ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 49

ភាព​ល្ងង់​ខ្លៅនៃ​ការ​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ!
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង។

1 ប្រជាជន​ទាំង​ឡាយ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ មនុស្ស​ទាំង‌ឡាយ​ក្នុង​ពិភព​លោក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ

2 គឺ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ទាំង​អ្នក​មាន ទាំង​ក្រ​គ្រប់​គ្នា

3 មាត់​ខ្ញុំ​នឹង​បញ្ចេញ​ប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​សញ្ជឹង​គិត​តែ​ពី គំនិត​ដែល​ត្រឹម​ត្រូវ។

4 ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​សុភាសិត ខ្ញុំ​នឹងដោះ​ប្រស្នា​របស់​ខ្ញុំ​តាម​សំឡេង​ស៊ុង។

5 ៙ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់ ពេល​ឃើញ​អំពើ​ទុច្ចរិត​នៃ​ពួក​អ្នក ដែល​ធ្វើ​ទុក្ខ​បៀត​បៀននៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ

6 និង​ពេល​ឃើញ​អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​របស់​ទ្រព្យ​របស់​ខ្លួន ហើយ​អួត‌អាង​អំពី​ទ្រព្យ‌សម្បត្តិ ដ៏​បរិបូរ​របស់​ខ្លួន?

7 ប្រាកដ​មែន គ្មាន​អ្នក​ណា​ម្នាក់ អាច​លោះ​ជីវិត​ខ្លួន​បាន​ឡើយ ក៏គ្មាន​តម្លៃ​ណា​ដែល​អាច​ថ្វាយ​ព្រះ ដើម្បី​លោះ​ជីវិត​ខ្លួន​បាន​ដែរ

8 ដ្បិត​តម្លៃ​លោះជីវិត នោះ​ថ្លៃ​ណាស់ គ្មាន​អ្វី​អាច​នឹង​លោះ​ឲ្យ​ល្មម

9 ដើម្បី​ឲ្យ​គេ​បាន​រស់​នៅ​រហូត ហើយ​មិន​ឃើញ​រណ្ដៅ​មរណៈ​បាន​ឡើយ។

10 ៙ ដ្បិត​គេ​ឃើញ​ហើយ​ថា សូម្បីតែ​អ្នក​ប្រាជ្ញ​ក៏​ស្លាប់​ដែរ មនុស្ស​ល្ងង់ និង​មនុស្ស​ខ្លៅ​វិនាស​ទៅ​ដូច​គ្នា ហើយ​ទុក​ចោល​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ឲ្យ​អ្នក​ដទៃ។

11 គេ​គិត​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ នឹង​នៅ​ស្ថិត​ស្ថេរ​ជា‌និច្ច ទី​លំនៅ​របស់​គេ​នឹង​ធន់​នៅ​គ្រប់​ជំនាន់ ក៏​ដាក់​ឈ្មោះដី​ធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ទៀត​ផង។

12 ប៉ុន្តែ មនុស្ស​មិន​ស្ថិត​ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាសទៅ។

13 ៙ នេះ​ហើយ​ជា​អនាគត​របស់​មនុស្ស​ល្ងង់​ខ្លៅ និង​អស់​អ្នក​ដែល​ចូល​ចិត្ត នឹង​គំនិត​របស់​គេ។ –បង្អង់

14 គេ​ដូច​ជា​ចៀម​ដែល​តម្រង់​ទៅ​រក ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ សេចក្ដី​ស្លាប់​នឹង​ធ្វើ​ជា​គង្វាល​របស់​គេ ហើយ​មនុស្ស​ទៀង​ត្រង់ នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​កាយ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ។

15 ប៉ុន្តែ ព្រះ​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​ព្រះ‌អង្គ​នឹង​ទទួល​ខ្ញុំ។ –បង្អង់

16 ៙ កុំ​ភ័យ​ខ្លាច ពេលអ្នក​ណា​ម្នាក់​មាន​ស្ដុក​ស្ដម គឺ​នៅ​ពេល​ដែល​ភាព​រុង​រឿង​របស់​គេ ចេះ​តែ​ចម្រើន​ឡើង។

17 ដ្បិត​កាល​គេ​ស្លាប់​ទៅ គេមិន​អាច​យក​អ្វី​ទៅ​បាន​ទេ ហើយ​ភាព​រុង​រឿង​របស់​គេ នឹង​មិន​ចុះ​ទៅ​តាម​គេ​ដែរ។

18 ទោះ​បើ​អ្នក​នោះ​រាប់​ខ្លួន​ថា​មាន​ពរ ក្នុង​កាល​ដែល​គេ​នៅ​រស់​នៅ​ឡើយ ហើយ​ទោះ​បើ​មាន​មនុស្ស​សរសើរ ពេល​គេ​បាន​ចម្រុង​ចម្រើន​ក៏​ដោយ

19 ក៏​គង់​តែ​នឹង​ទៅ​តាម​ពួក​ដូន​តា​របស់​ខ្លួន ដែល​នឹង​លែង​ឃើញ​ពន្លឺ​ទៀត​ឡើយ។

20 មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ តែ​ឥត​មាន​យោបល់ ប្រៀប​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​វិនាស។

© 2016 United Bible Societies

Bible Society in Cambodia