ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ពង្សាវ‌តារ‌ក្សត្រ 24 - អាល់គីតាប អាល់គីតាប
២ ពង្សាវ‌តារ‌ក្សត្រ 24

1 ក្នុង​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ស្តេច​យេហូ‌យ៉ាគីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្តេច​ស្រុក​បាប៊ី‌ឡូន​អស់​រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក​ស្តេច​យេហូ‌យ៉ាគីម ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​បាប៊ី‌ឡូន។

2 គ្រា​នោះអុលឡោះ‌តាអាឡា​ចាត់​ពួក​ចោរ​ព្រៃ ជា​ជន‌ជាតិ​ខាល់‌ដេ ជន‌ជាតិ​ស៊ីរី ជន‌ជាតិ​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន ឲ្យ​ប្រឆាំង​នឹង​ស្តេច​យេហូ‌យ៉ាគីម។ គាត់​ចាត់​ពួក​គេ​ឲ្យ​មក​បំផ្លាញ​ស្រុក​យូដា ស្រប​តាម​បន្ទូល​ដែល​អុលឡោះ​បាន​ថ្លែង​តាម​រយៈ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​ទ្រង់។

3 អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្តេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ស្តេច​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត។

4 ហើយ​គាត់​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ដូច្នេះអុលឡោះ‌តាអាឡា​មិន​អត់​ទោស​ឲ្យ​ឡើយ។

5 កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យេហូ‌យ៉ាគីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

6 កាល​ស្តេច​យេហូ‌យ៉ាគីម​ស្លាប់ ស្តេច​យ៉ូ‌យ៉ា‌គីន​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។

7 ស្តេច​ស្រុក​អេស៊ីប​មិន​ហ៊ាន​ចាក‌ចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្តេច​ស្រុក​បាប៊ី‌ឡូន ដណ្តើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺ‌ប្រាត។

ស្តេច​យ៉ូ‌យ៉ា‌គីន​សោយ​រាជ្យ​លើ​ស្រុក​យូដា

8 កាល​ស្តេច​យ៉ូ‌យ៉ា‌គីន​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ដប់‌ប្រាំ‌បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​គាត់​មាន​ឈ្មោះ​ថា នេ‌ហ៊ូស‌ថា ជា​កូន​របស់​លោក​អែល‌ណា‌ថាន អ្នក​ក្រុង​យេរូ‌សាឡឹម។

9 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ដូច​បិតា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

10 នៅ​គ្រា​នោះ កង‌ទ័ព​របស់​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ។

11 ក្នុង​ពេល​ដែល​កង‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​នោះ ស្តេច​នេប៊ូ‌ក្នេសារ​បាន​មក​បញ្ជា​កង‌ទ័ព​ដោយ​ផ្ទាល់។

12 ពេល​នោះ ស្តេច​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​ម្តាយ ពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហា‌តលឹក ចេញ​មក​សុំ​ចុះ​ចាញ់​ស្តេច​ស្រុក​បាប៊ី‌ឡូន។ ស្តេច​ស្រុក​បាប៊ី‌ឡូន​ចាប់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្តេច​ផ្ទាល់។

13 ស្តេច​ស្រុក​បាប៊ី‌ឡូន​រឹប‌អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង គាត់​វាយ​កំទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​ធ្វើ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា។ ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​ទុក។

14 ស្តេច​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ​ម៉ឺន​នាក់​យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ប្រជា‌ជន​តូច‌តាច​ប៉ុណ្ណោះ។

15 ស្តេច​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ស្តេច​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​ម្តាយ ប្រពន្ធ ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ី‌ឡូន។

16 ស្តេច​បាន​កៀរ​ពួក​អភិជន​ចំនួន​ប្រាំ​ពីរ​ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្ប‌ករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន​ផង​ដែរ។

17 ស្តេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​សម្តេច​ម៉ាថា‌នា ជា​ពូ​របស់​ស្តេច​យ៉ូ‌យ៉ា‌គីន ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​ឈ្មោះ​ថា ស្តេច​សេដេគា។

ស្តេច​សេ‌ដេ‌គា​សោយ​រាជ្យ​លើ​ស្រុក​យូដា

18 ពេល​ស្តេច​សេ‌ដេ‌គា​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ម្ភៃ​មួយ​ឆ្នាំ។ ស្តេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម ម្តាយ​របស់​ស្តេច​មាន​ឈ្មោះ​ថា​ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លីប‌ណា។

19 ស្តេច​សេ‌ដេ‌គា​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ដូច​ស្តេច​យេហូ‌យ៉ាគីម​ដែរ។

20 ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន មក​ពីអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា។ ទ្រង់​បោះ‌បង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies