1 នោះយ៉ូបក៏ឆ្លើយឡើងថា 2 អ្នកពូកែមែន អ្នកបានជួយមនុស្សដែលគ្មានអំណាច បានទប់ទល់ដៃដែលគ្មានកំឡាំង 3 បានទាំងទូន្មានមនុស្សដែលគ្មានប្រាជ្ញា ក៏បានផ្សាយប្រាជ្ញាសុសសាយហើយ 4 តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា តើជាវិញ្ញាណរបស់អ្នកណាដែលបណ្តាលឲ្យអ្នកនិយាយ។ 5 ទោះទាំងមនុស្សស្លាប់ ក៏ញ័ររន្ធត់នៅចំពោះព្រះ គឺនៅក្នុងស្ថានក្រោមទឹក ព្រមទាំងពួកនៅទីនោះផង 6 ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏អាក្រាតទទេនៅចំពោះព្រះ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ 7 ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង 8 ទ្រង់ចងទប់ទឹកនៅក្នុងពពកយ៉ាងក្រាស់របស់ទ្រង់ ហើយពពកមិនធ្លាយពីក្រោមទេ 9 ទ្រង់បាំងខាងមុខបល្ល័ង្កទ្រង់ ហើយត្រដាងពពករបស់ទ្រង់ពីលើ 10 ទ្រង់បានធ្វើរបងព័ទ្ធជុំវិញទឹក ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ 11 សសរនៃផ្ទៃមេឃញញ័រ ហើយមានសេចក្ដីអស្ចារ្យ ដោយទ្រង់បន្ទោស 12 ទ្រង់ធ្វើឲ្យសមុទ្រកំរើកឡើង ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយក៏វាយកំទេចសេចក្ដីឆ្មើងឆ្មៃ 13 ទ្រង់តុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណទ្រង់ ហើយព្រះហស្តទ្រង់បានចាក់ទំលុះពស់ ដែលកំពុងតែលឿនទៅ 14 មើល ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ ហើយយើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ទ្រង់ នោះតើអ្នកណានឹងយល់បាន។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia