កាឡាទី 3:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះគម្ពីរខ្មែរសាកល គ្មានជនជាតិយូដា ឬជនជាតិក្រិក គ្មានទាសករ ឬមនុស្សមានសេរីភាព គ្មានប្រុស ឬស្រីទៀតទេ ដ្បិតអ្នកទាំងអស់គ្នាបានរួមគ្នាតែមួយក្នុងព្រះគ្រីស្ទយេស៊ូវហើយ។ Khmer Christian Bible ដូច្នេះ ដោយព្រោះអ្នកទាំងអស់គ្នាបានត្រលប់ជាតែមួយនៅក្នុងព្រះគ្រិស្ដយេស៊ូ នោះគ្មានជនជាតិយូដា គ្មានជនជាតិក្រេក គ្មានបាវបម្រើ គ្មានអ្នកមានសេរីភាព ហើយក៏គ្មានប្រុស គ្មានស្រីទៀតដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ត្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រិស្តយេស៊ូ។ អាល់គីតាប ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។ |
ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ នឹងអ្នកគង្វាលតែ១វិញ
ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ
អ្នកទាំងនេះនៅក្នុងលោកីយ តែទូលបង្គំមិននៅក្នុងលោកីយទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ ដូចជាយើងដែរ
ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង
គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ
គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្តេចទៅ
ដ្បិតប្ដីដែលមិនជឿ នោះបានរាប់ជាស្អាតដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿក៏ដោយសារប្ដីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ
ព្រោះការកាត់ស្បែកមិនជាអ្វីទេ ឬដែលមិនកាត់ស្បែក នោះក៏មិនជាអ្វីដែរ តែដែលមានប្រយោជន៍ នោះគឺស្រេចនឹងកាន់តាមបញ្ញត្តរបស់ព្រះវិញ
ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ឲ្យយើងបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្ដីជំនឿ។
ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ
ហើយអ្នករាល់គ្នាមិនបានមើលងាយ ចំពោះសេចក្ដីល្បងក្នុងសាច់ឈាមខ្ញុំ ឬចោលខ្ញុំចេញ ដោយខ្ពើមនោះទេ គឺបានទទួលខ្ញុំ ទុកដូចជាទេវតានៃព្រះវិញ ហើយដូចជាព្រះយេស៊ូវគ្រីស្ទផង
ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្ដីរំជួល នឹងសេចក្ដីប៉ងប្រាថ្នាទាំងប៉ុន្មានផង
ពីព្រោះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែកឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ មានប្រយោជន៍តែសេចក្ដីជំនឿ ដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ
សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ
មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងសេចក្ដីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ
សំបុត្រប៉ុល នឹងធីម៉ូថេ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ យើងខ្ញុំផ្ញើមកពួកបរិសុទ្ធទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅក្រុងភីលីព ព្រមទាំងពួកអ្នកត្រួតត្រា នឹងពួកជំនួយផង
ដោយបានឮដំណាលពីសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទយេស៊ូវ ហើយពីសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាមានដល់ពួកបរិសុទ្ធទាំងអស់
ជាសណ្ឋានដែលគ្មានសាសន៍ក្រេក នឹងសាសន៍យូដា ការកាត់ស្បែក ហើយមិនកាត់ស្បែក មនុស្សប្រទេសដទៃ ឬជាតិមនុស្សព្រៃ បាវបំរើ ឬអ្នកជាផងនោះទេ គឺព្រះគ្រីស្ទ ទ្រង់ជាគ្រប់ទាំងអស់វិញ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង។
ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយព្រះហឫទ័យនៃព្រះ តាមសេចក្ដីសន្យាឲ្យបានជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ