ទំនុកនៃស្តេចដាវីឌ។ 1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអំពាវនាវដល់ទ្រង់ ឱថ្មដាទូលបង្គំអើយ សូមកុំព្រងើយចំពោះទូលបង្គំឡើយ បើទ្រង់នៅតែស្ងៀមនឹងទូលបង្គំ នោះក្រែងទូលបង្គំនឹងបានដូចជាអស់អ្នកដែលចុះទៅក្នុងរណ្តៅ 2 សូមស្តាប់សំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាល ដែលទូលបង្គំអំពាវនាវដល់ទ្រង់ គឺក្នុងកាលដែលទូលបង្គំប្រទូលដៃទៅឯ ទីបរិសុទ្ធរបស់ទ្រង់ 3 សូមកុំទាញទូលបង្គំទៅជាមួយនឹងមនុស្សអាក្រក់ ឬជាមួយនឹងមនុស្សដែលប្រព្រឹត្តការទុច្ចរិត ជាអ្នកដែលពោលពាក្យដោយមេត្រីនឹងអ្នកជិតខាង តែមានគំនិតកាចអាក្រក់នៅក្នុងចិត្តវិញ នោះឡើយ 4 សូមសងគេតាមការដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្តនោះ សូមសងគេតាមស្នាដៃរបស់គេ ហើយតបឲ្យសំណំនឹងទោសរបស់គេ 5 ដ្បិតគេមិនយកចិត្តទុកដាក់នឹងការនៃព្រះយេហូវ៉ា ឬនឹងស្នាដៃនៃព្រះហស្តទ្រង់នោះឡើយ ទ្រង់មិនស្អាងគេឡើងទេ គឺនឹងរំលំគេទៅវិញ។ 6 ៙ សូមលើកសរសើរដល់ព្រះយេហូវ៉ា ពីព្រោះទ្រង់បានឮសំឡេងដែលខ្ញុំទូលអង្វរ 7 ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ 8 ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទីមាំមួន សំរាប់នឹងជួយសង្គ្រោះ ដល់ពួកអ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ 9 សូមទ្រង់ជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយប្រទានពរដល់មរដកនៃទ្រង់ សូមធ្វើជាអ្នកគង្វាលដល់គេ ព្រមទាំងបីទ្រគេជាដរាបតទៅ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia