អុលឡោះអើយ យើងខ្ញុំត្រូវតែសរសើរតម្កើងទ្រង់បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ ចំរៀងតម្កើងអុលឡោះ។ 1 ឱអុលឡោះអើយ យើងខ្ញុំត្រូវតែសរសើរតម្កើងទ្រង់ នៅក្រុងស៊ីយ៉ូន ហើយជូនជំនូន តាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះទ្រង់។ 2 ទ្រង់តែងតែស្ដាប់ពាក្យទូរអាអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកទ្រង់ទាំងអស់គ្នា។ 3 កំហុសរបស់ខ្ញុំធ្ងន់ធ្ងរណាស់ មានតែទ្រង់ទេ ដែលលើកលែងទោសឲ្យយើងខ្ញុំបាន។ 4 មានសុភមង្គលហើយអស់អ្នក ដែលទ្រង់ជ្រើសរើស ហើយនាំចូលមករស់នៅក្នុងទីសក្ការៈ របស់ទ្រង់។ យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលពរ នៅក្នុងដំណាក់របស់ទ្រង់ គឺនៅក្នុងម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់។ 5 ឱអុលឡោះជាម្ចាស់សង្គ្រោះយើងខ្ញុំអើយ ទ្រង់ប្រកបដោយសេចក្ដីសុចរិត ទ្រង់បានឆ្លើយតបមកយើងខ្ញុំ ដោយសំដែងអំណាចគួរឲ្យស្ញែងខ្លាច ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល នៃផែនដី និងនៅខាងនាយសមុទ្រ នឹងនាំគ្នាផ្ញើជីវិតលើទ្រង់! 6 ទ្រង់បានពង្រឹងភ្នំទាំងឡាយឲ្យរឹងមាំ ដោយសារអំណាចរបស់ទ្រង់ ទ្រង់ប្រកបទៅដោយអំណាច។ 7 ទ្រង់បានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ទ្រង់ក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។ 8 អស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីនឹងនាំគ្នាស្ញែងខ្លាច ដោយឃើញទីសំគាល់ដ៏អស្ចារ្យរបស់ទ្រង់ ទ្រង់បានធ្វើឲ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច មានអំណរសប្បាយដ៏លើសលប់។ 9 ទ្រង់ថែទាំផែនដី ដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌ ទ្រង់ប្រទានឲ្យផែនដីមានភោគផល ដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូរបស់ទ្រង់ មានពោរពេញទៅដោយទឹក ទ្រង់ប្រទានស្រូវឲ្យមនុស្សលោក ដោយរៀបចំដូចតទៅនេះ 10 គឺទ្រង់ស្រោចស្រពស្រែចម្ការ ទ្រង់ធ្វើឲ្យដីដាំដំណាំបានរាបស្មើ ទ្រង់បានធ្វើឲ្យទឹកភ្លៀង ដក់នៅតាមវាលស្រែ ហើយទ្រង់ប្រទានពរឲ្យគ្រាប់ពូជ ទាំងឡាយដុះឡើង។ 11 នៅរដូវចម្រូត ទ្រង់ប្រទានស្រូវ ដែលជាអំណោយទានដ៏សប្បុរសបំផុត។ ទីណាដែលទ្រង់ទៅ ទីនោះមានភោគផលដ៏ហូរហៀរ។ 12 រីឯនៅវាលរហោស្ថាន ក៏មានស្មៅដ៏បរិបូណ៌ ហើយនៅតាមភ្នំនានា ក៏មានពោរពេញទៅដោយអំណរដែរ។ 13 វាលស្មៅពោរពេញទៅដោយហ្វូងចៀម ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់!។ |
© 2014 United Bible Societies, UK.
United Bible Societies