1 យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន អើ យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន 2 យើងបានពាក់ព្យួរស៊ុងរបស់យើងនៅដើមចាក នាកណ្តាលស្រុកនោះ 3 ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើងទៅជាឈ្លើយ គេបង្ខំឲ្យយើងច្រៀងបទ គឺពួកអ្នកដែលបំផ្លាញយើង គេឲ្យយើងលេង ឲ្យគេបានអរសប្បាយ ដោយពាក្យថា ចូរច្រៀងបទ១របស់ក្រុងស៊ីយ៉ូនមក ឲ្យយើងស្តាប់មើល 4 តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចបាន 5 ឱក្រុងយេរូសាឡិមអើយ បើសិនជាខ្ញុំភ្លេចឯង នោះសូមឲ្យដៃស្តាំខ្ញុំភ្លេចថ្វីដៃទៅផង 6 បើសិនជាខ្ញុំមិនរឭកដល់ឯង គឺបើខ្ញុំមិនចូលចិត្តនឹងក្រុងយេរូសាឡិម ជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់ខ្ញុំ នោះសូមឲ្យអណ្តាតខ្ញុំជាប់នៅក្រអូមមាត់ចុះ 7 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីពួកជនជាតិអេដំមថា នៅថ្ងៃលំបាកនៃក្រុងយេរូសាឡិម នោះគេបានស្រែកថា ចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង 8 ឱកូនស្រីនៃបាប៊ីឡូនអើយ ឯងនឹងត្រូវបំផ្លាញហើយ សប្បាយហើយ អ្នកណាដែលសងដល់ឯង តាមការដែលឯងបានប្រព្រឹត្តនឹងយើង 9 សប្បាយហើយ អ្នកណាដែលនឹងចាប់កូនតូចរបស់ឯង ទៅបោកនឹងថ្មផង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia