ទំនុកនៃស្តេចដាវីឌ ជាអ្នកបំរើនៃព្រះយេហូវ៉ា ដែលទ្រង់លើកសំរាប់មេភ្លេង។ 1 ការរំលងច្បាប់របស់មនុស្សអាក្រក់ នោះសំដែងក្នុងចិត្តខ្ញុំថា នៅភ្នែកគេគ្មានសេចក្ដីកោតខ្លាចដល់ព្រះទេ 2 ដ្បិតនៅភ្នែកគេក៏មើលខ្លួនជាគួរបញ្ចើចបញ្ចើវិញ ដោយថា សេចក្ដីទុច្ចរិតរបស់ខ្លួន មិនដែលមាន អ្នកណាឃើញ ឬស្អប់ឡើយ 3 អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីទុច្ចរិត ហើយភូតភរទទេ គេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ 4 គេដេកគិតបង្កើតការទុច្ចរិតនៅលើដំណេកខ្លួន ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ គេមិនចេះខ្ពើមការអាក្រក់ឡើយ។ 5 ៙ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ ដល់ផ្ទៃមេឃ សេចក្ដីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង 6 សេចក្ដីសុចរិតរបស់ទ្រង់ដូចជាភ្នំនៃព្រះ សេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្ស នឹងសត្វផង 7 ឱព្រះអង្គអើយ សេចក្ដីសប្បុរសនៃទ្រង់ថ្លៃវិសេស យ៉ាងណាហ្ន៎ ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់ 8 គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់ ហើយទ្រង់នឹងឲ្យគេផឹកពីទន្លេនៃសេចក្ដីអំណររបស់ទ្រង់ 9 ដ្បិតឯជ្រោះនៃជីវិត នោះនៅជាមួយនឹងទ្រង់ នៅក្នុងពន្លឺនៃទ្រង់ នោះយើងខ្ញុំនឹងបានភ្លឺ 10 ឱសូមទ្រង់ចេះតែផ្តល់សេចក្ដីសប្បុរស ដល់អស់អ្នកដែលស្គាល់ទ្រង់តទៅ ហើយសេចក្ដីសុចរិតរបស់ទ្រង់ ដល់អស់អ្នក ដែលមានចិត្តទៀងត្រង់ផង 11 សូមកុំឲ្យជើងរបស់មនុស្សឆ្មើងឆ្មៃ មកទាស់នឹងទូលបង្គំ ឬដៃនៃមនុស្សអាក្រក់មកបណ្តេញទូលបង្គំឡើយ 12 សូមឲ្យពួកអ្នកដែលប្រព្រឹត្តអាក្រក់នោះបានដួលចុះ ឲ្យគេត្រូវទំលាក់ទៅឥតក្រោកឡើងវិញបានឡើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia