យញ្ញបូជាដ៏រស់1 ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។ 2 កុំត្រាប់តាមលោកីយ៍នេះឡើយ ផ្ទុយទៅវិញ ចូរឲ្យបានផ្លាស់ប្រែដោយការកែគំនិតជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចសម្គាល់បានថា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ ជាទីគាប់ព្រះហឫទ័យ និងគ្រប់លក្ខណ៍។ ទៅជារូបកាយមួយ3 ខ្ញុំសូមប្រាប់ម្នាក់ៗក្នុងអ្នករាល់គ្នា ដោយព្រះគុណដែលបានប្រទានមកខ្ញុំថា កុំគិតពីខ្លួនឯងឲ្យខ្ពស់លើសជាងអ្វីដែលគួរគិតឡើយ ផ្ទុយទៅវិញ ចូរគិតដោយគំនិតមធ្យ័ត តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យម្នាក់ៗ។ 4 ដូចដែលយើងមានអវយវៈជាច្រើននៅក្នុងរូបកាយមួយ ហើយអវយវៈនីមួយៗមានតួនាទីខុសៗគ្នាយ៉ាងណា 5 យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយនៅក្នុងព្រះគ្រីស្ទ ហើយម្នាក់ៗជាអវយវៈនឹងគ្នាយ៉ាងនោះដែរ។ 6 យើងមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលបានប្រទានដល់យើង: បើសិនជាការថ្លែងព្រះបន្ទូល ក៏ចូរថ្លែងព្រះបន្ទូលតាមខ្នាតនៃជំនឿ; 7 បើសិនជាការបម្រើ ក៏ចូរបម្រើ; បើសិនជាអ្នកបង្រៀន ក៏ចូរបង្រៀន; 8 បើសិនជាអ្នកជំរុញទឹកចិត្ត ក៏ចូរជំរុញទឹកចិត្ត; អ្នកដែលចែកទាន ក៏ចូរធ្វើដោយចិត្តទូលាយ; អ្នកដែលនាំមុខ ក៏ចូរធ្វើដោយចិត្តខ្នះខ្នែង; អ្នកដែលមេត្តា ក៏ចូរធ្វើដោយចិត្តរីករាយចុះ។ ក្រមសីលធម៌របស់គ្រីស្ទាន9 សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។ 10 ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរនាំមុខក្នុងការគោរពគ្នាទៅវិញទៅមក។ 11 ចូរមានចិត្តខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ ចូរឆេះឆួលក្នុងវិញ្ញាណ ហើយបម្រើព្រះអម្ចាស់។ 12 ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។ 13 ចូររួមចំណែកផ្គត់ផ្គង់តម្រូវការរបស់វិសុទ្ធជន ទាំងខិតខំទទួលភ្ញៀវដោយរាក់ទាក់។ 14 ចូរឲ្យពរអ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំប្រទេចផ្ដាសាឡើយ។ 15 ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំសោកជាមួយអ្នកដែលយំសោក។ 16 ចូរមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក; កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរសេពគប់ជាមួយមនុស្សតូចទាប; កុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ។ 17 កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ; ចូរគិតគូរធ្វើការល្អនៅចំពោះមនុស្សទាំងអស់។ 18 ខាងឯអ្នករាល់គ្នា ចូរនៅសុខជាមួយមនុស្សទាំងអស់ ប្រសិនបើអាច។ 19 អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំសងសឹកដោយខ្លួនឯងឡើយ គឺចូរទុកឱកាសឲ្យព្រះពិរោធរបស់ព្រះអង្គវិញ ដ្បិតមានសរសេរទុកមកថា:“ព្រះអម្ចាស់មានបន្ទូលថា ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ”។ 20 ផ្ទុយទៅវិញ “ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេហូប; ប្រសិនបើគេស្រេក ចូរឲ្យគេផឹក; ធ្វើដូច្នេះ អ្នកនឹងពូនរងើកភ្លើងលើក្បាលរបស់គេ”។ 21 កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ផ្ទុយទៅវិញ ចូរឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ៕ |