់​ទូលបង្គំ ពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវ ហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ទូលបង្គំ។ - សម្រាក

6 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ទូលបង្គំ​ទទូច​អង្វរ​ព្រះអង្គ!

7 ព្រះ‌ជា‌អម្ចាស់​អើយ ព្រះអង្គ​សង្គ្រោះ​ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ នៅ​ពេល​ធ្វើ​សឹក​សង្គ្រាម ព្រះអង្គ​ការពារ​ទូលបង្គំ។

8 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស អាក្រក់​បាន​សម្រេច​ឡើយ ហើយ​កុំ​បណ្ដោយ​ឲ្យ​ផែន‌ការ របស់​គេ​បាន​ជោគ​ជ័យ​ឲ្យ​សោះ។ - សម្រាក

9 សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ឡោម‌ព័ទ្ធ​ទូលបង្គំ មាន​ជ័យ‌ជម្នះ តែ​ឲ្យ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ទូលបង្គំ បាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!

10 សូម​ឲ្យ​មាន​រងើក​ភ្លើង​ដ៏​ឆ្អិន‌ឆ្អៅ ស្រោច​ទៅ​លើ​ពួក​គេ ហើយ​សូម​ច្រាន​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង ដែល​គេ​ពុំ​អាច​ឡើង​មក​វិញ​បាន​ឡើយ។

11 សូម​កុំ​ឲ្យ​អ្នក​មួល​បង្កាច់​គេ អាច​នៅ​ស្ថិត‌ស្ថេរ​លើ​ផែនដី​បាន សូម​ឲ្យ​ទុក្ខ​វេទនា​តាម​យាយី​មនុស្ស​ឃោរ‌ឃៅ ឥត​ឈប់​ឈរ​ឡើយ។

12 ខ្ញុំ​ដឹង​ថា​ព្រះ‌អម្ចាស់រក​យុត្តិធម៌​ឲ្យ​មនុស្ស កម្សត់​ទុគ៌ត ព្រះអង្គ​ការពារ​មនុស្ស​ក្រីក្រ។

13 ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​នាំ​គ្នា​លើក តម្កើង​ព្រះ‌នាម​របស់​ព្រះអង្គ ហើយ​មនុស្ស​សុចរិត​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies