ទំនុក។ 1 ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ ព្រះហស្តស្តាំ នឹងព្រះពាហុដ៏បរិសុទ្ធរបស់ទ្រង់ បាននាំឲ្យទ្រង់មានជ័យជំនះ 2 ព្រះយេហូវ៉ាទ្រង់បានសំដែងឲ្យស្គាល់សេចក្ដីសង្គ្រោះ របស់ទ្រង់ ទ្រង់ធ្វើឲ្យសេចក្ដីសុចរិតរបស់ទ្រង់បានប្រាកដច្បាស់ នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ 3 ទ្រង់បាននឹកចាំពីសេចក្ដីសប្បុរស នឹងសេចក្ដីស្មោះត្រង់ របស់ទ្រង់ ចំពោះវង្សអ៊ីស្រាអែលហើយ អស់ទាំងចុងផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះ នៃយើងខ្ញុំ 4 ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ 5 ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុង គឺដោយចាប់ស៊ុង ហើយដោយសំឡេងដ៏ពីរោះ 6 ដោយត្រែនឹងសូរស្នែងផង ចូរឡើងសំឡេងដោយអំណរ នៅចំពោះព្រះយេហូវ៉ាដ៏ជាមហាក្សត្រ 7 ចូរឲ្យសមុទ្រលាន់ឮរំពង ព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ ហើយលោកីយ នឹងអស់អ្នកដែលនៅលោកីយផង 8 ចូរឲ្យអស់ទាំងទន្លេទះដៃ ហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ 9 គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី ទ្រង់នឹងជំនុំជំរះលោកីយ ដោយសេចក្ដីសុចរិត ហើយអស់ទាំងសាសន៍ ដោយសេចក្ដីទៀងត្រង់។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia