ទំនុកនៃស្តេចដាវីឌ។ 1 កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ 2 ដ្បិតនៅបន្តិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ។ 3 ៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត 4 ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត 5 ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច 6 ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញ ដូចជាពន្លឺ ហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង 7 ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។ 8 ៙ ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ 9 ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក 10 ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ 11 ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។ 12 ៙ ចំណែកមនុស្សអាក្រក់ គេគិតគូរការទាស់នឹងមនុស្សសុចរិត ក៏សំញែងធ្មេញដាក់អ្នកនោះ 13 តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់ 14 ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយដំឡើងធ្នូទុក ដើម្បីនឹងទំលាក់មនុស្សទ័លក្រ ហើយនឹងមនុស្សកំសត់ទុគ៌ត ព្រមទាំងសំឡាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់ 15 តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញ ហើយធ្នូគេនឹងត្រូវបាក់ 16 ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិត នោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់ ជាច្រើននាក់ទៅទៀត 17 ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។ 18 ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់ មនុស្សទៀតត្រង់ ហើយមរដករបស់គេនឹងនៅជាប់ជាដរាប 19 គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ នោះគេនឹងបានឆ្អែត។ 20 ៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅ ហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀម គេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង 21 ឯមនុស្សអាក្រក់គេខ្ចីឥតសងវិញឡើយ តែមនុស្សសុចរិតគេមានគុណ ហើយក៏ឲ្យទានវិញ 22 ដ្បិតអស់អ្នកដែលទទួលព្រះពរពីទ្រង់ នោះនឹងបានផែនដីជាមរដក តែអស់អ្នកដែលទ្រង់ដាក់បណ្តាសាវិញ នោះនឹងត្រូវកាត់ចោលចេញ។ 23 ៙ គឺព្រះយេហូវ៉ាដែលដំរូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ 24 ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត 25 យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ 26 គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចី ហើយពូជពង្សគេបានពរដែរ។ 27 ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប 28 ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ 29 ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច។ 30 ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា ហើយអណ្តាតគេក៏សំដែងជាសេចក្ដីយុត្តិធម៌ 31 ក្រិត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ 32 មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយក៏រកសំឡាប់គេ 33 ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុង កណ្តាប់ដៃមនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។ 34 ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ 35 យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី ដែលចំរើននៅទីកំណើតវា 36 តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយ អើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។ 37 ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ 38 ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ 39 ឯសេចក្ដីសង្គ្រោះនៃមនុស្សសុចរិត នោះមកពីព្រះយេហូវ៉ា ក្នុងគ្រាដែលមានសេចក្ដីលំបាក នោះទ្រង់ជាទីអាងដល់គេ 40 ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច ទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ ព្រមទាំងជួយសង្គ្រោះគេផង ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia