ហេព្រើរ 12:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ ព្រះគម្ពីរខ្មែរសាកល តាមពិត អ្នករាល់គ្នាត្រូវសញ្ជឹងគិតអំពីព្រះអង្គដែលស៊ូទ្រាំនឹងការទាស់ទែងដល់ម្ល៉េះពីមនុស្សបាបដែលទាស់នឹងអង្គទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយហត់ និងអស់កម្លាំងក្នុងចិត្តឡើយ។ Khmer Christian Bible ដូច្នេះ ចូរពិចារណាអំពីព្រះអង្គដែលបានស៊ូទ្រាំនឹងការប្រឆាំងរបស់មនុស្សបាបទាស់នឹងព្រះអង្គចុះ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយណាយ និងបាក់ទឹកចិត្តឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរពិចារណាពីព្រះអង្គ ដែលបានស៊ូទ្រាំនឹងពួកមនុស្សបាប ដែលប្រព្រឹត្តទទឹងទទែងចំពោះព្រះអង្គយ៉ាងខ្លាំង ក្រែងលោអ្នករាល់គ្នាត្រូវនឿយណាយ ហើយរសាយចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងប្អូនគិតពីព្រះអង្គ ដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំឲ្យបងប្អូននឿយណាយ បាក់ទឹកចិត្តឡើយ។ អាល់គីតាប សូមបងប្អូនគិតពីអ៊ីសាដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងគាត់យ៉ាងខ្លាំងនោះទៅ ដើម្បីកុំឲ្យបងប្អូននឿយណាយបាក់ទឹកចិត្ដឡើយ។ |
ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី នឹងជ្រោងមនុស្សគ្រាកចិត្តឡើង ទ្រង់ដាស់ខ្ញុំរាល់តែព្រឹក គឺទ្រង់ដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ
ឯកូនមនុស្ស បានមកទាំងស៊ីទាំងផឹកផង គង់តែគេថា មើល នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់របស់ពួកយកពន្ធ នឹងមនុស្សមានបាប ប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត។
តែកាលពួកផារិស៊ីបានឮពាក្យនោះ គេក៏ឆ្លើយឡើងថា មនុស្សនេះដេញអារក្សបាន ដោយសារតែបេលសេប៊ូល ជាមេអារក្សទេ
ហេតុអ្វីបានជាពួកសិស្សលោកធ្វើខុសនឹងទំនៀមទំលាប់ ដែលពួកចាស់ទុំបានតាំងទុកពីបុរាណមកដូច្នេះ ដ្បិតកាលណាបរិភោគ នោះគេមិនលាងដៃសោះ
កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយ នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក
រួចគេរកហេតុនឹងចាប់ទ្រង់ ប៉ុន្តែគេខ្លាចហ្វូងមនុស្ស ពីព្រោះបណ្តាមនុស្សទាំងឡាយរាប់ទ្រង់ទុកជាហោរា។
កាលពួកផារិស៊ីបានចេញទៅ នោះគេពិគ្រោះគ្នាពីដំណើរយ៉ាងណានឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល
មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ ក្នុងផ្ទះនាម៉ឺនម្នាក់ ដែលជាពួកផារិស៊ី ពួកនោះក៏រិះគន់មើលទ្រង់
នោះពួកផារិស៊ី នឹងពួកអាចារ្យគេឌុកដាន់ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង
ឯពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ គេក៏បានស្តាប់គ្រប់សេចក្ដីទាំងនោះដែរ ហើយគេចំអកឲ្យទ្រង់
ស៊ីម្មានក៏ឲ្យពរ ហើយនិយាយទៅម៉ារា ជាមាតាទ្រង់ថា មើល បុត្រនេះបានតាំងឡើងសំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង
នោះពួកអាចារ្យ នឹងពួកផារិស៊ី ចាប់តាំងរិះគិតគ្នាថា តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ ក្រៅពីព្រះ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន
ក៏មានពួកគេជាច្រើននិយាយថា អ្នកនោះមានអារក្សចូលមែន ហើយក៏ឆ្កួតផង ហេតុអ្វីបានជាស្តាប់វា
កាលទ្រង់មានបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសំដេចសង្ឃយ៉ាងដូច្នេះឬ
ហេតុនោះបានជាពួកសាសន៍យូដា គេបៀតបៀនដល់ព្រះយេស៊ូវ ហើយរកសំឡាប់ទ្រង់ ដោយព្រោះទ្រង់ធ្វើការនោះ នៅថ្ងៃឈប់សំរាក
ហើយក្នុងហ្វូងមនុស្ស ក៏ឮខ្សឹបខ្សៀវពីដំណើរទ្រង់ជាច្រើន ខ្លះថា លោកជាមនុស្សល្អ ខ្លះទៀតថា ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ
នោះពួកផារិស៊ីទូលថា អ្នកធ្វើបន្ទាល់ពីខ្លួនអ្នក ដូច្នេះ សេចក្ដីបន្ទាល់របស់អ្នកមិនពិតទេ
ដូច្នេះ ពួកសាសន៍យូដាទូលថា ឥឡូវនេះ យើងដឹងជាប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ នឹងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យអ្នក នោះមិនដែលភ្លក់សេចក្ដីស្លាប់ នៅអស់កល្បរៀងទៅវិញ
ដូច្នេះ គេរើសថ្មនឹងចោលព្រះយេស៊ូវ តែទ្រង់បានបំបាំងដល់គេ រួចយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។
ពួកផារិស៊ី ដែលនៅជាមួយនឹងទ្រង់ បានឮពាក្យនោះ ក៏ទូលសួរថា តើយើងខ្ញុំខ្វាក់ដែរឬអី
បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។
ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្ដីមេត្តាករុណា ដែលយើងខ្ញុំទទួលមក
ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ
កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ
ចូរស្តាប់ ពួកអ៊ីស្រាអែលអើយ នៅថ្ងៃនេះ ឯងរាល់គ្នាចូលទៅតយុទ្ធនឹងខ្មាំងសត្រូវ ដូច្នេះកុំឲ្យមានចិត្តតក់ស្លុតឡើយ ក៏កុំឲ្យខ្លាច ឬញ័ររន្ធត់ ឬភ្ញាក់ផ្អើលនៅមុខគេឲ្យសោះ
ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ
តែអ្នករាល់គ្នាបានភ្លេចសេចក្ដីដំបូន្មានអស់រលីងទៅ ដែលទ្រង់បានទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនថា «កូនអើយ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ឡើយ ក៏កុំឲ្យរសាយចិត្តក្នុងកាលដែលទ្រង់បន្ទោសឯងដែរ
ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវ ជាសាវក នឹងជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ
កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ
ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ
សូមឲ្យតែអ្នករាល់គ្នាបានកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ ដោយស្មោះត្រង់ ហើយអស់អំពីចិត្តផងប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំវិសេសទាំងម៉្លេះ ដែលទ្រង់បានប្រោសដល់អ្នករាល់គ្នាហើយ