1 ខ្ញុំក៏ងើបភ្នែកឡើងក្រឡេកមើលទៅ ឃើញមនុស្សដែលកាន់ខ្សែរង្វាស់នៅដៃ 2 ខ្ញុំបានសួរថា តើអញ្ជើញទៅឯណាហ្នឹង អ្នកនោះឆ្លើយមកខ្ញុំថា ទៅវាស់ក្រុងយេរូសាឡិម ដើម្បីឲ្យដឹងទទឹងនឹងបណ្តោយនៃទីក្រុងជាប៉ុន្មាន 3 នោះឃើញទេវតាដែលពោលនឹងខ្ញុំក៏ចេញទៅ ហើយទេវតា១ទៀតបានមកជួបគ្នា 4 ដោយប្រាប់ថា ចូររត់ទៅប្រាប់មនុស្សកំឡោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស នឹងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ 5 ដ្បិតអញនឹងបានជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ ហើយនឹងជាសិរីល្អនៅកណ្តាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 6 ហឺយៗ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតអញបានបែងចែកឯងរាល់គ្នាទៅ ដូចជាខ្យល់ទាំង៤នៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 7 ហឺយ ពួកស៊ីយ៉ូន ដែលនៅជាមួយនឹងកូនស្រីក្រុងបាប៊ីឡូនអើយ ចូរដោះខ្លួនឲ្យរួចចុះ 8 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ក្រោយសិរីល្អ នោះទ្រង់បានចាត់អញទៅឯសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ពីព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ 9 ដ្បិតមើលអញនឹងងាដៃពីលើគេ ហើយគេនឹងត្រឡប់ជារបឹបដល់ពួកអ្នកដែលបំរើគេវិញ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមក 10 ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញមកហើយ អញនឹងនៅកណ្តាលឯងរាល់គ្នា 11 នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងនៅកណ្តាលឯងរាល់គ្នា នោះឯងនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់ឲ្យអញមកឯឯង 12 ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡិមទៀត 13 មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ទ្រង់ហើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia