ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូអែល 2 - អាល់គីតាប អាល់គីតាប
យ៉ូអែល 2

ថ្ងៃ​របស់​អុលឡោះ

1 ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ របស់​អុលឡោះ​! ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់! ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។

2 ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លប់ ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ចាំង​មក​លើ​ភ្នំ។ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។

3 នៅ​ពី​មុខ​ពួក​វា មាន​ដូច​ជា​ភ្លើង​ឆាប‌ឆេះ នៅ​ពី​ក្រោយ មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែល ឆេះ​បំផ្លាញ​ទាំង​អស់ នៅ​មុខ​ពួក​វា ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែន លុះ​ពួក​វា​ឆ្លង​ផុត ស្រុក​នោះ​ប្រៀប​ដូច​ជា វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង គឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។

4 ពួក​វា​ប្រៀប​បី​ដូច​ជា​ទ័ព​សេះ ពួក​វា​បោល​ទៅ​មុខ​ដូច​កង‌ពល​សេះ

5 សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចំបាំង ដែល​បោះ‌ពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។ សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាប‌ឆេះ​ចំបើង។ ពួក​វា​ប្រៀប​បី​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ តំរៀប​គ្នា​ចូល​ប្រយុទ្ធ។

6 ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វា មនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។

7 ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់‌អាច ពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចំបាំង​ដ៏​ពូកែ ម្នាក់ៗ​សំរុក​ទៅ​មុខ ដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។

8 គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ គឺ​ម្នាក់ៗ​សំរុក​ទៅ​មុខ​យ៉ាង​ត្រង់ ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយ ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។

9 ពួក​វា​សំរុក​ចូល​ទៅ​ក្នុង​ទីក្រុង រត់​នៅ​លើ​កំពែង​ក្រុង ឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានា ដូច​ចោរ​ចូល​លួច។

10 ផែនដី​ញ័រ​នៅ​មុខ​ពួក​វា ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មី ហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។

11 អុលឡោះ‌តាអាឡា​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ទ្រង់ ដែល​មាន​ចំនួន​ច្រើន​លើស‌លប់ និង​ខ្លាំង​ពូកែ។ ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ទ្រង់ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​ជា​ថ្ងៃ​ដ៏​មហិមា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច គ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។

ការ​កែ​ប្រែ​ចិត្ត​គំនិត ដោយ​តម​អាហារ

12 «ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា

13 ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​ពេញ​ចិត្ត​ដាក់​ទោស​ទេ។

14 ដូច្នេះ ប្រហែល​ជា​ទ្រង់​លែង​ដាក់​ទោស អ្នក​រាល់​គ្នា ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

15 ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​យ៉ាង​ឱឡា‌រិក!

16 ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ! ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់!

17 ចូរ​ឲ្យ​ក្រុម​អ៊ីមុាំ​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ និង​អាសនៈ ទាំង​ពោល​ថា: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផង! សូម​កុំ​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃ ប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ត្រ របស់​ទ្រង់​ផ្ទាល់​នោះ​ឡើយ។ សូម​កុំ​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ ពោល​ថា “តើ​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ​នៅ​ឯ​ណា”?។

បន្ទូល​សន្យា​របស់​អុលឡោះ

18 អុលឡោះ‌តាអាឡា​មាន​ចិត្ត​ស្រឡាញ់​ស្រុក របស់​ទ្រង់​ខ្លាំង​ណាស់ ទ្រង់​អាណិត‌អាសូរ​ប្រជា‌ជន​របស់​ទ្រង់។

19 អុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា‌អង្វរ របស់​ពួក​គេ ទ្រង់​មាន​បន្ទូល​មក​ពួក​គេ​ថា: «មើល៍! យើង​នឹង​ផ្ដល់​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បាន​សម្បូណ៌​ហូរ‌ហៀរ យើង​នឹង​មិន​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ឲ្យ ប្រជា‌ជាតិ​ដទៃ​ប្រមាថ​មាក់‌ងាយ​ឡើយ។

20 យើង​បណ្ដេញ​ខ្មាំង​សត្រូវ​ដែល​មក​ពី​ស្រុក ខាង​ជើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា យើង​នឹង​កំចាត់​ពួក​គេ​ឲ្យ​ទៅ​នៅ វាល​រហោ‌ស្ថាន​ដ៏​ស្ងួត​ហួត‌ហែង។ យើង​នឹង​បោះ​ជួរ​ទ័ព​របស់​គេ​ដែល​នៅ​ខាង​មុខ ទៅ​ក្នុង​សមុទ្រ​ខាង​កើត ហើយ​ជួរ​ទ័ព​ដែល​នៅ​ខាង​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច។ សាក‌សព​របស់​ពួក​គេ​នឹង​ចោល​ក្លិន​អសោច ក្លិន​សំអុយ​របស់​ពួក​គេ​ក៏​សាយ​ឡើង​ដែរ ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃ‌ផ្សៃ​បំផុត»។

21 ទឹក​ដី​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី ចូរ​ត្រេក​អរ​សប្បាយ​រីក‌រាយ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​បំផុត!

22 សត្វ​ព្រៃ​ទាំង‌ឡាយ​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី ដ្បិត​វាល​ស្មៅ​នឹង​មាន​ស្មៅ​ដុះ​ខៀវ​ខ្ចី​ឡើង​វិញ ដើម​ឈើ​នឹង​មាន​ផ្លែ ហើយ​ដើម​ឧទុម្ពរ និង​ចម្ការ​ទំពាំង‌បាយជូរ ក៏​បង្កើត​ភោគ‌ផល​ឡើង​វិញ​ដែរ។

23 អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ! ទ្រង់​បង្អុរ​ភ្លៀង​មក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ ដូច​កាល​ពី​មុន​ដែរ។

24 លាន​បោក​ស្រូវ​នឹង​មាន​ពោរ‌ពេញ​ដោយ ស្រូវ​ឡើង​វិញ ហើយ​ពាង​ក៏​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ពេញ​ហូរ‌ហៀរ​ឡើង​វិញ​ដែរ។

25 រីឯ​ភោគ‌ផល​របស់​អ្នក​រាល់​គ្នា ខាត​បង់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល យើង​ចាត់​ហ្វូង​កណ្ដូប ចង្រិត ដង្កូវ និង​ក្រា ដូច​កង‌ទ័ព​មួយ​យ៉ាង​ធំ ឲ្យ​មក​ស៊ី​បង្ហិន យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ។

26 អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ យ៉ាង​ឆ្អែត​បរិបូណ៌ រួច​អ្នក​រាល់​គ្នា​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ សម្រាប់​អ្នក​រាល់​គ្នា។ ពេល​នោះ ប្រជា‌រាស្ត្រ​របស់​យើង នឹង​លែង​អាម៉ាស់​មុខ​ទៀត​ហើយ។

27 អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល យើង​ជា​អុលឡោះ ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ទេ ពេល​នោះ ប្រជា‌ជន​របស់​យើង នឹង​លែង​អាម៉ាស់​ទៀត​ហើយ។

អុលឡោះ​ចាក់​បង្ហូរ​រស​របស់​ទ្រង់​លើ​មនុស្ស​ទាំង​អស់

28 អុលឡោះ​មាន​បន្ទូល​ថា: ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ​រស​របស់​យើង មក​លើ​មនុស្ស​លោក​ទាំង​អស់។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​បន្ទូល​យើង ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។

29 ក្រោយ​មក សូម្បី​តែ​អ្នក​បម្រើ​ប្រុស​ស្រី ក៏​យើង​នឹង​ចាក់​បង្ហូរ​រស​របស់​យើង ទៅ​លើ​ពួក​គេ​ដែរ។

30 យើង​នឹង​សំដែង​អំណាច នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​មាន​ឈាម មាន​ភ្លើង និង​កំសួល​ផ្សែង។

31 ពេល​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​មក​ដល់ គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។

32 ពេល​នោះ អ្នក​ណា​អង្វរ​រក​នាម អុលឡោះ‌តាអាឡា អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្ត‌រាយ ដូចអុលឡោះ‌តាអាឡា​បាន​សន្យា​ទុក។ អស់​អ្នក​ដែលអុលឡោះ‌តាអាឡា​ត្រាស់​ហៅ នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។

© 2014 United Bible Societies, UK.

United Bible Societies