1 មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង 2 គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ 3 តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ នឹងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ 4 តើអ្នកណាអាចនឹងដកយករបស់ស្អាតចេញពីរបស់ស្មោកគ្រោកបាន គ្មានអ្នកណាធ្វើបានឡើយ 5 បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច ហើយចំនួនអស់ទាំងខែនៃជីវិតរបស់គេបានកត់នៅនឹងទ្រង់ បើទ្រង់បានដំរូវព្រំខណ្ឌរបស់គេ មិនឲ្យគេរំលងហួសឡើយ 6 នោះសូមទ្រង់បែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានឈប់សំរាកចុះ គឺបែរចេញដរាបដល់គេបានសំរេចពេលកំណត់ ដូចជាជើងឈ្នួល 7 ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងពន្លកឡើងទៀត ហើយថា នឹងមិនខានមានមែកខ្ចីទៀតឡើយ 8 ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី 9 គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ 10 ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ អើ មនុស្សប្រគល់វិញ្ញាណទៅ នោះតើគេនៅឯណា 11 ឯទឹកភ្លៀងខានមកពីសមុទ្រ រួចស្ទឹងរីងស្ងួតទៅយ៉ាងណា 12 នោះមនុស្សក៏ដេកទៅឥតក្រោកឡើងទៀតយ៉ាងនោះដែរ គេនឹងមិនភ្ញាក់ឡើងវិញ ឬអ្នកណាដាស់ឲ្យគេភ្ញាក់ពីដេកឡើងឡើយ ដរាបដល់ផ្ទៃមេឃសូន្យបាត់ទៅ។ 13 ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្ដីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង 14 បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ បើមាន នោះទូលបង្គំនឹងរង់ចាំអស់រវាងសង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានរឥលចេញទៅ 15 នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ 16 តែសព្វថ្ងៃនេះ ទ្រង់រាប់អស់ទាំងជំហានទូលបង្គំវិញ តើទ្រង់មិនត្រួតមើលអស់ទាំងអំពើបាបរបស់ទូលបង្គំផងទេឬអី 17 សេចក្ដីរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយទ្រង់បិទភ្ជាប់អំពើអាក្រក់របស់ទូលបង្គំផង។ 18 ឯភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទី ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅ 19 ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចំរោះដី គឺយ៉ាងនោះដែលទ្រង់បំផ្លាញសេចក្ដីសង្ឃឹមរបស់មនុស្សទៅ 20 ទ្រង់កំរាបគេជាដរាប រួចគេបាត់ទៅ ទ្រង់បំផ្លាស់បំប្រែភាពរបស់គេ ហើយកំចាត់គេទៅ 21 កូនចៅរបស់គេមានកិត្តិយសឡើង តែគេមិនដឹងទេ វាត្រូវបន្ទាបចុះ តែគេមិនសំគាល់ដឹងអ្វីសោះ 22 គេដឹងឈឺតែចំពោះខ្លួនគេ ហើយមានសេចក្ដីទុក្ខព្រួយតែចំពោះចិត្តខ្លួនប៉ុណ្ណោះ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia