ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 31


ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ពឹង​ជ្រក​ក្នុង​ទ្រង់ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

2 សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់​ទូលបង្គំ ហើយ​ជួយ​ឲ្យ​ទូលបង្គំ​រួច​ជា​ប្រញាប់ សូម​ទ្រង់​ធ្វើ​ជា​ថ្មដា​មាំ‌មួន​ដល់​ទូលបង្គំ គឺ​ជា​បន្ទាយ​សំរាប់​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង

3 ដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ​ពិត ហេតុ​នោះ សូម​ទ្រង់​នាំ ហើយ​ដំរង់​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

4 សូម​ទ្រង់​ដោះ​ទូលបង្គំ​ចេញ​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់ ដោយ​លួច​លាក់ ដើម្បី​នឹង​ចាប់​ទូលបង្គំ ដ្បិត​ទ្រង់​ជា​ទី​ពឹង​របស់​ទូលបង្គំ​ហើយ

5 ទូលបង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​ពិត​អើយ ទ្រង់​បាន​លោះ​ទូលបង្គំ​ទុក

6 ទូលបង្គំ​ស្អប់​ចំពោះ​អស់​អ្នក ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ភូត‌ភរ ឯ​ទូលបង្គំ​វិញ បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា

7 ទូលបង្គំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយ ដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឃើញ​សេចក្ដី​វេទនា​របស់​ទូលបង្គំ​ហើយ ក៏​បាន​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​ក្នុង​ព្រលឹង​ទូលបង្គំ​ដែរ

8 ទ្រង់​មិន​បាន​ឃុំ‌ឃាំង​ទូលបង្គំ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេ គឺ​ទ្រង់​បាន​ដាក់​ជើង​ទូលបង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្ដី​សោយ​សោក ព្រម​ទាំង​ចិត្ត នឹង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង

10 ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ទូលបង្គំ ដោយ​ដំងូរ​ផង កំឡាំង​នៃ​ទូលបង្គំ​ចេះ​តែ​ខ្សោយ​ទៅ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ទូលបង្គំ ហើយ​អស់​ទាំង​ឆ្អឹង​ទូលបង្គំ​ក៏​ខ្សោះ​ទៅ​ដែរ

11 ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ ដោយ​ព្រោះ​ពួក​តតាំង​នឹង​ទូលបង្គំ អើ ដល់​ទាំង​ពួក​អ្នក​ជិត​ខាង​នៃ​ទូលបង្គំ​ជា​ខ្លាំង ហើយ​ជា​សេចក្ដី​គួរ​ខ្លាច​ដល់​ពួក​ដែល​ធ្លាប់​ស្គាល់ ទូលបង្គំ​ផង ពួក​អ្នក​ដែល​បាន​ឃើញ​ទូលបង្គំ​នៅ​ខាង​ក្រៅ នោះ​ក៏​រត់​ចេញ​ពី​មុខ​ទូលបង្គំ​ទៅ

12 មនុស្ស​បាន​ភ្លេច​ទូលបង្គំ​បង់ ដូច​ជា​គេ​លែង​នឹក​ពី មនុស្ស​ណា​ដែល​ស្លាប់​បាត់​ហើយ ទូលបង្គំ​ក៏​ដូច​ជា​ឆ្នាំង​ដែល​បែក​ធ្លាយ​ដែរ

13 ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំវិញ ហើយ​កំពុង​ដែល​គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ទូលបង្គំ នោះ​ក៏​បង្កើត​កិច្ច‌កល​នឹង​ដក​ជីវិត​ទូលបង្គំ​ចេញ

14 តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ

15 ឯ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ សូម​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ របស់​ទូលបង្គំ ហើយ​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ដល់​ទូលបង្គំ​ដែរ

16 សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់

17 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​មាន​សេចក្ដី​ខ្មាស​វិញ សូម​ឲ្យ​គេ​ស្ងៀម​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

18 សូម​ឲ្យ​បបូរ​មាត់​កំភូត​បាន​ទៅ​ជា​គ គឺ​បបូរ​មាត់​ដែល​ពោល​ទាស់​នឹង​មនុស្ស​សុចរិត ដោយ​ឆ្មើង‌ឆ្មៃ ចិត្ត​ធំ នឹង​សេចក្ដី​មើល‌ងាយ

19 ឱ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ជា​ធំ​អម្បាល​ណា​ទៅ ដែល​ទ្រង់​បាន​ត្រៀម​ទុក​សំរាប់​អស់​អ្នក​ដែល កោត‌ខ្លាច​ដល់​ទ្រង់ ជា​សេចក្ដី​ដែល​ទ្រង់​បាន​បង្កើត​នៅ​មុខ​មនុស្ស​លោក សំរាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

20 ទ្រង់​នឹង​លាក់​គេ​ទុក​នៅ​ទី​កំបាំង​ចំពោះ​ទ្រង់ ឲ្យ​បាន​រួច​ពី​ឧបាយ​របស់​មនុស្ស ទ្រង់​នឹង​ថែ​រក្សា​គេ ដោយ​សំងាត់ នៅ​ក្នុង​ពន្លា​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​អណ្តាត​ទាំង‌ឡាយ

21 សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដល់​ទូលបង្គំ​នៅ​ក្នុង​ទី​ក្រុង​មាំ‌មួន

22 ឯ​ទូលបង្គំ បាន​និយាយ​ដោយ​ប្រញាប់​ពេក​ថា ទូលបង្គំ​ត្រូវ​កាត់​ចេញ​ពី​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ហើយ ប៉ុន្តែទ្រង់​បាន​ឮ​សំឡេង​ដែល​ទូលបង្គំ​ទូល‌អង្វរ ក្នុង​កាល​ដែល​អំពាវ‌នាវ​ដល់​ទ្រង់

23 ឱ​អស់​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយ ចូរ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​ការ‌ពារ​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ក៏​សង​ដល់​មនុស្ស​ឆ្មើង‌ឆ្មៃ​ជា​បរិបូរ

24 ឱ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​មាន​កំឡាំង​ឡើង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា បាន​ក្លាហាន​ចុះ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia