ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។
ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសអ្នករាល់គ្នាឡើងរួចពីស្រុកអេស៊ីព្ទ ដរាបមកដល់សព្វថ្ងៃនេះ នោះយើងបាននិយាយយ៉ាងម៉ឺងម៉ាត់ដល់គេ ព្រមទាំងខ្នះខ្នែងប្រាប់គេ តាំងពីព្រលឹមស្រាងថា ចូរស្តាប់តាមពាក្យយើងចុះ។
ដ្បិតនៅថ្ងៃដែលអញបាននាំពួកព្ធយុកោឯងរាល់គ្នាឡើងរួចពីស្រុកអេស៊ីព្ទ ដរាបមកដល់សព្វថ្ងៃនេះ នោះអញបាននិយាយយ៉ាងម៉ឺងម៉ាត់ដល់គេ ព្រមទាំងខ្នះខ្នែងប្រាប់គេ តាំងពីព្រលឹមស្រាងថា ចូរស្តាប់តាមពាក្យអញចុះ
ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។
ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ព្រះអង្គ ឲ្យទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាប្រជារាស្ត្រ និងព្រះដំណាក់របស់ព្រះអង្គផ្ទាល់។
ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្ដាប់បទបញ្ជា និងកាន់តាមច្បាប់ទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាព្រះអម្ចាស់ដែលប្រោសឲ្យអ្នករាល់គ្នាជា»។
យើងបានចងសម្ពន្ធមេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា”។
ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស បុត្ររបស់ព្រះបាទអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំព្រះបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។
ព្រះអម្ចាស់បានចាត់ព្យាការីទាំងប៉ុន្មានដែលជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ឡើយ។
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វបុរសនោះ នាំចេញពីស្រុកអេស៊ីបទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្ដី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។
ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ ពួកគេពុំបានរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាព្រះអង្គឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
“ប្រាំពីរឆ្នាំម្ដង អ្នករាល់គ្នាត្រូវតែដោះលែងជនជាតិហេប្រឺ ដែលអ្នករាល់គ្នាទិញយកមកធ្វើជាទាសករ។ គេនៅបម្រើអ្នកប្រាំមួយឆ្នាំ បន្ទាប់មក ត្រូវដោះលែងគេឲ្យមានសេរីភាព” ។ ប៉ុន្តែ បុព្វបុរសរបស់អ្នករាល់គ្នាពុំស្ដាប់បង្គាប់យើងទេ គឺពួកគេពុំត្រងត្រាប់ស្ដាប់ពាក្យរបស់យើងឡើយ។
យ៉ូណាដាប់ ជាកូនរបស់រេកាប ហាមកូនចៅរបស់ខ្លួនមិនឲ្យផឹកស្រា ពួកគេក៏តមស្រារហូតមកដល់សព្វថ្ងៃ គឺពួកគេធ្វើតាមបង្គាប់បុព្វបុរសរបស់ខ្លួន។ រីឯយើងវិញ យើងរំឭកដាស់តឿនអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនស្ដាប់បង្គាប់យើងទេ។
យើងបានចាត់ព្យាការីទាំងប៉ុន្មាន ដែលជាអ្នកបម្រើរបស់យើង ឲ្យមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដីដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្ដី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ
ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។
បូជាចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជពង្សអ៊ីស្រាអែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ
កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្ដាប់ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ដូច្នេះ ខ្ញុំសូមជម្រាបបងប្អូន និងបញ្ជាក់ក្នុងព្រះនាមព្រះអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្តតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។
ចំណែកឯអ្នករាល់គ្នាវិញ ត្រូវកាន់ និងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា ដោយឥតបន្ថែម ឬបន្ថយអ្វីឡើយ»។
ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចូរស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ និងជំពាក់ចិត្តលើព្រះអង្គ។ ព្រះអង្គជាជីវិតរបស់អ្នក ព្រះអង្គប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក»។
អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមច្បាប់ និងវិន័យទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីក្រឹត្យវិន័យទាំងប៉ុន្មាន ពួកគេនឹងពោលថា ប្រជាជាតិដ៏ធំនេះពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។
ប្រសិនបើពួកគេមានចិត្តកោតខ្លាចយើងរហូត ហើយគោរពបទបញ្ជាទាំងប៉ុន្មានរបស់យើងជារៀងរាល់ថ្ងៃ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេ មុខជាមានសុភមង្គលដរាបតរៀងទៅ!
ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមច្បាប់ និងបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។
ចូរកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ និងគោរពកោតខ្លាចព្រះអង្គ»។
យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រិស្តថា សូមអញ្ជើញធ្វើការឲ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។
ដូច្នេះ ចូរស្ដាប់តាមពាក្យសម្ដីពួកគេឥឡូវនេះចុះ ប៉ុន្តែ ចូរព្រមានពួកគេយ៉ាងម៉ឺងម៉ាត់ជាមុន ព្រមទាំងពន្យល់ពួកគេថា ស្ដេចដែលនឹងសោយរាជ្យលើពួកគេនោះ មានសិទ្ធិយ៉ាងណាៗខ្លះ»។