ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់ច្រៀងឆ្លងព្រះវិហារ។ 1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញ មិនបានបើកឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ 2 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ហើយទ្រង់ប្រោសឲ្យទូលបង្គំបានជា 3 ឱព្រះយេហូវ៉ាអើយ ទ្រង់បាននាំព្រលឹងទូលបង្គំឡើង រួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ទ្រង់បានប្រោសឲ្យទូលបង្គំរស់នៅ ដើម្បីកុំឲ្យទូលបង្គំចុះទៅក្នុងរណ្តៅឡើយ 4 ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្ដីបរិសុទ្ធនៃទ្រង់ 5 ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេ តែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញ ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ 6 ចំណែកខាងទូលបង្គំៗបានពោលក្នុងគ្រានៃសេចក្ដី ចំរើនរបស់ទូលបង្គំថា ទូលបង្គំមិនត្រូវរង្គើឡើយ 7 ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់បានតាំងភ្នំនៃទូលបង្គំឡើងឲ្យមាំមួន ដោយព្រះគុណទ្រង់ កាលទ្រង់បានលាក់ព្រះភក្ត្រទៅ នោះទូលបង្គំមានសេចក្ដីតក់ស្លុត 8 តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ គឺទូលបង្គំបានទូលអង្វរដល់ព្រះយេហូវ៉ាថា 9 តើមានប្រយោជន៍អ្វី ដែលទ្រង់កំចាយឈាមទូលបង្គំ ហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះ តើធូលីនឹងសរសើរដល់ទ្រង់ដែរឬ តើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ 10 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើជាអ្នកជំនួយ ដល់ទូលបង្គំផង 11 នោះទ្រង់បានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាសេចក្ដីត្រេកអរទៅវិញ ទ្រង់បានផ្លាស់សំពត់សំរាប់កាន់ទុក្ខចេញ ឲ្យទូលបង្គំបានស្លៀកពាក់សេចក្ដីអំណរឡើង 12 ដើម្បីឲ្យចិត្តទូលបង្គំបានច្រៀងសរសើរដល់ទ្រង់ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ជាដរាបទៅ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia