1 នៅរាត្រីយប់ កំពុងដេកនៅលើដំណេក នោះខ្ញុំក៏ស្វែងរកព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ 2 ដូច្នេះ ក៏នឹងថា អញនឹងក្រោកឡើងដើរទៅមកក្នុងទីក្រុង អញនឹងស្វែងរកព្រះអង្គដែលដួងចិត្តអញស្រឡាញ់ នៅតាមផ្លូវទាំងប៉ុន្មាន ហើយនៅទីធ្លាផង ខ្ញុំក៏ខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ 3 ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា អ្នករាល់គ្នាបានឃើញព្រះអង្គដែល ដួងចិត្តខ្ញុំស្រឡាញ់ឬទេ 4 ខ្ញុំបានដើរហួសពីគេតែបន្តិចទេ ស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំបានចាប់អង្គទ្រង់ មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយ ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។ 5 ៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស នឹងពួកក្តាន់នៅវាលថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់ ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។ 6 ៙ តើអ្នកណានុ៎ះ ដែលឡើងពីទីរហោស្ថានមក មានហុយដូចជាផ្សែង មានអប់ខ្លួនដោយខ្លឹមចន្ទន៍ នឹងកំញាន ព្រមទាំងម្សៅក្រអូបគ្រប់យ៉ាងរបស់ពួកជំនួញដូច្នេះ 7 នុ៎ះន៍ គឺជាព្រះវសែងរបស់សាឡូម៉ូន មានមនុស្សស្ទាត់ជំនួញក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែល៦០នាក់ហែហមទ្រង់ 8 គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចំបាំង គ្រប់គ្នានែបដាវនៅត្រគាក ក្រែងមានហេតុភ័យនៅរាត្រីយប់។ 9 ស្តេចសាឡូម៉ូនបានធ្វើព្រះវ១សំរាប់ទ្រង់ ដោយឈើពីព្រៃល្បាណូន 10 ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកំរាលដោយមាស ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ ហើយខាងក្នុងមានសំពត់ដែលពួកកូនស្រីៗ ក្រុងយេរូសាឡិមបានប៉ាក់ដោយសេចក្ដីស្រឡាញ់។ 11 ៙ ឱពួកកូនស្រីក្រុងស៊ីយ៉ូនអើយ ចូរចេញទៅមើលស្តេចសាឡូម៉ូនចុះ ទ្រង់ពាក់មកុដដែលព្រះមាតាបានបំពាក់ថ្វាយ ក្នុងថ្ងៃវិវាហមង្គលទ្រង់ គឺនៅថ្ងៃដែលទ្រង់មានព្រះទ័យរីករាយសប្បាយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia