ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ពង្សាវ‌តារ‌ក្សត្រ 4 - អាល់គីតាប អាល់គីតាប
១ ពង្សាវ‌តារ‌ក្សត្រ 4

នាម៉ឺន​មន្ត្រី​របស់​ណាពី​ស៊ូឡៃ‌ម៉ាន

1 ស្តេច​ស៊ូឡៃ‌ម៉ាន​គ្រង​រាជ្យ លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។

2 មន្ត្រី​ជាន់​ខ្ពស់​របស់​គាត់​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​អសារា ជា​កូន​របស់​អ៊ីមុាំ​សាដុក

3 លោក​អេលី‌ហូរែប និង​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីសា ជា​លេខា‌ធិការ។ លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស៊ូឡៃ‌ម៉ាន។

4 លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា‌ការ​របស់​កង‌ទ័ព អ៊ីមុាំ​សាដុក និង​លោក​អបៀ‌ថើរ​ជា​អ៊ីមុាំ។

5 លោក​អសារា ជា​កូន​របស់​ណាថាន់ ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិ‌ភូ។ លោក​សាប៊ូដ ជា​កូន​របស់​ណាថាន​ជា​អ៊ីមុាំ និង​ជា​មន្ត្រី​ជំនិត​របស់​ស៊ូឡៃ‌ម៉ាន។

6 លោក​អហ៊ីសា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រាជ‌វាំង។ លោក​អដូ‌នីរ៉ាម ជា​កូន​របស់​លោក​អាប់‌ដា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។

7 ស្តេច​ស៊ូឡៃ‌ម៉ាន​តែង‌តាំង​រាជ‌ប្រតិ‌ភូ​ដប់‌ពីរ​នាក់ ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល អស់​លោក​ទាំង​នោះ មាន​ភារកិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ជូន​គាត់ និង​អស់​អ្នក​នៅ​ក្នុង​វាំង គឺ​ម្នាក់ៗ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ។

8 រាជ‌ប្រតិ‌ភូ​ទាំង​នោះ​មាន​រាយ​នាម​ដូច​ត​ទៅ: កូន​របស់​លោក​បេន-ហ៊ើរ​គ្រប់‌គ្រង​លើ​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម។

9 កូន​របស់​លោក​បេន-‌ដេកើរ គ្រប់‌គ្រង​លើ​តំបន់​ម៉ាកាស ស្អាល‌ប៊ីម បេត‌សេ‌ម៉េស ហេឡូន និង​បេត‌ហា‌ណាន។

10 កូន​របស់​លោក​បេន-‌ហេសេឌ​គ្រប់‌គ្រង​លើ​តំបន់​អារូ‌បូត ព្រម​ទាំង​ស្រុក​សូកូ និង​ស្រុក​អេភើរ​ទាំង​មូល។

11 កូន​របស់​លោក​បេន-‌អប៊ី‌ណា‌ដាប់ គ្រប់‌គ្រង​លើ​ស្រុក​ដោរ​ទាំង​មូល លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ នាង​ថាផាត ជា​បុត្រី​ស្តេច​ស៊ូឡៃ‌ម៉ាន។

12 លោក​បាណា ជា​កូន​របស់​លោក​អហ៊ី‌លូដ គ្រប់‌គ្រង​លើ​តំបន់​តាណាក់ និង​មេគី‌ដោរ ព្រម​ទាំង​តំបន់​បេត‌សៀន​ទាំង​មូល។ តំបន់​បេត‌សៀន​មាន​ព្រំ​ប្រទល់​រហូត​ដល់​សារថាន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យេស‌រាល។ តំបន់​នេះ​លាត​សន្ធឹង​ពី​បេតសៀន រហូត​ដល់​អេបិល-មហូឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យ៉ុក‌មាម។

13 កូន​របស់​លោក​បេន-កេប៊ើរ គ្រប់‌គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ នៅ​ស្រុក​កាឡាដ និង​តំបន់​អើកុប​ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទី‌ក្រុង​មាន​កំពែង​ដ៏​រឹង‌មាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។

14 លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដោ គ្រប់‌គ្រង​លើ​តំបន់​ម៉ាហា‌ណែម។

15 លោក​អហ៊ី‌ម៉ាស់ គ្រប់‌គ្រង​លើ​ទឹក​ដី​ណែប‌ថា‌លី។ លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​នាង​បាស‌មាត ជា​បុត្រី​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។

16 លោក​បាណា ជា​កូន​របស់​លោក​ហ៊ូសាយ គ្រប់‌គ្រង​លើ​ទឹក​ដី​អេ‌ស៊ើរ និង​អាឡុត។

17 លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​បារូអា គ្រប់‌គ្រង​លើ​ទឹក​ដី​អ៊ីសា‌ខារ។

18 លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​អេឡា គ្រប់‌គ្រង​លើ​ទឹក​ដី​ពុន‌យ៉ាមីន។

19 លោក​កេ‌ប៊ើរ ជា​កូន​របស់​លោក​អ៊ូរី គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ស្តេច​នៃ​ជន‌ជាតិ​អាម៉ូ‌រី និង​ស្រុក​របស់​ស្តេច​អុក ស្តេច​ស្រុក​បាសាន។ ក្នុង​តំបន់​នេះ​ទាំង​មូល​មាន​រាជ​ប្រតិ‌ភូ តែ​ម្នាក់​ប៉ុណ្ណោះ។

20 ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រ‌អែល​មាន​ចំនួន​ច្រើន​ឥត​គណនា​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​គេ​មាន​ស្បៀង​អាហារ​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីក‌រាយ។

21 ស្តេច​ស៊ូឡៃ‌ម៉ាន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន​ចាប់​ពី​ទន្លេ​អឺ‌ប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ​ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារ​អាករ​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​នៅ​ជា​ចំណុះ​គាត់​រហូត​ដល់​គាត់​ស្លាប់។

22 ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ សម្រាប់​ផ្គត់‌ផ្គង់​ក្នុង​វាំង​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​ដូច​ត​ទៅ: ម្សៅ​ម៉ដ្ឋ​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន

23 គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ​រយ​ក្បាល ព្រម​ទាំង​សត្វ​ផ្សេងៗ​ជា​ច្រើន​ទៀត ដូច​ជា​ប្រើស ឈ្លូស ក្តាន់ និង​មាន់​ទា​បំប៉ន។

24 ស៊ូឡៃ‌ម៉ាន​ត្រួត‌ត្រា​លើ​ទឹក​ដី​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺ‌ប្រាត ចាប់​ពី​ក្រុង​ធីព‌សា​រហូត​ដល់​ក្រុង​កាសា។ ស្តេច​ទាំង​ប៉ុន្មាន​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺ‌ប្រាត ស្ថិត​នៅ​ក្រោម​អំណាច​ស្តេច​ស៊ូឡៃ‌ម៉ាន​ទាំង​អស់។ ពេល​នោះ​មាន​សុខ​សន្តិ‌ភាព​គ្រប់​ទិស‌ទី។

25 ក្នុង​រជ្ជកាល​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រ‌អែល ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេ‌បា រស់​នៅ​ដោយ​សុខ‌សាន្ត ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ​របស់​ខ្លួន។

26 ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សេះ​បួន​ម៉ឺន​ក្បាល សម្រាប់​ទឹម​រទេះ​ចំបាំង និង​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​ក្បាល​ទៀត​សម្រាប់​ពល​ទ័ព​សេះ។

27 រៀង​រាល់​ខែ មាន​ប្រតិ‌ភូ​ម្នាក់ ទទួល​ភារកិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ស្តេច​ស៊ូឡៃ‌ម៉ាន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​គាត់។ ប្រតិ‌ភូ​ទាំង​នោះ​ពុំ​បាន​ឲ្យ​ស្តេច​ខ្វះ​ខាត​អ្វី​ឡើយ។

28 ប្រតិ‌ភូ​ទាំង​នោះ​ផ្តល់​ស្រូវ និង​ចំបើង​សម្រាប់​សេះ ព្រម​ទាំង​សត្វ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនិះ នៅ​តាម​កន្លែង​ដែល​គេ​ត្រូវ​ការ ដូច​ស៊ូឡៃ‌ម៉ាន​បាន​កំណត់​ទុក។

ប្រាជ្ញា‌ញាណ​របស់​ណាពី​ស៊ូឡៃ‌ម៉ាន

29 អុលឡោះ​ប្រទាន​ប្រាជ្ញា និង​សុភ‌និច្ឆ័យ​យ៉ាង​លើស‌លប់​ដល់​ស៊ូឡៃ‌ម៉ាន ធ្វើ​ឲ្យ​គាត់​មាន​ការ​យល់​ដឹង​ទូលំ‌ទូលាយ ដូច​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។

30 គាត់​មាន​ប្រាជ្ញា​ឈ្លាស‌វៃ លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។

31 គាត់​មាន​ប្រាជ្ញា​លើស​មនុស្ស​ផង​ទាំង​ពួង គឺ​លើស​លោក​អេថាន ពី​អំបូរ​សេរ៉ា‌គីត លោក​ហេ‌ម៉ាន ព្រម​ទាំង​លោក​កាល់‌កូល និង​លោក​ដារ‌ដា ជា​កូន​របស់​លោក​ម៉ាហូល។ កិត្តិ‌នាម​របស់​គាត់​ល្បី​សុស‌សាយ រហូត​ដល់​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។

32 ស្តេច​ស៊ូឡៃ‌ម៉ាន​ថ្លែង​សុភាសិត បី​ពាន់​ឃ្លា និង​តែង​ចំរៀង​មួយ​ពាន់​ប្រាំ​បទ។

33 គាត់​រៀប​រាប់​អំពី​រុក្ខ‌ជាតិ​គ្រប់​ប្រភេទ តាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​តាម​កំពែង។ គាត់​រៀប​រាប់​អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង​ដែរ។

34 ស្តេច​ទាំង‌ឡាយ​នៅ​លើ​ផែនដី បាន​ឮ​គេ​និយាយ​អំពី​ប្រាជ្ញា​ញាណ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ក៏​ចាត់​មនុស្ស‌ម្នា​ពី​គ្រប់​ជាតិ​សាសន៍ ឲ្យ​មក​ស្តាប់​គតិ‌បណ្ឌិត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។

© 2014 United Bible Societies, UK.

United Bible Societies