ដូច្នេះ ម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ាទូលថា បណ្តាជននេះបានធ្វើបាបធ្ងន់ណាស់ហើយ គឺគេបានធ្វើព្រះពីមាសសំរាប់ខ្លួនគេ
ដូច្នេះ លោកម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ា ហើយទូលថា៖ «ប្រជាជននេះបានប្រព្រឹត្តអំពើបាបធ្ងន់ណាស់ គឺពួកគេបានឆ្លាក់ធ្វើព្រះពីមាសសម្រាប់ខ្លួនគេ។
លោកម៉ូសេក៏ទៅគាល់ព្រះអម្ចាស់ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះ សម្រាប់ថ្វាយបង្គំ។
ម៉ូសាក៏ទៅជួបអុលឡោះតាអាឡា ហើយជម្រាបទ្រង់ថា៖ «អុលឡោះអើយ! ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះសម្រាប់ថ្វាយបង្គំ។
ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់សុចរិត ដ្បិតយើងខ្ញុំមានតែសំណល់ ដែលបានរួចប៉ុណ្ណោះទេ ដូចជាសព្វថ្ងៃនេះ មើល យើងខ្ញុំនៅចំពោះទ្រង់ មានជាប់ទាំងទោសផង ដ្បិតក្នុងអំពើយ៉ាងនេះ គ្មានអ្នកណានឹងឈរ នៅចំពោះទ្រង់បានឡើយ។
ទោះទាំងកាលដែលគេបានបណ្តាលទំនាស់ទ្រង់ជាខ្លាំង ដោយសិតធ្វើរូបកូនគោ ហើយនិយាយថា នេះជាព្រះរបស់យើង ដែលបាននាំយើងឡើងពីស្រុកអេស៊ីព្ទមកដូច្នេះក្តី
ប៉ុន្តែក្នុងសេចក្ដីទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ នោះទ្រង់សុចរិតទេ ដ្បិតទ្រង់បានប្រព្រឹត្តដោយស្មោះត្រង់ តែយើងខ្ញុំបានប្រព្រឹត្ត ដោយលាមកអាក្រក់វិញ
ដូច្នេះ មិនត្រូវឲ្យមានព្រះណាទៀត នៅជាមួយនឹងអញ ទោះទាំងព្រះធ្វើពីមាស ឬពីប្រាក់ ក៏មិនត្រូវធ្វើសំរាប់ខ្លួនឡើយ។
កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង
ដល់ថ្ងៃស្អែក ម៉ូសេក៏និយាយនឹងបណ្តាជនទាំងឡាយថា ឯងរាល់គ្នាបានធ្វើបាបយ៉ាងធ្ងន់ណាស់ តែអញនឹងឡើងទៅឯព្រះយេហូវ៉ាឥឡូវ ប្រហែលជាអញនឹងធ្វើយ៉ាងណាឲ្យធួននឹងបាប ដើម្បីឲ្យឯងរាល់គ្នាបានរួច
លោកក៏នៅទីនោះជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។
អើ ពួកអ៊ីស្រាអែលទាំងអស់គ្នាបានរំលងចំពោះក្រឹត្យវិន័យរបស់ទ្រង់ហើយ ក៏បែរចេញ ដើម្បីមិនឲ្យត្រូវស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះ សេចក្ដីបណ្តាសានេះត្រូវចាក់មកលើយើងខ្ញុំ ព្រមទាំងសេចក្ដីសម្បថដែលបានកត់ទុក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើនៃព្រះដែរ ពីព្រោះយើងខ្ញុំបានធ្វើបាបចំពោះទ្រង់
យើងខ្ញុំរាល់គ្នាបានធ្វើបាប បានប្រព្រឹត្តក្រវិចក្រវៀន គឺបានប្រព្រឹត្តអាក្រក់ ហើយបះបោរ ព្រមទាំងងាកបែរចេញពីក្រឹត្យក្រម នឹងបញ្ញត្តច្បាប់របស់ទ្រង់ផង
ឱព្រះអម្ចាស់អើយ សេចក្ដីជ្រប់មុខជារបស់ផងយើងខ្ញុំហើយ គឺរបស់ពួកស្តេច ពួកចៅហ្វាយ នឹងពួកឰយុកោនៃយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាបនឹងទ្រង់