1 ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ អើ ចូរមកទិញស្រាទំពាំងបាយជូរ នឹងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ 2 ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កំឡាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ ចូរស្តាប់តាមអញឲ្យអស់ពីចិត្តចុះ នោះឯងនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងឯងបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស 3 ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ ហើយអញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ 4 មើល អញបានតាំងដាវីឌទុកជាទីបន្ទាល់ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ 5 មើល ឯងនឹងហៅសាសន៍១ដែលឯងមិនបានស្គាល់ ហើយសាសន៍១ដែលមិនបានស្គាល់ឯង គេនឹងរត់មកឯឯង ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃឯង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងហើយ។ 6 ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ 7 ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ 8 ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គំនិតអញមិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ 9 ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ 10 ពីព្រោះដែលភ្លៀងនឹងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ នឹងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា 11 នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ 12 ដ្បិតឯងរាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនឹងនាំឯងចេញទៅ ដោយសុខសាន្ត ឯអស់ទាំងភ្នំធំ នឹងភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចំរៀងនៅមុខឯង ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃផង 13 នោះនឹងមានដើមកកោះដុះឡើងជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើងជំនួសអញ្ចាញ ការទាំងនេះនឹងបានសំរាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសំរាប់ជាទីសំគាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia