សេចក្ដីផ្ដើម1 ប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាព្រះវរបិតានៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ 2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ការអរព្រះគុណ3 បងប្អូនអើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការត្រឹមត្រូវ ព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងតែចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។ 4 ហេតុនេះហើយបានជាយើងអួតអំពីអ្នករាល់គ្នា នៅក្នុងក្រុមជំនុំទាំងឡាយរបស់ព្រះ អំពីសេចក្ដីខ្ជាប់ខ្ជួន និងជំនឿរបស់អ្នករាល់គ្នា ទោះជាអ្នករាល់គ្នាត្រូវរងទ្រាំការបៀតបៀន និងទុក្ខលំបាកគ្រប់យ៉ាងក៏ដោយ។ ការជំនុំជម្រះនៅពេលព្រះគ្រីស្ទយាងមក5 នេះជាភស្តុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្ដិសមនឹងព្រះរាជ្យរបស់ព្រះ ដែលអ្នករាល់គ្នាកំពុងរងទុក្ខលំបាកដោយព្រោះព្រះរាជ្យនេះឯង។ 6 ដ្បិតនេះជាសេចក្ដីសុចរិតរបស់ព្រះ ដែលទ្រង់នឹងសងសេចក្ដីវេទនា ដល់អស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា 7 ហើយប្រោសប្រទានឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយយើងវិញ នៅពេលព្រះអម្ចាស់យេស៊ូវលេចមកពីស្ថានសួគ៌ ជាមួយពួកទេវតាដ៏មានឫទ្ធានុភាពរបស់ព្រះអង្គ 8 នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ 9 គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ 10 នៅពេលព្រះអង្គយាងមក ដើម្បីទទួលសិរីល្អក្នុងចំណោមពួកបរិសុទ្ធរបស់ព្រះអង្គ ហើយនៅថ្ងៃនោះ អស់អ្នកដែលជឿនឹងមានចិត្តស្ញប់ស្ញែង ព្រោះអ្នករាល់គ្នាបានជឿទីបន្ទាល់របស់យើង។ 11 ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងបានរាប់អ្នករាល់គ្នាជាស័ក្ដិសមនឹងការត្រាស់ហៅ ហើយឲ្យបានបំពេញគ្រប់ទាំងបំណងសម្រាប់ការល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយព្រះចេស្តារបស់ព្រះអង្គ 12 ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានតម្កើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏បានតម្កើងឡើងក្នុងព្រះអង្គដែរ តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ |
© 2016 United Bible Societies
Bible Society in Cambodia